សាលាឧទ្ធរណ៍ ព្រមបំបែកសំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់ ពាក់ព័ន្ធនឹងករណីហិង្សាលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ជាបីសំណុំរឿង តាមបណ្ដឹងរបស់ជនជាប់ចោទ។
ក្នុងសវនាការសុំនៅក្រៅឃុំនៅព្រឹកថ្ងៃទី១៧ ខែមីនា សាលាឧទ្ធរណ៍ បដិសេធមិនឲ្យ លោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺឡើយ។ ចំណែកសំណុំរឿងពីរទៀត នៅមិនទាន់សម្រេចយ៉ាងណានៅឡើយ ដោយលើកទៅពេលក្រោយ។ អង្គការសង្គមស៊ីវិលចាត់ទុកថា សំណុំរឿងនេះ គឺជារឿងនយោបាយ។ ដូច្នេះ បើស្ថានការណ៍នយោបាយឡើងកម្តៅដោយគ្មានការចរចាទេនោះ សកម្មជនបក្សប្រឆាំងក៏គ្មានវាសនាមានសេរីភាពវិញដែរ។
សំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់ ពាក់ព័ន្ធនឹងហិង្សាលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ ហាក់មានបញ្ហាផ្លូវច្បាប់ស្មុគស្មាញច្រើនពេលឡើងមកដល់សាលាឧទ្ធរណ៍។
ការបើកសវនាការនៅសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៧ ខែមីនា គឺក្នុងបំណងសម្រេចលើអង្គសេចក្តី ពាក់ព័ន្ធនឹងបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមដាក់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ក៏ប៉ុន្តែមេធាវីជនជាប់ចោទ បានទាមទារឲ្យបំបែកសំណុំរឿងនេះជាបី។ សំណុំរឿងទី១ ពាក់ព័ន្ធនឹងបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសាលាដំបូង ដែលហាមមិនឲ្យសកម្មជនទាំង ១១នាក់នោះចេញទៅក្រៅប្រទេស។ បណ្ដឹងទី២ សុំមោឃភាពនីតិវិធីសាលាដំបូងដោយសំអាងថា ការកាត់ក្តីរបស់សាលាដំបូងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ខុសនីតិវិធី ព្រោះគ្មានមេធាវីជនជាប់ចោទចូលរួម និងបណ្ដឹងឧទ្ធរណ៍ទី៣ ប្រឆាំងសាលក្រមដែលដាក់ទោសអ្នកទាំង ១១នាក់នោះជាប់ពន្ធនាគារចាប់ពី ៧ឆ្នាំទៅ ២០ឆ្នាំ។ នេះបើតាមសម្ដីមេធាវីជនជាប់ចោទ គឺលោក ជូង ជូងី៖ « ដំបូងនេះ គឺសាលាឧទ្ធរណ៍គេសម្រេចបំបែកសំណុំរឿងដែលយើងប្ដឹងប្រឆាំងនឹងសាលក្រម ដែលហាមឃាត់ជនជាប់ចោទត្រូវចេញទៅក្រៅប្រទេសនេះ គឺបំបែករឿងនេះមួយតែឯង ហើយបានជំនុំជម្រះពាក់ព័ន្ធបណ្ដឹងឧទ្ធរណ៍របស់ លោក មាជ សុវណ្ណារ៉ា ប្រឆាំងសាលក្រមដែលហាមឃាត់មិនឲ្យចាកចេញទៅក្រៅប្រទេស ប៉ុន្តែសាលាឧទ្ធរណ៍ច្រានចោល»។
ការបើកសវនាការលើកនេះ ហាក់មានសភាពតឹងតែង ព្រោះថា ក្រៅពីសាលាឧទ្ធរណ៍បានជជែកដេញដោលតឹងសរសៃកជាមួយមេធាវីជនជាប់ចោទនោះ ក៏មានបម្រាមមិនឲ្យអ្នកសង្កេតការណ៍ កត់ត្រាអ្វីទាំងអស់នៅក្នុងបន្ទប់សវនាការ និងមានដាក់កម្លាំងការពារយ៉ាងតឹងរ៉ឹងទៀតផង។
លោកមេធាវី ជូង ជូងី បញ្ជាក់ថា មូលហេតុដែលស្នើសុំឲ្យ លោក មាជ សុវណ្ណារ៉ា ទៅក្រៅប្រទេសនោះ ព្រោះកូនក្តីរបស់លោកមានជំងឺត្រូវចេញទៅពិនិត្យ និងព្យាបាល៖ « វាមានហេតុផលច្រើនដែរ។ ម្យ៉ាងនៅមុនជាប់ពន្ធនាគារ គឺកាលពីឆ្នាំទៅ លោក មាជ សុវណ្ណារ៉ា ធ្លាប់រងគ្រោះថ្នាក់ចរាចរណ៍ ដែលគាត់ត្រូវចាកចេញទៅក្រៅប្រទេស ដើម្បីព្យាបាល។ និយាយរួម ស្ថានភាពធ្ងន់ស្រាលរបស់គាត់ និងស្ថានភាពការងាររបស់គាត់ ហើយគាត់មានសញ្ជាតិខ្មែរផង អាមេរិកាំងផង។ ដូច្នេះ ត្រូវចេញទៅក្រៅផង ចូលមកស្រុកខ្មែរញឹកញាប់ ប៉ុន្តែតុលាការក្រុងភ្នំពេញ ហាមឃាត់មិនឲ្យគាត់ចាកចេញពីស្រុកខ្មែរទេ »។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ តុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១រូប ឲ្យជាប់ពន្ធនាគារចន្លោះពី ៧ឆ្នាំទៅ ២០ឆ្នាំ ដោយចោទពីបទដឹកនាំ និងចូលរួមក្នុងចលនាកុបកម្មហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ។
