សាលាដំបូងរាជធានីភ្នំពេញ បានកំណត់ថ្ងៃសវនាការលើអង្គសេចក្តីករណីជនជាប់ចោទទាំង ២៣នាក់ នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។ អង្គការសង្គមស៊ីវិល និងសហជីពកម្មករ បានត្រៀមមេធាវី ១០នាក់ជួយការពារក្តីឲ្យពួកគេទាំងនោះ។
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកអង្គជំនុំជម្រះ ៣ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ លើករណីជនជាប់ចោទ ២៣នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ មករា នៅពេលដែលពួកគេតវ៉ាទាមទារសុំដំឡើងប្រាក់ខែ ១៦០ដុល្លារ។
មេធាវីការពារក្តីឲ្យមនុស្ស ៦នាក់ក្នុងចំណោម ២៣នាក់ មកពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សំ សុគង់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ មេសា ថា សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី១៨ មេសា ជាថ្ងៃជំនុំជម្រះករណីមនុស្សទាំង ២៣នាក់។
តាមព័ត៌មានដែលលោកទទួលបាន ខាងតុលាការក្រុងនឹងបែងចែកសវនាការជា៣ផ្សេងគ្នា លើបណ្ដឹងរបស់ពួកគេទាំងនោះ។ សវនាការទី១ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួលនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ច័ន្ទ ពុទ្ធិស័ក្ត សកម្មជនដីធ្លីនៅតំបន់បឹងកក់ និងមនុស្សចំនួន ៧នាក់ផ្សេងទៀត ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី២ មករា ត្រូវជំនុំជម្រះដោយលោកចៅក្រម កែវ មុន្នី ដោយមាន លោក លី សុផាន់ណា ជាអយ្យការអមតុលាការ។ សវនាការទី២ ជំនុំជម្រះលើបណ្ដឹងប្រឆាំងជនជាប់ចោទ ១០នាក់ទៀត។ រីឯសវនាការទី៣ សម្រាប់សំណុំរឿងមនុស្ស ៣នាក់ គឺមាន លោក ជា សារ៉ាត់ លោក យន់ សុខជា និងលោក ប៊ូ សារិទ្ធ បច្ចុប្បន្ន លោក យន់ សុខជា និងលោក ប៊ូ សារិទ្ធ តុលាការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នរង់ចាំសវនាការ។
លោកមេធាវី សំ សុគង់ បញ្ជាក់ថា ក្រុមមេធាវីការពារក្តីឲ្យអ្នកទាំង ២៣នាក់នោះ មានភស្តុតាងដោះបន្ទុកគ្រប់គ្រាន់ ដែលធានាថាពួកគេ គឺជាជនរងគ្រោះ និងមិនបានប្រព្រឹត្តដូចការចោទប្រកាន់៖ «ខាងមេធាវីមានជំនឿចិត្តថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងផ្តល់ភាពយុត្តិធម៌ និងធ្វើការកាត់សេចក្តីតាមយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់នោះ»។
ប្រពន្ធ លោក វន់ ពៅ គឺលោកស្រី ប្រាក់ សុវណ្ណារី សង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ឲ្យប្ដីរបស់លោកស្រី និងអ្នកជាប់ចោទឯទៀត៖ «សូមឲ្យតុលាការកាត់ក្តីតាមច្បាប់ ប្រសិនបើអ្នកទាំងអស់គ្នាពិតជាបានខុសមែននោះហ៊ានទទួល។ តែដោយសារតែនៅថ្ងៃនោះ ខ្ញុំក៏មានវត្តមាននៅទីនោះដែរ ស្វាមីខ្ញុំគាត់អត់មានបានធ្វើអ្វីខុសទេ ហើយបែរជាវាយដំធាក់គាត់យ៉ាងសាហាវឃោរឃៅ ហើយយកគាត់ទៅដាក់ក្នុងពន្ធនាគារ បែរជាមិនរកអ្នកដែលបង្កហេតុ តែបែរជាចាប់អ្នកសម្របសម្រួលដាក់ក្នុងពន្ធនាគារវិញ នេះជាអំពើខុសឆ្គងទាំងស្រុងតែម្តង»។
ចៅក្រមសាលាឧទ្ធរណ៍កាលពីថ្ងៃទី២៤ មីនា សម្រេចបន្តឃុំខ្លួន លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២០នាក់ផ្សេងទៀត តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយចៅក្រមសំអាងហេតុ ការអនុញ្ញាតឲ្យនៅក្រៅឃុំ វាអាចប៉ះពាល់នីតិវិធីតុលាការ។
ស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ កំណត់ថ្ងៃសវនាការជំនុំជម្រះអង្គសេចក្តីប្រឆាំងជនជាប់ចោទ ២៣នាក់នោះ តុលាការក្រុងភ្នំពេញ ក៏បានសម្រេចបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ន ទៅលើជនជាប់ចោទម្នាក់ គឺលោក សុគន្ធ សម្បត្តិពិសិដ្ឋ តាមការស្នើសុំពីមេធាវី និងអង្គការសង្គមស៊ីវិល នៅថ្ងៃទី៤ មេសា។
លោក សម្បត្តិពិសិដ្ឋ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ២៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែមករា។ លោកត្រូវបានកងសន្តិសុខវាយដំរហូតបាក់ដៃម្ខាង នៅពេលចាប់ខ្លួន ហើយកំពុងឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តកំពង់ចាម។
មេធាវីការពារក្តីឲ្យ លោក សុគន្ធ សម្បត្តិពិសិដ្ឋ គឺលោក សំ សុគង់ ប្រាប់ថា លោកសុំធានាកូនក្តីរបស់លោកឲ្យនៅក្រៅឃុំ ៥ថ្ងៃ ដើម្បីឲ្យគេបានទៅវះកាត់ដៃនៅមន្ទីរពេទ្យប្រទេសថៃ ដោយសារស្ថានភាពជំងឺកូនក្តីរបស់លោកត្រូវការវះកាត់ចាំបាច់ បើមិនដូច្នោះទេ អាចពិការដៃអស់មួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
