មេធាវីរបស់លោក កឹម សុខា យល់ថា សេចក្តីសម្រេចរបស់តុលាការកំពូល ដែលប្រកាសតម្កល់សាលដីកាសាលឧទ្ធរណ៍ដែលចាត់ទុកថា បានការនោះ គឺជាអំពើអយុត្តិធម៌សម្រាប់កូនក្ដីរបស់លោក។
មេធាវីម្នាក់ ក្នុងចំណោមច្រើននាក់របស់ លោក កឹម សុខា គឺលោក សំ សុគង់ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខតុលាការកំពូល ក្រោយពេលសវនាការ ដោយគ្មានវត្តមានចុងចម្លើយ គឺលោក កឹម សុខា ចូលរួម ថា ចៅក្រមជំនុំជម្រះបានសម្រេចរក្សាសេចក្ដីសម្រេចរបស់តុលាការឧទ្ធរណ៍ ចាត់ទុកជាបានការ។ លោកមេធាវី សំ សុគង់ ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការកំពូល ថាមិនបានផ្ដល់យុត្តិធម៌សម្រាប់កូនក្ដីលោកនោះទេ។
សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែកញ្ញា បានសម្រេចទាត់ចោល លើបណ្ដឹងប្រឆាំងនឹងដីកាឃុំខ្លួន ហើយសេចក្ដីសម្រេចនៅពេលនោះ របស់សភាស៊ើបសួរ និងបានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញទុកជាបាន គឺបន្តឃុំខ្លួនលោកកឹម សុខា។ កាលនោះ ក្រុមមេធាវី របស់លោក កឹម សុខា បានបង្ខំចិត្តដើរចេញពីបន្ទប់ជំនុំជម្រះ ដោយសារសវនាការនោះ អវត្តមានកូនក្តីរបស់ខ្លួន។ សវនាការនៅតុលាការកំពូល នៅព្រឹកថ្ងៃទី៣១ តុលា ក៏មិនមានវត្តមាន លោក កឹម សុខាដែរ តែជំនួសទៅវិញ គឺសំបូរវត្តមានរបស់កងកម្លាំងប្រដាប់ដោយអាវុធ និងកងសន្ដិសុខសាលាក្រុងភ្នំពេញជាច្រើននាក់ រួមទាំងប៉ារាស់បិទផ្លូវជាច្រើន ខណៈដែលឡានទាហាន និងឡានទឹកជាច្រើន ដាក់នៅម្ដុំចំណុចវាលហង្ស ជិតព្រះបរមរាជវាំង។
លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ ចេញដីកាឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាម។ មុនមានដីកាឃុំខ្លួន ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានព្រះរាជអាជ្ញារងលោក សៀង សុខ ចោទប្រកាន់ពីទោសក្បត់ជាតិ ក្រោយពេលសមត្ថកិច្ចចូលឡោមព័ទ្ធចាប់ខ្លួនទាំងកណ្ដាលយប់ ឈានចូលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងខណ្ឌទួលគោកក្រុងភ្នំពេញ។
ក្រោយមក តុលាការក្រុងភ្នំពេញ បានចោទលោក កឹម សុខា ពីបទសន្ធិតិកម្ម ដែលមានន័យស្រដៀង នឹងបទក្បត់ជាតិដែរ។ បទចោទរបស់តុលាការក្រុងភ្នំពេញ ធ្វើឡើងក្រោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសចោទ លោក កឹម សុខា ក្បត់ជាតិ ឃុបឃិតជាមួយបរទេស ដោយផ្អែកលើវីដេអូឃ្លីបមួយដែលបង្ហោះតគ្នា ក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) តាំងពីឆ្នាំ២០១៣។
