សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅប្រធាននិងថ្នាក់ដឹកនាំសហជីពដ៏ល្បីឈ្មោះមួយ គឺសម្ព័ន្ធសហជីព ស៊ីខាវឌូ (CCAWDU) ឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងអំពើពុករលួយ កិបកេងលុយពីកម្មកររាប់ម៉ឺនដុល្លារ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ លោក អាត់ ធន់ បានថ្លែងថា នៅថ្ងៃទី២ មេសា ចៅក្រមបានសាកសួររូបលោកផ្ទាល់ និងថ្នាក់ដឹកនាំ ២រូបទៀត គឺលោក គង់ អាទិត្យ និង លោក ឯក សុភក្ដី ជាង ៣ម៉ោង បន្ទាប់ពីមានពាក្យបណ្ដឹងថា ពួកលោកជាប់ពាក់ព័ន្ធនឹងការកិបកេងប្រាក់រំលឹករបស់កម្មករនៅរោងចក្រ អ៊ីហ្គាមេន (E-garment) ជាង ៩ម៉ឺនដុល្លារ។
លោក អាត់ ធន់ បន្តថា សហការីរបស់លោក គឺលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន បានញុះញង់កម្មករឲ្យប្ដឹងពួកគាត់នោះ គឺដោយសារពួកគេមានបំណងចង់បំបែកសហជីពស៊ីខាវឌូ៖ «យើងទៅនេះ យើងឆ្លើយទៅតាមអ្វីដែលយើងបានធ្វើកន្លងមក មានន័យថា កម្មករដែលនៅក្នុង រោងចក្រ អ៊ីហ្គាមេន ហ្នឹង គឺជាកម្មករមួយដែលយើងជួយបានចូលធ្វើការ បានបើកលុយលើសចំនួនដែលគេត្រូវទទួលបានទៀត។ ប៉ុន្តែគេនៅតែប្ដឹង យើងមានន័យថា ដោយសារតែគេជឿការញុះញង់នៃ អ៊ុំ វិសាល ហ្នឹង ហើយយើងបានឆ្លើយ យើងបានមានកុំការអូសទាញ យើងក៏មានភស្តុតាង កិច្ចព្រមព្រៀងមួយៗដែលគាត់មិនមានអី គាត់សរសេរហើយគាត់អោយកម្មករផ្ដិតមេដៃ គាត់ដាក់ប្ដឹងយើង អាហ្នឹងមានន័យថា គាត់ធ្វើគ្មានភស្តុតាងអ្វី គាត់ធ្វើដើម្បីប្រយោជន៍របស់គាត់តែប៉ុណ្ណឹងទេ»។
ទោះជាយ៉ាងនេះក្ដី លោក អ៊ុំ វិសាល ធ្លាប់បានបដិសេធនឹងការលើកឡើងរបស់លោក អាត់ ធន់ នេះ ថា មិនមែនជាហេតុផលនៃការប្ដឹងទៅតុលាការទេ។ លោកគ្រាន់តែចង់កែទម្រង់ក្នុងស្ថាប័ននេះតែប៉ុណ្ណោះ។ បន្ទាប់ពីសាកសួរថ្នាក់ដឹកនាំសហជីពស៊ីខាវឌូ ពាក់ព័ន្ធរឿងពុករលួយនេះ តុលាការពុំបានបង្ហាញពីនីតិវិធីបន្តថានឹងធ្វើអ្វីទៀតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។