លោក នាង សុឃុន និស្សិតសាលាច្បាប់ដែលរងគ្រោះដោយសារការបង្ក្រាបរបស់ប៉ូលិស និងប៉េអិម នៅគល់ស្ពានស្ទឹងមានជ័យ ក្នុងពេលមានបាតុកម្មរបស់កម្មកររោងចក្រ អែស.អិល (SL) បានឲ្យដឹងនៅថ្ងៃទី២៨ វិច្ឆិកា ថា លោកមានគម្រោងដាក់ពាក្យប្ដឹងមេប៉ូលិស និងមេប៉េអិមក្រុងភ្នំពេញ ទៅស្ថាប័នសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បន្ថែមទៅលើការដាក់ពាក្យប្ដឹងទៅតុលាការក្រុងភ្នំពេញ។
លោក នាង សុឃុន បានបន្ថែមថា ក្រោយពេលលោកដាក់ពាក្យប្ដឹងទៅតុលាការក្រុងភ្នំពេញ លោក យល់ថា មន្ត្រីតុលាការដូចជាមិនបានយកចិត្តទុកដាក់ចាត់ការទៅលើពាក្យប្ដឹងរបស់លោកឡើយ។ លោក នាង សុឃុន ជាសមាជិកចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ។
«សំឡេង»
ការដាក់ពាក្យប្ដឹងរបស់ លោក នាង សុឃុន អំពីការទទួលខុសត្រូវរបស់មេបញ្ជាការប៉ូលិស និងប៉េអិម ទៅតុលាការក្រុងភ្នំពេញនេះ គឺជាលើកទី១ហើយដែលចោទប្រកាន់ទៅលើអាជ្ញាធរមានសមត្ថកិច្ច ឲ្យទទួលខុសត្រូវចំពោះសកម្មភាពប្រើកម្លាំងលើសលប់ ដោយមានប្រដាប់អាវុធបង្ក្រាបទៅលើការតវ៉ារបស់ប្រជាពលរដ្ឋ និងកម្មករ ដែលធ្វើកូដកម្មបាតុកម្មតវ៉ាដោយបាតដៃទទេ។
មន្ត្រីតុលាការបានឲ្យ លោក នាង សុឃុន ដឹងថា សំណុំរឿងប្ដឹងនោះបានបញ្ជូនទៅឲ្យប៉ូលិសស៊ើបអង្កេតហើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក សុខ រឿន ជាព្រះរាជអាជ្ញារងនៅតុលាការក្រុងភ្នំពេញ ដើម្បីបំភ្លឺការចោទប្រកាន់ថា តុលាការក្រុងភ្នំពេញ បដិសេធមិនស៊ើបអង្កេតលើពាក្យប្ដឹងរបស់ លោក នាង សុឃុន បានឡើយ។
លោក នី ចរិយា ប្រធានក្រុមអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានហៅការបញ្ជូនសំណុំរឿងប្ដឹងអំពីមេបញ្ជាការប៉ូលិសទៅឲ្យប៉ូលិសស៊ើបអង្កេតវិញនោះ ជារឿងមិនត្រឹមត្រូវខុសនីតិវិធី។
«សំឡេង»
ប៉ុន្តែ លោកមេធាវី សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា ជួនកាលការបញ្ជូនសំណុំរឿងឲ្យប៉ូលិសស៊ើបអង្កេតនោះ គឺជាការចាត់ការលើសំណុំរឿងនោះហើយ។ លោក សុក សំអឿន បន្ថែមថា បើសិនជាអង្គភាពប៉ូលិសមានបង្កើតជាក្រុមពិសេសមួយ ដើម្បីស៊ើបអង្កេតបញ្ហានេះដោយឡែកក៏ជាការល្អដែរ។
«សំឡេង»
កាលពីថ្ងៃទី១២ វិច្ឆិកា កម្មកររោងចក្រកាត់ដេរ អែស.អិល ប្រមាណ ១.០០០នាក់ បានដង្ហែក្បួនតវ៉ាសំដៅទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំការជួយអន្តរាគមន៍ដោះស្រាយវិវាទការងារដែលកើតមាននៅក្នុងរោងចក្រ។ ក្បួនតវ៉ានេះ បានត្រូវប៉ូលិស និងប៉េអិម ទប់ស្កាត់នៅជិតគល់ស្ពានស្ទឹងមានជ័យ។ ការប៉ះទង្គិចបានកើតមានឡើង បណ្ដាលឲ្យមានរបួសទាំងសង្ខាង និងមានការដុតរថយន្ត និងម៉ូតូរបស់ប៉ូលិស និងស្លាប់ប្រជាពលរដ្ឋជាអ្នកលក់បាយមួយរូប។ មានអ្នកចូលរួមមើល និងធ្វើដំណើរឆ្លងកាត់តំបន់កើតហេតុនោះមួយចំនួន ត្រូវរងរបួសដោយសារអាជ្ញាធរបានវាយបង្ក្រាប និងបាញ់ រហូតឲ្យរបួសពិការទៀតផង។ ប៉ុន្តែមកទល់ពេលនេះ អាជ្ញាធរបានបដិសេធថា ក្នុងការបង្ក្រាបនោះ ពួកគេមិនបានបាញ់ទៅលើបាតុករ និងប្រជាពលរដ្ឋទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
