ប្រធានសម្ព័ន្ធសហជីពកម្ពុជា នៅរោងចក្រ មេតថេក ខេមបូឌា (Medtec Cambodia) នៅខេត្តកំពង់ចាម ស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់មួយចំនួនលើពួកគាត់ ពីព្រោះអ្វីដែលពួកគេធ្វើ គឺដើម្បីផលប្រយោជន៍របស់កម្មករប៉ុណ្ណោះ។ ការស្នើជាថ្មីទៀតនេះ ក្រោយពេលប្រធានសហជីពម្នាក់ត្រូវបានតុលាការកោះហៅចូលបំភ្លឺនៅថ្ងៃទី១៩ កក្កដា ជុំវិញការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងប្រើប្រាស់មធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈកាលពីខែធ្នូ ឆ្នាំ២០១៣។
ក្រោយពេលចូលឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តកំពង់ចាម ស្របតាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរ ប្រធានសម្ព័ន្ធសហជីពកម្ពុជា នៅរោងចក្រ មេតថេក ខេមបូឌា (Medtec Cambodia) បញ្ជាក់ថា តុលាការមិនបានឃុំខ្លួនលោកទេ ពោលគឺនៅក្រៅឃុំបណ្ដោះអាសន្ន ដោយត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ បន្ថែមពីនេះ លោក ចន ធាង ត្រូវទៅបង្ហាញខ្លួននៅមុខមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំរៀងរាល់មួយខែម្តងនៅសប្ដាហ៍ទី៤។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា នៅរោងចក្រ មេតថេក ខេមបូឌា រូបនេះមានប្រសាសន៍ថា លោកស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងឡាយមកលើរូបគាត់ ពីព្រោះលោកមិនបានធ្វើខុសដូចការចោទប្រកាន់ទេ៖ « សុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ ជៀសវាងការចោទប្រកាន់អីមួយមកដល់ថ្នាក់ដឹកនាំសហជីព ដែលជាអ្នកការពារផលប្រយោជន៍ជូនកម្មករ »។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម លោក ប៉ុក សុវណ្ណមុនី្ន បានចេញដីកាមួយតម្រូវឲ្យលោក ចន ធាង ចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី១៩ កក្កដា ជុំវិញបទចោទប្រកាន់ថា បានញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងប្រើប្រាស់មធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈកាលពីខែធ្នូ ឆ្នាំ២០១៣។
អាស៊ីសេរី មិនទាន់អាចទាក់ទងចៅក្រមស៊ើបសួរ លោក ប៉ុក សុវណ្ណមុនី្ន បានទេនៅថ្ងៃទី១៩ កក្កដា។
ពលរដ្ឋម្នាក់ដែលបានតាមដានការចូលឆ្លើយបំភ្លឺរបស់លោក ចន ធាង គឺលោក រិន រដ្ឋ លើកឡើងថា សកម្មភាពលោក ចន ធាង ធ្វើកាលពីឆ្នាំ២០១៣ គឺដើម្បីផលប្រយោជន៍ជូនកម្មករសុទ្ធសាធ។ លោកកាន់តែត្រេកអរប្រសិនបើតុលាការទម្លាក់ការចោទប្រកាន់មកលើប្រធានសហជីពរូបនេះ៖ « ខ្ញុំសូមអំពាវនាវដល់តុលាការនៅកំពង់ចាម ហ្នឹង មេត្តាលើកលែងបទចោទចំពោះគាត់ទៅ »។
កាលពីចុងឆ្នាំ២០១៣ កម្មករស្ទើរទូទាំងប្រទេសបាននាំគ្នាធ្វើកូដកម្មទាមទារប្រាក់ខែគោលចំនួន ១៦០ដុល្លារពីរាជរដ្ឋាភិបាល ក្នុងនោះកម្មករនៅរោងចក្រ មេតថេក ខេមបូឌា រាប់រយនាក់ ក៏បានចូលរួមធ្វើកូដកម្មទាមទារប្រាក់ខែគោលទាំងនោះដែរ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ដ្បិតតែតុលាការសម្រេចមិនឃុំខ្លួនសហសេវិករបស់អ្នកស្រីក៏ដោយ ប៉ុន្តែការចោទប្រកាន់ទៅលើលោក ចន ធាង គឺវាធ្ងន់ធ្ងរពេកដែលមិនអាចទទួលយកបាន។ បន្ថែមពីនេះ គឺប៉ះពាល់សិទ្ធិសេរីភាពរបស់ពួកគាត់ទៀតផង នៅពេលតុលាការដាក់ក្រោមការត្រួតពិនិត្យ និងចូលបង្ហាញខ្លួននៅប៉ុស្តិ៍រដ្ឋបាលរៀងរាល់ខែ។ ប្រធានសហជីពរូបនេះស្នើឲ្យរាជរដ្ឋាភិបាល អាជ្ញាធរ និងតុលាការ ទម្លាក់ចោលការចោទប្រកាន់មកលើពួកគាត់ដែលបានបំពេញការងារជួយដល់កម្មករនោះ៖ « ខ្ញុំសង្ឃឹមថា តុលាការនឹងលើកលែងការចោទប្រកាន់ចំពោះគាត់ រួមទាំងពួកខ្ញុំអីហ្នឹង »។
ចំណែកមន្ត្រីអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពង់ចាម លោក មាន ព្រហ្មមុនី ស្វាគមន៍ចំពោះការសម្រេចមិនឃុំខ្លួនប្រធានសហជីព លោក ចន ធាង ប៉ុន្តែលោកស្នើឲ្យចៅក្រមទម្លាក់ការចោទប្រកាន់ជុំវិញសំណុំរឿងមួយនេះ។ លោកកត់សម្គាល់ថា សកម្មភាពរបស់សហជីពចូលរួមទាមទារដំឡើងប្រាក់ខែគោលកាលពីចុងឆ្នាំ២០១៣ គឺជាសេចក្តីត្រូវការរបស់កម្មករ ម្យ៉ាងក្រុមសហជីពពេលនោះក៏បានស្នើសុំធ្វើកូដកម្មតាមនីតិវិធីដែរ។ លោកបញ្ជាក់ថា ចៅក្រមស៊ើបសួរមានសិទ្ធិសម្រេចទម្លាក់ការចោទប្រកាន់នេះបាន ប្រសិនបើគាត់យល់ថាសំណុំរឿងនេះមិនមានបទល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។