ជនជាប់ចោទទាំង ១១នាក់ដែលមានសម្លៀកបំពាក់ពណ៌ទឹកក្រូច ហៅតុលាការស្រុកខ្មែរថាជាតុលាការឧក្រិដ្ឋកម្ម ខ្វះឯករាជភាព។
លោក មាជ សុវណ្ណារ៉ា និយាយថា តុលាការមិនត្រូវឋិតក្រោមសម្ពាធនយោបាយ ហើយចាប់ឃុំពួកគាត់ ដើម្បីដាក់គំនាបដល់បក្សប្រឆាំងឡើយ។ លោកក៏ស្នើឲ្យមេដឹកនាំបក្សកាន់អំណាច ប្រកួតគ្នាដោយសមត្ថភាពផ្នែកគំនិត ប្រសើរជាងល្បិចចាប់ចងដូច្នេះ៖ « រឿងនយោបាយដោះស្រាយដោយនយោបាយ ហើយសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីនឹងយល់បញ្ហានេះ ព្រោះនយោបាយចាស់ទុំ អាយុកាន់តែច្រើន ហើយមានកូនធ្វើនយោបាយទៀត។ អ៊ីចឹងទុកឲ្យក្មេងៗធ្វើដោយបញ្ញាទៅ »។
នៅខាងក្រៅបន្ទាប់សវនាការ សកម្មជនបក្សប្រឆាំង និងសាច់ញាតិរបស់ជនជាប់ចោទប្រមាណ ២០នាក់ សម្ដែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះដែរ។ ចំណែកភរិយា លោក អ៊ុក ពេជ្រសំណាង គឺលោកស្រី ទិត្យ ណារិន ឈរកាន់រូបថតប្ដី និងពចៅផង ស្រែកដង្ហោយរកយុត្តិធម៌ទាំងទឹកភ្នែកថា ប្ដីរបស់លោកស្រីគ្មានកំហុសដូចការចោទឡើយ៖« ប្ដី ខ្ញុំតស៊ូដើម្បីអ្នកទាំងអស់គ្នា ឬដើម្បីជាតិ ហេតុអីបានជាចាប់គាត់ដាក់គុក? សូមឲ្យដោះលែងឲ្យឆាប់ៗនេះចា៎»។
រីឯមន្ត្រីអង្គការអាដហុក (ADHOC) និងមន្ត្រីអង្គការលីកាដូ (LICADHO) ដែលឃ្លាំមើល និងស្តាប់សវនាការនេះ ហាក់មិនភ្ញាក់ផ្អើលចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលហាមឃាត់មិនឲ្យ លោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេសព្យាបាលជំងឺឡើយ។ មិនភ្ញាក់ផ្អើល ព្រោះពួកគេចាត់ទុកថា ករណីនេះជារឿងនយោបាយសុទ្ធសាធ ហើយវានឹងប្រែប្រួលទៅតាមស្ថានការណ៍នយោបាយក្តៅត្រជាក់។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក លោក ណៃ វ៉ង់ដា លើកឡើងថា ប្រសិនបើគ្មានការដោះស្រាយផ្នែកនយោបាយជាមួយបក្សកាន់អំណាចទេនោះ លោកជឿថា មន្ត្រី និងសកម្មជនបក្សប្រឆាំង ប្រហែលជាមិនអាចមានផ្លូវរួចផុតពីពន្ធនាគារឡើយ។ លោកបន្តថា ការយកបញ្ហានយោបាយជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌នេះហើយ ទើបបណ្ដាលឲ្យបក្សកាន់អំណាចធ្លាក់ចុះប្រជាប្រិយភាព៖ « ការសម្រេចនេះវាហាក់ដូចជាមានការលូកលាន់ផ្នែកនយោបាយ។ បរិយាកាសនយោបាយអាប់អួរ បរិយាកាសតឹងតែង ដូច្នេះលទ្ធផលចេញមក យើងមិនភ្ញាក់ផ្អើលពេកទេ។ ចំពោះការហាមឃាត់ និងដកហូតសេរីភាពព្យាបាលវាអមនុស្សធម៌ហើយការសម្រេចនេះ »។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី១៧ ខែមីនា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។ ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក សុខ ឥសាន ធ្លាប់ច្រានចោលការចោទប្រកាន់ដូច្នេះម្តងហើយ ដោយលោកថ្លែងថា ការសម្រេចយ៉ាងណាវាជាឆន្ទានុសិទ្ធិរបស់តុលាការ។ លោកបន្តថា ករណីនេះជាបទល្មើសជាក់ស្តែង មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
កាលពីថ្ងៃទី១៥ មីនា អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើឲ្យអាជ្ញាធរកម្ពុជា ដោះលែងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យឲ្យមានសេរីភាពវិញ និងអះអាងថា ការចោទប្រកាន់លើសកម្មជនបក្សប្រឆាំងនេះគ្មានភស្តុតាងគ្រប់គ្រាន់។
លោក ប្រ៊ែដ អាដាម (Brad Adams) ប្រធានប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មានប្រសាសន៍ថា ការឃុំឃាំងសកម្មជនគណបក្សប្រឆាំងទាំងនេះ ដោយសារតុលាការស្ថិតក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយអំពាវនាវឲ្យតុលាការកម្ពុជា កាត់ក្តីដោយយុត្តិធម៌ ដោយផ្អែកលើភស្តុតាងពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។