ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោកចៅក្រម ងួន អឹម នៅរសៀលថ្ងៃទី២២ មេសា បានប្រកាសសាលដីកាករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងសាលារាជធានីភ្នំពេញ ជាមួយស្ត្រីជំនួញម្នាក់ដែលគេស្គាល់ថា យាយក្រពើ។
ក្រោយពីការបើកសវនាការសួរដេញដោយផ្ទាល់មាត់ កាលពីថ្ងៃទី២៦ មីនា រួចមក លោកចៅក្រម ងួន អឹម បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។ ប៉ុន្តែសាលឧទ្ធរណ៍សម្រេចបន្ធូរបន្ថយទោសលោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ពីជាប់គុក ៤ឆ្នាំ ៦ខែ មកនៅត្រឹម ២ឆ្នាំវិញ។ សាលាឧទ្ធរណ៍ក៏សម្រេចបន្ថយប្រាក់ផាកពិន័យចូលថវិកាជាតិពី ៣០លានរៀល មកត្រឹម ១៥លានរៀល និងលុបចោលប្រាក់ជំងឺចិត្តសងដល់សាលារាជធានីភ្នំពេញ ចំនួន ៦០លានរៀលទាំងស្រុង។
សព្វថ្ងៃយាយក្រពើកំពុងគេចខ្លួននៅក្រៅប្រទេសពីការតាមចាប់របស់អាជ្ញាធរ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំកន្លះ ពីបទរំលោភដីសាធារណៈរបស់រដ្ឋ កាលពីខែធ្នូ ឆ្នាំ២០១២ តាមបណ្ដឹងសាលារាជធានីភ្នំពេញ ដែលកាលណោះគ្រប់គ្រងដោយលោក កែប ជុតិមា។
មេធាវីការពារក្តីឲ្យយាយក្រពើ គឺលោក សុក សំអឿន យល់ឃើញថា ត្បិតសាលាឧទ្ធរណ៍មានការលើកលែងទោសខ្លះដល់កូនក្តីរបស់លោក ប៉ុន្តែសាលដីកានោះ មិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្តីរបស់លោកទេ។ លោកនឹងជជែកជាមួយយាយក្រពើពីរឿងនេះ មុននឹងសម្រេចដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូល។
លោក សុក សំអឿន៖ «ការកាត់ក្តីឲ្យគាត់មានទោសហ្នឹងមិនយុត្តិធម៌សម្រាប់គាត់ទេ។ វាមានមូលហេតុច្រើនយ៉ាង ហើយមូលហេតុសំខាន់នោះ អាដីដែលឈូសហ្នឹង គឺ ៥០ម៉ែត្រចេញពីថ្នល់ ប៉ុន្តែដីកាត់ចូលជាសម្បត្តិរដ្ឋគឺ ៧០ម៉ែត្រពីថ្នល់ឯណោះ រឿងអីត្រូវយកការឈូសមកដាក់ទណ្ឌកម្មគាត់កើត? ហើយបើគេសំអាងថា បើពីគាត់កាន់កាប់ដីនោះ ចោទម៉េចកើតបើគាត់កាន់កាប់តាំង (ឆ្នាំ) ១៩៩៩ ម៉េច ត្រូវអាចមានទោស មានទោសរឿងព្រហ្មទណ្ឌ គឺអយុត្តិធម៌សម្រាប់គាត់ណាស់»។
លោកស្រី ឈិន សុគន្ធារី ត្រូវបានជាប់ងារជាយាយក្រពើ បន្ទាប់ពីលោកស្រីប្រមូលទិញដីពីពលរដ្ឋជាង ៣៤ហិកតារ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាំងពីឆ្នាំ១៩៩៩ ត្រៀមសាងសង់សួនអភិរក្សសត្វក្រពើខ្នាតអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
សាលារាជធានីភ្នំពេញ ដែលកាលណោះគ្រប់គ្រងដោយលោក កែប ជុតិមា បានយកដីរបស់យាយក្រពើ ទាំងអស់ដាក់ជាសម្បត្តិរដ្ឋតាមអនុក្រឹត្យលេខ ១០១ ចេញកាលពីខែកក្កដា ឆ្នាំ២០១២ ក្រោមលេសថា ទុកធ្វើជាអាងស្តុកទឹកនៅរដូវវស្សា។ ប៉ុន្តែភ្លាមៗក្រោយពីរឹបអូសដីរបស់លោកស្រីរួចហើយនោះ សាលាក្រុងបែរជាស្នើសុំទៅរដ្ឋាភិបាលម្ដងទៀត ដោយអនុបយោគដីនោះពីដីរបស់រដ្ឋទៅដីឯកជនរបស់រដ្ឋវិញ។ បច្ចុប្បន្នដីមានទំនាស់កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់បុរីពិភពថ្មី ដែលកំពុងសាងសង់ផ្ទះរាប់រយល្វែងសម្រាប់លក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
