មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ ៣រូប ត្រូវអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ហៅសាកសួរនៅថ្ងៃទី៧ តុលា ទាក់ទងនឹងរឿងកម្មករធ្វើកូដកម្មបិទផ្លូវកាលពីខែសីហា។ មន្ត្រីទាំង ៣រូបនោះ គឺមានលោក ទួន សារ៉ែន លោក ចាំ សំណាង និងលោក ជា ឧត្ដម។
លោក ជា ឧត្ដម មានប្រសាសន៍បន្ទាប់ពីការសាកសួរនៅល្ងាចថ្ងៃទី៧ តុលា ថា តំណាងអយ្យការសួរលោកអំពីដំណើររឿងកម្មករធ្វើកូដកម្ម និងបិទផ្លូវជាតិលេខ១ នៅតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីពាក់កណ្ដាលខែសីហា នោះ៖ «ការសម្រេចហ្នឹង គឺអមតុលាការព្រះរាជអាជ្ញារង សម្រេចចិត្តប្រុងឃុំ ប៉ុន្តែបានមេធាវីការពារ ក៏ដូចជាជជែកជាមួយព្រះរាជអាជ្ញា ទើបបានគេឱ្យចេញពីកន្លែងហ្នឹង។ ប៉ុន្តែ គេអត់បាននិយាយថា ឋិតនៅក្រោមការត្រួតពិនិត្យ ឬក៏យ៉ាងម៉េចដែរ។ គេបានថាឱ្យយើងចេញ ប៉ុន្តែនឹងមានការកោះហៅជាលើកទីពីរទៀត។ អត់ទាន់បានដឹងថាគេហៅពេលណា ឬគេធ្វើសកម្មភាពអីផ្សេងមកលើយើងពេលណាទៀត គឺគ្រាន់តែយើងដឹងថា រឿងហ្នឹង គឺគេនឹងបន្តទៀត។ គេអត់បញ្ចប់។ គេអត់បានប្រាប់ថា ពេលណា សប្ដាហ៍ណា គេអត់ប្រាប់»។
កាលពីថ្ងៃទី១៣ ខែសីហា កម្មករកាត់ដេរសម្លៀកបំពាក់នៅរោងចក្រ យូលី អន្តរជាតិ (You Li International) ចំនួនជាង ១ពាន់នាក់ នាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ៧ចំណុច ហើយចំណុចដែលដោះស្រាយយឺត នាំឱ្យបិទផ្លូវនៅពេលនោះ គឺការទាមទារប្រាក់សម្រាប់ជំនាញរបស់កម្មករ។ នៅពេលនេះ កម្មករទាំងនោះចូលធ្វើការវិញហើយ។
ការកោះហៅមន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ ៣រូប របស់សាលាដំបូងខេត្តស្វាយរៀង គឺធ្វើបន្ទាប់ពីប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ១រូប គឺលោក ប៉ាវ ស៊ីណា ត្រូវសាលាដំបូងរាជធានីភ្នំពេញ ហៅសាកសួរដូចគ្នា កាលពីថ្ងៃទី១២ កញ្ញា ហើយសម្រេចដាក់លោកឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