លោកមេធាវី សំ សុគង់ អះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា បើទោះជាក្នុងសវនាការ ក្រុមមេធាវីការពារក្ដីឲ្យ លោក កឹម សុខា ព្យាយាមបង្ហាញភស្តុតាង និងឯកសារជាច្រើន ដែលចាត់ទុកការឃុំខ្លួន លោក កឹម សុខា កន្លងមក ជាការខុសនីតិវិធី ក៏លើកការបង្ហាញទាំងនោះ មិនត្រូវបានចៅក្រមយកទៅពិចារណាដែរ។
លោកបន្តថា ក្រុមមេធាវីការពារក្ដីឲ្យ លោក កឹម សុខា ទាំងអស់ មិនអាចទទួលយកបានទេ នូវសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលនៅតែចាត់ទុកថា លោក កឹម សុខា មានទោសតាមការចោទរបស់តុលាការនៅថ្នាក់ក្រោមៗនោះ។ បើទោះបែបនេះក្ដី លោក មេធាវី សំ សុគង់ អះអាងថា ក្រុមមេធាវីនឹងរិះរកវិធីផ្លូវច្បាប់បន្ថែមទៀត ដើម្បីជួយកូនក្ដីរបស់ពួកគេ។
កងកម្លាំងប្រដាប់អាវុធជាច្រើនដែលបានដាក់នៅព័ទ្ធជុំវិញតុលាការកំពូល ត្រូវបានរំសាយនៅក្រោយសវនាការបានបញ្ចប់ ខណៈដែលវត្តមានអ្នកគាំទ្រគណបក្សប្រឆាំង ទៅឃ្លាំមើលសវនាការមានចំនួនតិចតួចបំផុត ដែលមិនគួរឲ្យកត់សម្គាល់ផងនោះ។
សមាជិកព្រឹទ្ធសភាម្នាក់ មកពីគណបក្សភ្លើងទៀន អតីតគណបក្សសម រង្ស៊ី គឺ លោក ទាវ វណ្ណុល យល់ថា ការដាក់ពង្រាយកងកម្លាំងដ៏សន្ធឹកសន្ធាប់ ហើយគ្មានអ្នកតវ៉ាបែបនេះ រដ្ឋាភិបាលហាក់បង្ហាញឲ្យគេមើលមកថា មានភាពភ័យខ្លាចខ្លាំង។
អាស៊ីសេរី មិនអាចទាក់ទងស្នើសុំការបញ្ចេញមតិពីអ្នកវិភាគ ឬអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាបានទេ នៅថ្ងៃទី៣១ ខែតុលា។ ប៉ុន្តែ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហានយោបាយ និងសង្គម ធ្លាប់ប្រាប់អាស៊ីសេរីថា លោកហាក់ពុំមានរំពឹងថា លោក កឹម សុខា អាចនឹងបាននៅក្រៅឃុំ ព្រោះការចាប់ខ្លួននេះ ធ្វើឡើងក្រោមការរិះគន់ថា អនុវត្តច្បាប់ដោយបំពាន ហេតុនេះប្រសិនបើមានការដោះលែងមែននោះ រដ្ឋាភិបាលខ្លាចណាស់ពីភាពអាម៉ាស់ និងការទទួលបរាជ័យទៅដល់គោលនយោបាយជាយុទ្ធសាស្ត្ររបស់ខ្លួន។ មិនតែប៉ុណ្ណោះ សំណុំរឿងនេះ គឺជារឿងនយោបាយស្រាប់ផង ការដោះលែងឲ្យនៅក្រៅឃុំតាមការស្នើសុំគឺមិនមែនជាការងាយនោះឡើយ។
ពលរដ្ឋម្នាក់ ឈ្មោះ រស់ ច័ន្ទគន្ធាវី មិនពេញចិត្តនឹងការសម្រេចរបស់តុលាការកំពូលទេ។ អ្នកស្រី នៅតែយល់ថា លោក កឹម សុខា គ្មានទោសដូចការចោទប្រកាន់របស់តុលាការនោះទេ។
ក្រៅពីការដាក់ប៉ារាស់បិទជុំវិញតុលាការកំពូល និងអមដោយវត្តមានសមត្ថកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចហើយនោះ សវនាការនៅតុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ ក៏មិនស្វាគមន៍សង្គមស៊ីវិល របស់អង្គការសិទ្ធិមនុស្សដែរ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការអាដហុក (Adhoc) ម្នាក់ត្រូវបានសមត្ថកិច្ច មិនអនុញ្ញាតឲ្យចូលតាមដានសវនាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។