គ្រួសារ​អ្នក​កាសែត​ដែល​ត្រូវ​គេ​ព្រួត​វាយ​សម្លាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​បន្ត​ទាមទារ​យុត្តិធម៌

0:00 / 0:00

ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ គឺ​ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ស្លាប់​អ្នក​កាសែត​មាគ៌ា​កម្ពុជា ម្នាក់ ដោយ​ជន​ដៃ​ដល់​ប្រមាណ ១០​នាក់ បាន​វាយ​សម្លាប់​នៅ​ភូមិ​ក្បាលកន្លង់ ខេត្ត​កំពង់ឆ្នាំង។ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ ថា លោក សួន ចាន់ ដែល​បាន​ស្លាប់​ដោយ​ដំបង​របស់​ក្រុម​ជន​ល្មើស​ព្រួត​គ្នា​វាយ​នោះ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។

ភរិយា​របស់​ជន​រងគ្រោះ គឺ​លោកស្រី ទៀង ថាវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ជាមួយ​កូន​កំព្រា ៦​នាក់ ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្ដី​ស្លាប់​ទៅ គ្រួសារ​គាត់​វេទនា​គ្មាន​អ្វី​ប្រៀប​ផ្ទឹម និង​បារម្ភ​ពី​សុវត្ថិភាព ខណៈ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ល្មើស​អស់​មក​ផ្ដន្ទាទោស។ លោកស្រី​ពុំ​មាន​លទ្ធភាព​ធ្វើ​បុណ្យ​រំឭក​ខួប​ឲ្យ​ប្ដី​នោះ​ទេ ព្រោះ​គាត់​គ្មាន​អ្វី​ក្រៅ​ពី​សម្បក​កាយ និង​ផ្ទះ​ទុក​គ្រាន់​ជ្រក។

លោកស្រី ទៀង ថាវ មាន​ប្រសាសន៍​ថា ប្ដី​របស់​គាត់​ស្លាប់​ទៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ ដោយ​ជន​ល្មើស ៥​នាក់​ក្នុង​ចំណោម ៦​នាក់​ដែល​តុលាការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១៣​ឆ្នាំ​នោះ កំពុង​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។ លោកស្រី​ក៏​ធ្លាប់​ធ្វើ​សំណើ​សុំ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ពីរ​លើក​ដែរ ដើម្បី​ឲ្យ​ជួយ​ជំរុញ​សមត្ថកិច្ច​ប៉ូលិស ចាប់​ទណ្ឌិត​ដែល​នៅ​សល់​មក​ដាក់​គុក ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ឃើញ​សមត្ថកិច្ច​ចាត់​ចែង​ពន្លឿន​នីតិវិធី​ទេ៖ «មាន​ដំណឹង​ហើយ ប៉ុន្តែ​មិន​ទាន់​ច្បាស់លាស់ វា​ផ្លាស់​ទីលំនៅ​រហូត។ អ៊ីចឹង​បាន​ចង់​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ស្រាវជ្រាវ​ផង ខ្ញុំ​វា​មិន​អស់​ចិត្ត»

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​មាគ៌ា​កម្ពុជា ប្រចាំ​ស្រុក​ជលគីរី គឺ​លោក សួន ចាន់ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​រយៈពេល​ពីរ​ថ្ងៃ ក្រោយ​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ ដែល​ជន​ដៃ​ដល់​ប្រមាណ ១០​នាក់ ប្រើ​មែក​រាំង ដើម​ឫស្សី និង​ដុំ​ថ្ម វាយ​សន្ធាប់​ចំ​ក្បាល នៅ​ក្បែរ​ផ្ទះ​របស់​លោក​នៃ​ភូមិ​ក្បាលកន្លង់។ ពេល​នោះ សាច់ញាតិ​របស់​លោក ២​នាក់​ទៀត គឺ​ឈ្មោះ គូ អ៊ិន និង​ឈ្មោះ សួន ឌីម ក៏​ត្រូវ​ជន​ល្មើស​វាយ​ឲ្យ​រង​របួស​ធ្ងន់​ដែរ នៅ​ពេល​ចូល​ទៅ​ជួយ លោក សួន ចាន់។

ក្រោយ​មក ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ចោទ​ពី​បទ​មនុស្ស​ឃាត​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ ទៅ​លើ​បុរស​ចំនួន ៦​នាក់ មាន​ឈ្មោះ យីម ណាក់ យីម នុន យីម នីក សាំង សេងអៀង រ៉ុម រ៉ា និង​ម្នាក់​ទៀត​ឈ្មោះ យ៉ង ភាឡេង។ ជន​ទាំង ៦​នាក់ ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ប៉ុន្តែ​មាន​ម្នាក់​ប៉ុណ្ណោះ​ដែល​សមត្ថកិច្ច​ចាប់​យក​មក​ដាក់​គុក។

