ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា លើកឡើងថា ការប្ដឹងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើងនេះ គឺមិនមែនជាឆាកល្ខោនឡើយ ហើយលោកនឹងនៅតែបន្តប្ដឹង ទោះបីសង្ឃឹមបានយុត្តិធម៌តិចតួចក្តី។ ការលើកឡើងនេះ នៅបន្ទាប់ពីលោកបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមករា។
លោក សួន សេរីរដ្ឋា អះអាងថា លោក ហោ ណាំហុង អស់ឱកាសសម្របសម្រួលជាមួយលោកហើយនៅពេលនេះ ដោយទុកឲ្យតុលាការជាអ្នកសម្រេច។
ក្រោយពីចូលបំភ្លឺនៅសាលាដំបូងក្រុងភ្នំពេញជាង ១ម៉ោង ក្រោមការសាកសួររបស់ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែមករា លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅបន្ទាប់ពី លោក ហោ ណាំហុង បានចោទថា គណបក្សអំណាចខ្មែរ មានសមាជិកជាភេរវករនោះមក បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងជំនឿនយោបាយពីសំណាក់ប្រជាពលរដ្ឋ។ ដូច្នេះ សាច់រឿងនេះលោកបញ្ជាក់ថា មិនមែនជាឈុតឆាកសម្ដែងឡើយ ហើយលោកក៏មិនព្រមលែងដៃឲ្យ លោក ហោ ណាំហុង រួចខ្លួនដែរ៖ «បើយើងមិនទទួលបានយុត្តិធម៌ពីសាលាដំបូង គឺយើងនឹងឈានមួយដំណាក់កាលទៀត គឺសាលាឧទ្ធរណ៍ និងតុលាការកំពូល»។
លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្ដឹង លោក ហោ ណាំហុង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពី លោក ហោ ណាំហុង បានលើកឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ថាគណបក្សអំណាចខ្មែរ មានសមាជិកជាភេរវករ។
កន្លងមក មេធាវីការពារក្តីឲ្យ លោក ហោ ណាំហុង គឺលោក កា សាវុធ បញ្ជាក់ថា លោក ហោ ណាំហុង គ្មានកំហុសនោះទេ ដោយគ្រាន់តែនិយាយទៅតាមសាលក្រមរបស់តុលាការដែលសម្រេចឲ្យ លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ជាទណ្ឌិត ក្នុងទោសក្បត់ជាតិ មុនពេលព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស។ ប៉ុន្តែ លោក សួន សេរីរដ្ឋា ពន្យល់ថា តុលាការពិតជាបានចោទលោកពីបទរួមគំនិតក្បត់ជាតិ ក៏ប៉ុន្តែតុលាការមិនបានចោទលោកពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើភេរវកម្មនោះទេ៖ «យើងមិនដែលប្រព្រឹត្តភេរវកម្ម ហើយតុលាការមិនដែលកាត់ទោសយើងអំពីភេរវកម្មដែរ។ ដូច្នេះករណីនេះ គឺខុសគ្នា ព្រោះ លោក ហោ ណាំហុង ធ្លាប់បានលើកឡើងថា ពួកយើងធ្លាប់បានធ្វើភេរវកម្ម គឺជារឿងមួយដែលខុស»។
យ៉ាងណាក៏ដោយចុះ លោក កា សាវុធ អះអាងថា ការប្រើប្រាស់ពាក្យសម្ដីរបស់ លោក ហោ ណាំហុង ថាភេរវករនោះ គឺសមរម្យណាស់ទៅហើយសម្រាប់ លោក សួន សេរីរដ្ឋា។ ទន្ទឹមនេះ លោកបញ្ជាក់ថា ត្រៀមខ្លួនរួចហើយដើម្បីឆ្លើយបំភ្លឺនៅតុលាការ៖ «ការពិតទៅគាត់ថាភេរវករនេះ គឺវាស្រាលជាងក្បត់ជាតិទៀត ព្រោះគាត់អ្នកការទូត គាត់មិនហ៊ានប្រើពាក្យក្បត់ជាតិទេ គាត់ប្រើពាក្យភេរវករ តាមពិតរឿងនេះគេដាក់រួមក្បត់ជាតិ។ បើគ្មានសាលដីកា អាហ្នឹងទើប ហោ ណាំហុង និយាយទៅខុស»។
លោក សួន សេរីរដ្ឋា ទាមទារសំណងជំងឺចិត្តពី លោក ហោ ណាំហុង ចំនួន ៥០០លានរៀល ហើយបើឈ្នះក្ដី សំណងជំងឺចិត្តនេះ លោកនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងពេលឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាននោះ លោក សួន សេរីរដ្ឋា បានឆ្លៀតបរិហារថា តុលាការខ្មែរមិនមានលទ្ធភាពផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ ឬអ្នកដែលគ្មានអំណាចឡើយ។
ទាក់ទិននឹងទំនាស់ក្ដីក្ដាំនេះ ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន មិនអាចបញ្ជាក់បានទេថា ភាគីណាមានប្រៀបឈ្នះជាងនោះ ប៉ុន្តែលោកពន្យល់ថា ទោះបីជាតុលាការមិនបានចោទ លោក សួន សេរីរដ្ឋា ពីបទភេរវកម្មក៏ដោយ ប៉ុន្តែបើពិនិត្យទៅលើអង្គហេតុផ្សេងៗ អាចជាប់ពាក់ព័ន្ធដែរ៖ «យោងតាមអង្គហេតុយើងទាំងអស់គ្នាពិចារណាបានហើយថា ការចែកអាវយឺត ចែកនាឡិកា និងចែកវិទ្យុដូច្នេះភេរវកម្មអត់? អាហ្នឹងវារឿងនយោបាយទេ»។
លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាលើកលែងទោសកាលពីខែកក្កដា ឆ្នាំ២០១៥ ដែលជាការបើកច្រកឲ្យលោកអាចចូលប្រឡូកនយោបាយនៅកម្ពុជា វិញ បន្ទាប់ពីលោកត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ ៧ឆ្នាំ កាលពីខែមករា ឆ្នាំ២០១៥ ពីបទរួមគំនិតក្បត់ជាតិ និងរារាំងអ្នកបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។