ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពចលនាកម្មករ ត្រូវតុលាការកោះហៅឱ្យចូលទៅបំភ្លឺអំពីបញ្ហាទាក់ទងនឹងការធ្វើបាតុកម្មរបស់កម្មករទាមទារប្រាក់ខែសមរម្យ កាលពី ៩ខែមុន។ ថ្នាក់ដឹកនាំសហជីព មើលឃើញថា ការកោះហៅនេះគឺជាការគំរាមកំហែងស្មារតីសហជីព។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បញ្ជាក់ឱ្យដឹងនៅថ្ងៃទី២ កញ្ញាថា លោកបានទទួលដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឱ្យលោកចូលខ្លួនទៅបំភ្លឺអំពីបញ្ហាបាតុកម្មនោះ។
លោក ប៉ាវ ស៊ីណា ថ្លែងថា ដីកាដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ ជា សុខឃាង គឺបង្គាប់ឱ្យលោកចូលខ្លួននៅថ្ងៃទី១២ កញ្ញា វេលាម៉ោង ៨ និង ៣០ នាទី ពីបទហិង្សា និងបង្កការខូចខាតដោយចេតនា ដែលមានស្ថានទម្ងន់ទោស និងបង្កឱ្យស្ទះចរាចរណ៍នៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤៖ «អ្វីដែលខ្ញុំយល់ ឃើញនៅក្នុងដីកានេះ គឺពាក់ព័ន្ធទៅនឹងការផ្ទុះបាតុកម្មកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដើមខែមករា នៅផ្លូវវ៉េងស្រេង ពាក់ព័ន្ធការទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ។ ដូច្នេះ ខ្ញុំយល់ថា ដីកាបង្គាប់នេះជាការគំរាមកំហែងមួយថ្មីទៀតចំពោះសហជីព»។
លោកសន្យាថា លោកនឹងចូលខ្លួនតាមការបង្គាប់របស់តុលាការ ដោយមានមេធាវី និងការឃ្លាំមើលពីអង្គការសង្គមស៊ីវិល និងអ្នកកាសែតផង។ លោកបដិសេធថា លោកមិនបានពាក់ព័ន្ធនឹងការប្រព្រឹត្តណាមួយដូចបទចោទក្នុងដីកានោះទេ៖ «សម្រាប់រូបខ្ញុំផ្ទាល់ គឺមិនមានវត្តមាននៅនឹងកន្លែងហ្នឹងទេ។ និយាយឱ្យចំទៅ តំបន់ហ្នឹងផ្ទាល់ គឺខ្ញុំមិនមានវត្តមាននៅក្បែរហ្នឹងតែម្ដង។ ដូច្នេះ វាជាករណីមួយគ្រាន់តែជាហេតុ ដើម្បីបំបាក់ស្មារតី ក៏ដូចជាទប់ស្កាត់ចំពោះគម្រោងរបស់យើងនៅខែក្រោយទេ»។
លោកឱ្យដឹងដែរថា ប្រធាននិងថ្នាក់ដឹកនាំសហព័ន្ធជីព ៥រូបផ្សេងទៀត ក៏នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញកោះហៅដូចគ្នាដែរ។ ក្នុងនោះ មានលោក រ៉ុង ឈុន លោក អាត់ ធន់ លោក ជា មុនី អ្នកស្រី ម៉ម ញឹម និងអ្នកស្រី យ៉ាង សុភ័ណ្ឌ។
ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) និងជាប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ថ្លែងថា លោកបានដឹងអំពីការចោទប្រកាន់ និងការកោះហៅនេះ។ ប៉ុន្តែខាងលោកមិនទាន់បានទទួលដីកាកោះពីតុលាការនៅឡើយទេ៖ «យើងបានដឹងព័ត៌មានតាំងពីសប្ដាហ៍មុន។ ដីកាទាំងអស់ហ្នឹងគឺមានឈ្មោះ ៦នាក់ គេនឹងកោះអញ្ជើញទៅសាកសួរ ហើយបណ្ដឹងរបស់និយោជក (GMAC) ហ្នឹង ជាង ៧០ម៉ឺនដុល្លារ ដែលជាផលប៉ះពាល់ហ្នឹង។ អ្នកទាំងអស់គ្នា សុទ្ធតែធ្វើការតស៊ូឱ្យកម្មករ ហើយនៅពេលឥឡូវនេះ យើងកំពុងតែចាប់ផ្ដើមចរចាប្រាក់ឈ្នួលឡើងវិញ ស្រាប់តែដីកាហ្នឹងកោះហៅឡើងវិញ។ អ៊ីចឹងវាជាការគំរាមកំហែងសេរីភាពសហជីព។ ខ្ញុំគិតថា តុលាការគួរតែនៅក្រោមឥទ្ធិពលនយោបាយ ឬអ្នកមានលុយទេ ពីព្រើបើមិនអ៊ីចឹងទេ វាបង្ហាញពីតុលាការយើងហ្នឹងមិនឯករាជហើយ»។
លោកហៅដីកាកោះហៅរបស់តុលាការនេះ ជាការគំរាមកំហែងមួយនៅពេលដែលភាគីពាក់ព័ន្ធកំពុងចរចាអំពីបញ្ហាប្រាក់ខែរបស់កម្មករ។ លោកថា ការធ្វើបែបនេះ គឺជារបៀបចងដៃចងជើង ហើយចរចា និងជាការចរចាមិនស្មោះត្រង់។ លោកបដិសេធចំពោះការពាក់ព័ន្ធក្នុងការដឹកនាំឱ្យមានហិង្សា និងការបំផ្លាញទ្រព្យសម្បត្តិណាមួយ។
ការកោះហៅ និងគម្រោងកោះហៅថ្នាក់ដឹកនាំសហព័ន្ធសហជីព ដោយសាលាដំបូងរាជធានីភ្នំពេញ គឺទាក់ទងទៅនឹងបាតុកម្មរបស់កម្មករនៅផ្លូវវ៉េងស្រេង កាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៣ និងខែមករា ឆ្នាំ២០១៤ ដែលទាមទារប្រាក់ខែចំនួន ១៦០ដុល្លារ។ បាតុកម្មនោះ បានក្លាយជាអំពើហិង្សា និងនាំឱ្យមានខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈមួយចំនួន។ នៅពេលអាជ្ញាធរបង្ក្រាប មានបាតុក ៥នាក់បាត់បង់ជីវិត ម្នាក់ទៀតបាត់ខ្លួន ហើយចំនួន ២៣នាក់ទៀត ត្រូវចាប់ខ្លួនផ្ដន្ទាទោសដាក់ពន្ធនាគារមួយរយៈ។ រហូតមកដល់ពេលនេះ ការចរចាតំឡើងប្រាក់ខែ ១៦០ដុល្លាររបស់កម្មករ នៅមិនទាន់មានការសម្រេចពីភាគីពាក់ព័ន្ធនៅឡើយទេ។ លើសពីនេះទៀត ក្រុមសហជីពឱ្យដឹងថា ពួកគេមានគម្រោងនឹងធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់កម្មកររហូតដល់ ១៧៧ដុល្លារនៅខែក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។