ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា បានសម្រេចចោទប្រកាន់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ពីបទល្មើសព្រហ្មទណ្ឌច្រើនករណីទាក់ទងនឹងសារហ្វេសប៊ុក (Facebook) ប្រមាថកងទ័ព។ ការសម្រេចនេះ គឺធ្វើនៅថ្ងៃដដែលដែលអយ្យការសាកសួរជនជាប់ចោទ។
ប្រធានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេចឃុំខ្លួនជនជាប់ចោទ សួន សេរីរដ្ឋា ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី១៤ សីហា។
ការសម្រេចនេះ គឺជាការប្រកាសសាលក្រមមុនអង្គសេចក្ដី បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សាកសួរ និងពិនិត្យសំណុំរឿងចប់សព្វគ្រប់ ហើយបានរកឃើញថា អង្គហេតុនៃករណីជនជាប់ចោទរូបនេះ បានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌចំនួន ៤ករណី។ ក្នុងនោះមាន ទី១ បទញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ ទី២ បទធ្វើឱ្យខូចទឹកចិត្តកងទ័ពតាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ និងទី៣ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ក្នុងសវនាការនោះ ជនជាប់ចោទ សួន សេរីរដ្ឋា បានសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីរកមេធាវី និងរៀបចំរចនាសម្ព័ន្ធគណបក្សអំណាចខ្មែររបស់លោកសិន ព្រោះពេលចាប់ខ្លួន អាជ្ញាធរបានផ្ដាច់ការទាក់ទងរបស់លោកទាំងអស់។ ក្រោយការពិចារណា ចៅក្រមបដិសេធការស្នើសុំនេះ។
ព្រះរាជអាជ្ញា សៀង សុខ និង សេង ហៀង យល់ស្របចំពោះការរកមេធាវី ប៉ុន្តែមិនអាចឲ្យនៅក្រៅបានទេ ព្រោះជាបទល្មើសជាក់ស្ដែង ដែលត្រូវឃុំខ្លួនសិនក៏បានដែរ។
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែសីហា បន្ទាប់ពីលោកសរសេរមតិលើទំព័រហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃសៅរ៍ ទី១២ សីហា ទាក់ទងនឹងការបញ្ជាកងទ័ពឲ្យទៅត្រៀមប្រយុទ្ធនឹងកងទ័ពឡាវ ថា៖ "បើសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវមែន កូនខ្មែរកងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យ ប្រមូលលុយ សប្បាយស្រីញីយ៉ាងគគ្រឹកគគ្រេង"។
ក្រោយការសរសេរបែបនេះ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបានមន្ត្រីរដ្ឋាភិបា និងកងទ័ពចេញលិខិតថ្កោលទោសថា ជាការវាយប្រហារលើរដ្ឋាភិបាល និងបរិហារប្រមាថថ្នាក់ដឹកនាំ និងកងទ័ពការពារប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ សីហា ថា ទាក់ទងករណីរបស់លោក សួន សេរីរដ្ឋា ថា ជាការប្រមាថមិនអាចទទួលយកបាន ហើយជាបទល្មើសជាក់ស្ដែង ត្រូវចាប់មិនលើកលែង៖ «សុំអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ហើយការប្រមាថរបស់អ្នកមិនអាចទទួលបានទេ។ ល្អហើយបើបានទៅដេកគុក អាហ្នឹងវាស្រួល។ បើនៅក្រៅគុក អាហ្នឹងច្បាស់ជាកងទ័ពដើររករឿងរាល់ថ្ងៃ។ ប៉ុន្តែ ច្បាប់មិនតម្រូវឲ្យអ្នកឯងនៅក្រៅគុកទេ ការប្រមាថមេទ័ពចោរ។ អ៊ីចឹងមេទ័ពចោរ មាស សុភា មេទ័ពចោរ ប៉ុល សារឿន សុទ្ធតែមេទ័ពចោរ។ អត់បានទេ! បទល្មើសជាក់ស្ដែង ត្រូវតែដាក់គ្រឹប កុំថាអ្នកឯងប្រធានបក្ស អ្នកឯងស្អីក៏ដោយ អ្នកឯងមានអភ័យឯកសិទ្ធិសភាក៏ដោយ ព្រឹទ្ធសភាក៏ដោយ ឲ្យតែបទល្មើសជាក់ស្ដែង គឺវ៉ៃខ្នោះភ្លាមតែម្ដង»។
អត្ថបទដែលលោក សួន សេរីរដ្ឋា សរសេរមានខ្លឹមសារទាំងស្រុងថា "សាមកុករបស់លោក ហ៊ុន សែន កំពុង បែកកុក! សេនាប្រមុខ ដាក់បញ្ជាឲ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឱសានវាទឲ្យសត្រូវ... តែឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា! ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ... ហើយមេទ័ពចោរ នឹងឡើងបុណ្យស័ក្ដិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង! តែទោះបីយ៉ាងណា និងទោះបីជាយើងដឹងថា វាជាសង្គ្រាមដើម្បីដំឡើងមុខ ដំឡើងឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឲ្យក្លាយទៅជាឥស្សរជនបំភាន់យើងក៏ដោយ... ក៏សូមពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នាលើកទឹកចិត្ត និងជួយគ្រប់យ៉ាងដែលអាចជួយបានដល់កងទ័ពជាតិរបស់យើង ដែលតែងយកទ្រូងទៅពាំងគ្រាប់រំសេវ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ"។
នៅពេលដែលប្រធានគណបក្សអំណាចខ្មែរ ស្ថិតនៅក្រោមដំណាក់កាលជាជនជាប់ចោទបែបនេះ ក៏អាចប៉ះពាល់ដល់ការរំលាយបក្សរបស់លោកដែរ។ ប៉ុន្តែអនុប្រធានគណបក្សអំណាចខ្មែរ លោក សួង សោភ័ណ ថ្លែងថា លោកនឹងក្លាយជាប្រធានបក្សស្ដីទី ដែលនឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា។
ក្រោយការប្រកាសសាលក្រមមុនអង្គសេចក្ដីនៅពេលនេះ សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការលើអង្គសេចក្ដីករណីនេះទៀត នៅរសៀលថ្ងៃទី២៤ ខែសីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។