ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ សម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងសុំនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ទៅថ្ងៃទី៤ ខែមីនា។
នៅក្នុងសវនាការ លោក ហុង សុខហួរ បញ្ជាក់ថា លោកសុខចិត្តតម្កល់លិខិតឆ្លងដែន និងបង់ប្រាក់ធានាមួយចំនួនទៀតជាថ្នូរនឹងការសុំនៅក្រៅឃុំនេះ។
នៅក្នុងបន្ទប់សវនាការដែលសួរដេញដោលរយៈពេលជិត ១ម៉ោង នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នៅមុខចៅក្រមនៃតុលាការកំពូល លោក ហុង សុខហួរ អះអាងពីការមិនរត់គេចខ្លួនរបស់លោក និងសុខចិត្តតម្កល់ប្រាក់ធានា និងលិខិតឆ្លងដែនទាំងអស់របស់លោក។
ថ្លែងក្នុងបរិវេណតុលាការកំពូល នៅក្រោយសវនាការ មេធាវីការពារ លោក ហុង សុខហួរ គឺលោក ជូង ជូងី មានប្រសាសន៍អះអាងថា កូនក្ដីរបស់លោកនឹងមិនចេញទៅណាឡើយ និងយល់ព្រមធ្វើតាមនីតិវិធីដែលតុលាការត្រូវការ៖ «គាត់អត់រត់ទៅណាទេ គាត់សុខចិត្តតម្កល់លិខិតឆ្លងដែនទាំង២ (ខ្មែរ-បារាំង) ហើយគាត់សុខចិត្តតម្កល់ប្រាក់ ២០លានរៀលដើម្បីសុំនៅក្រៅឃុំ។ ប៉ុន្តែកន្លងមក សាលាដំបូងរាជធានី ក៏ដូចសាលាឧទ្ធរណ៍ អត់ព្រមដោះលែងគាត់»។
លោក ជូង ជូងី លើកឡើងទៀតថា ការបន្តឃុំខ្លួនលោក ហុង សុខហួរ បន្តទៀត គឺពុំមានលទ្ធផលល្អឡើយ៖ «ការដែលឃុំខ្លួនមនុស្សដែលគ្មានទោស ហើយមានតួនាទីជាសមាជិកព្រឹទ្ធសភា មិនមែនជាបច្ច័យល្អសម្រាប់សង្គមទេ វាជះឥទ្ធិពលល្អទៅដល់សង្គម និងអន្តរជាតិដែរ»។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថាជាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។ ប៉ុន្តែបន្ទាប់ពីត្រូវចាប់ខ្លួន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោកចំនួន ៣បទចោទ គឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ។
ឆ្លើយតបនឹងការលើកឡើងរបស់មេធាវីការពារលោក ហុង សុខហួរ នេះ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាល លោក សុខ ឥសាន មានប្រសាសន៍បន្ទរតាមពាក្យរបស់មេបក្សរបស់លោកថា លោក ហុង សុខហួរ មានទោសក្បត់ជាតិ ដែលទំនងថា តុលាការនឹងមិនដោះលែងលោកអោយនៅក្រៅឃុំឡើយ៖ «បញ្ហាដែលប្រកាសថា កម្ពុជា-វៀតណាម ចុះកិច្ចព្រមព្រៀងព្រំដែននេះ ជាអំពើក្បត់ជាតិ អ៊ីចឹងគាត់មានចេតនាទុច្ចរិតមួយដើម្បីសម្លាប់ជីវិតនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដុតកំហឹងប្រជាជនឲ្យថ្កោលទោសគណបក្សប្រជាជនកម្ពុជា ហើយឈប់បោះឆ្នោតអោយបក្សប្រជាជនកម្ពុជា។ អ៊ីចឹងទេ ការដែលមិនដោះលែងគាត់នោះ មិនធ្ងន់ធ្ងរទេ»។
នៅក្នុងសវនាការសុំក្រៅឃុំដដែលនេះ លោក ហុង សុខហួរ បានលើកឡើងថា មូលហេតុនៃការសុំនៅក្រៅឃុំរបស់លោក ដោយសារលោកកំពុងមានជំងឺលើសឈាម និងមានបញ្ហាក្រពះដែលត្រូវទទួលការព្យាបាលឲ្យបានដិតដល់។
ភរិយាលោក ហុង សុខហួរ អ្នកស្រី គន្ធ លំអង មានប្រសាសន៍ថា ស្ថានភាពក្នុងពន្ធនាការពុំបានជួយអោយសុខភាពប្ដីអ្នកស្រីបានធូរស្រាលឡើយ៖ «អ្វីដែលខ្ញុំនៅតែបារម្ភនេះ គឺបញ្ហាសុខភាព អនាម័យ។ ឥឡូវថែមជំងឺក្រពះមួយមុខទៀតហើយ ដោយសារតែពិសាមិនទៀងទាត់...»។
បន្ទាប់ពីសវនាការ លោក ហុង សុខហួរ ត្រូវនាំត្រឡប់ទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ ជាទីដែលលោកត្រូវឃុំខ្លួនអស់រយៈពេល ៦ខែមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។