នៅ​ក្នុង​លិខិត​ស្នើសុំ​ជួយ​ជំរុញ​នីតិវិធី​ចាប់​ខ្លួន​ទណ្ឌិត មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​លើក​ទី​២ របស់​ភរិយា​ជន​រងគ្រោះ ចុះ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ហើយ​សាលា​ដំបូង​ខេត្ត បាន​ទទួល​នៅ​ថ្ងៃ​ដដែល បាន​បញ្ជាក់​ថា ទណ្ឌិត​ឈ្មោះ យីម ណាក់ យីម នុន យីម នីក និង​ក្រុម​គ្រួសារ បាន​ទៅ​រស់នៅ និង​ប្រកប​មុខ​របរ​នេសាទ​នៅ​ក្នុង​ភូមិ​រូត នៃ​ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ហើយ​មាន​ឪពុកមា​ជា​មន្ត្រី​នគរបាល​ស្រុក​បាធាយ ជា​អ្នក​ការពារ។ ចំណែក​ឈ្មោះ រ៉ុម រ៉ា និង​សាំង សេងអៀង បាន​ទៅ​ធ្វើ​ការ​ជា​កម្មករ​ឲ្យ​ឪពុកមា​ជា​ប៉ូលិស​ពាក់​ស័ក្ដិ​ប្រាំ នៅ​ចំណុច​ចម្ការ​ដូង​នៃ​ភូមិ​ដូង ឃុំ​ដា ស្រុក​មេមត់។

នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្ដីទី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ស្រី សុដា ច្រាន​ចោល​ការ​រិះគន់​ទាំងឡាយ​ដែល​ថា សមត្ថកិច្ច​មិន​អើពើ​ស្វែងរក​ចាប់​ខ្លួន​ទណ្ឌិត​ទាំង​នេះ។ លោក​ថា សមត្ថកិច្ច​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ ហើយ​ខាង​លោក​កំពុង​ខិតខំ​ស្រាវជ្រាវ​រក​ទីកន្លែង​ស្នាក់នៅ​ចុង​ក្រោយ​របស់​ជន​ល្មើស​ទាំង​នេះ ដើម្បី​ចាប់​ខ្លួន​មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ៖ «ផែនការ​របស់​លោក​ស្នងការ​ឲ្យ​ចុះ​តាម​ស្រុក ដើម្បី​ស្រាវជ្រាវ​រក​ទីលំនៅ​ចុង​ក្រោយ​របស់​ជន​ល្មើស បើ​ថា​នៅ​ក្រៅ​ខេត្ត ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ហើយ​សហការ​ជាមួយ​ខេត្ត​ដែល​ជន​ហ្នឹង​ទៅ​នៅ ដើម្បី​អនុវត្ត​ចាប់»

យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា សង្កេត​ឃើញ​ថា សមត្ថកិច្ច​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​ជន​រងគ្រោះ​នោះ​ទេ។ លោក​ថា បញ្ហា​នេះ​ហើយ​ដែល​បទល្មើស​ផ្សេងៗ​កើត​ឡើង​កន្លង​មក ក្រុម​គ្រួសារ​ជន​រងគ្រោះ ឬ​ប្រជាពលរដ្ឋ មិន​សូវ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច៖ «ហើយ​រាជ​រដ្ឋាភិបាល​ព្យាយាម​លុប​លាង​ពាក្យ​និទ្ទណ្ឌភាព​នេះ​នៅ​ក្នុង​សង្គម ប៉ុន្តែ​យើង​ឃើញ​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច​ដើម្បី​បញ្ចៀស​នូវ​ពាក្យ​និទ្ទណ្ឌភាព​នេះ នៅ​តែ​មិន​សូវ​ឈឺ​ក្បាល​នឹង​ពាក្យ​រិះគន់​នេះ​ទេ។ សុំ​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល ក្រសួង​យុត្តិធម៌ និង​អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ជំរុញ​ឲ្យ​មាន​តាម​ចាប់​ទណ្ឌិត​ទាំង​ប្រាំ​នាក់​នេះ​មក​ដាក់​ទោស»

គេ​សង្ស័យ​ថា ការ​ស្លាប់​របស់ លោក សួន ចាន់ គឺ​បណ្ដាល​មក​ពី​លោក​ឈឺ​ឆ្អាល និង​ផ្សាយ​រឿង​ទាក់ទង​នឹង​បទល្មើស​នេសាទ​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​គ្រួសារ​ជន​ល្មើស និង​សមត្ថកិច្ច​មូលដ្ឋាន​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ជលគីរី។ ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ឲ្យ​ដឹង​ថា បទល្មើស​ដាក់​សម្រាស់ ឆក់ និង​បទល្មើស​ជាច្រើន​ប្រភេទ​ទៀត បាន​កើត​មាន​រាប់​ឆ្នាំ​មក​ហើយ ដែល​មិន​ងាយ​នឹង​បង្ក្រាប​អស់។

នៅ​ក្នុង​បន្ទប់​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្ដី​ឡើង​វិញ​របស់ លោក សួន ចាន់ កាល​ពី​ឆ្នាំ​២០១៥ អតីត​ព្រះរាជអាជ្ញា​រង​ខេត្ត​កំពង់ឆ្នាំង លោក ឯក ស៊ុនរស្មី ថ្លែង​ថា រូប​លោក​បាន​ចុះ​ទៅ​ដល់​មូលដ្ឋាន​នេះ ហើយ​ឃើញ​ថា អ្នក​ភូមិ​ស្ទើរ​គ្រប់​គ្នា​ប្រកប​មុខ​របរ​នេសាទ ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន ប្រព្រឹត្ត​បទល្មើស​នេសាទ។ លោក​បន្ថែម​ថា ពេល​អត់​ពី លោក សួន ចាន់ ទៅ សកម្មភាព​ល្មើស​កើត​ឡើង​កាន់​តែ​ច្រើន។

តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៤ មាន​អ្នក​កាសែត ១៣​នាក់​ហើយ​ត្រូវ​គេ​សម្លាប់ និង​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។