ពលរដ្ឋ​ខេត្ត​កោះកុង​គ្រោង​ប្ដឹង​អាជ្ញាធរ​ចោទ​ប្រើ​ហិង្សា​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា

ដោយ សេក បណ្ឌិត
2015.09.03
ចាប់​សកម្មជន កោះកុង ៦២០ កម្លាំង​នគរបាល​ខេត្ត​កោះកុង ឃាត់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល អ្នក​កាសែត សកម្មជន​ការពារ​បរិស្ថាន និង​តំណាង​សហគមន៍ បញ្ជូន​ទៅ​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥។
Photo provided

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បង្ក្រាប​ការ​តវ៉ា​ពី​អាជ្ញាធរ​ខេត្ត​កោះកុង សុំ​អន្តរាគមន៍​ផ្នែក​ច្បាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស ឲ្យ​រក​មធ្យោបាយ​ប្ដឹង​ក្រុម​អាជ្ញាធរ​ដែល​ប្រើ​អំពើ​ហិង្សា ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ពួក​គាត់។ ចំណែក​អាជ្ញាធរ​ខេត្ត​ថ្លែង​ថា ការ​ប្តឹងផ្តល់​ណា​មួយ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ថា​មិន​បាន​ប្រើ​ហិង្សា​ណា​មួយ​លើ​ពួក​គាត់​នោះ​ទេ។

ពលរដ្ឋ​​នៅ​ខេត្ត​កោះកុង ដែល​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​បង្ក្រាប​ដោយ​ហិង្សា​ពី​អាជ្ញាធរ មិន​ឲ្យ​មាន​ការ​តវ៉ា​នោះ កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​ទាមទារ​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ។

ពួក​គាត់​ថ្លែង​នៅ​ថ្ងៃ​ទី​៣ កញ្ញា ថា អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​សង​ជំងឺ​ចិត្ត​ដល់​ពួក​គាត់ ព្រោះ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​បង្ក្រាប​ពួក​គាត់​ដោយ​ហិង្សា ធ្វើ​ឲ្យ​អ្នក​ខ្លះ​សន្លប់ និង​រង​របួស​ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បណ្តោយ​ឲ្យ​មាន​ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម​ទៀត មក​បង្ក្រាប​អ្នក​តវ៉ា​ដែល​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន ៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ខេត្ត​នេះ។

ពលរដ្ឋ​ម្នាក់​ដែល​រង​របួស​ធ្ងន់​ជាង​គេ គឺ​លោក វ៉ាន នីន នៅ​ឃុំ​កណ្ដោល បាន​ហៅ​ការ​បង្ក្រាប​ក្រុម​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​នោះ ថា​ជា​ការ​បង្ក្រាប​ព្រៃផ្សៃ​មួយ​ដែល​មិន​អាច​ទទួល​យក​បាន៖ «សមត្ថកិច្ច​បង្ក្រាប​យ៉ាង​ចាស់​ដៃ គេ​ធាក់​ខ្ញុំ គេ​ចាប់​បោក​ក្បាល​នឹង​ជញ្ជាំង ឥឡូវ​ខ្ញុំ​កំពុង​តែ​ចុក​ក្នុង​ទ្រូង ហើយ​ក្បាល​ខ្ញុំ​កំពុង​ពើត​ឈឺ»

លោក​បន្ត​ថា ពួក​គាត់​នឹង​ប្ដឹង​រក​មុខ​កម្លាំង​សមត្ថកិច្ច​ណា​ដែល​ជា​អ្នក​បញ្ជា និង​អ្នក​ដៃ​ដល់​វាយ​ដំ​ប្រជាពលរដ្ឋ ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក និង​ពលរដ្ឋ​ដទៃ​ទៀត។

ចំណែក​ស្ត្រី​អ្នក​តវ៉ា​ម្នាក់​ទៀត​ឈ្មោះ វី ផល្លា រស់នៅ​ភូមិ​កោះស្រឡៅ ឃុំ​កោះកាពិ ដែល​រង​របួស​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នោះ​ដែរ ក៏​ចង់​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​រក​យុត្តិធម៌​ដូច​គ្នា​ដែរ៖ «ដូច​ព្រៃផ្សៃ​ពេក​ហើយ ទាំង​ប្រជាពលរដ្ឋ​អត់​មាន​ធ្វើ​អ្វី​ទៅ​លើ​ពួក​គាត់ ពលរដ្ឋ​មាន​តែ​ឱន​លំទោន ទាំង​គោរព​ពួក​គាត់ តែ​ពួក​គាត់​ផ្តល់​មក​ប្រជាពលរដ្ឋ​វិញ​នូវ​ការ​បង្ក្រាប​ពលរដ្ឋ​យ៉ាង​ព្រៃផ្សៃ ដែល​ពិបាក​នឹង​ទទួល​យក​បាន​ណាស់»

សមត្ថកិច្ច​ខេត្ត​កោះកុង ក្រៅ​ពី​បាន​បំបែក​ការ​ប្រមូល​ផ្តុំ​ពលរដ្ឋ​ដែល​មក​ស្នាក់នៅ​តវ៉ា ក្នុង​បរិវេណ​វេទិកា​បាល់​ទាត់​មុខ​សាលា​ដំបូង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២ កញ្ញា នោះ សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល អ្នក​កាសែត សកម្មជន​ការពារ​បរិស្ថាន និង​តំណាង​សហគមន៍​សរុប ១៧​នាក់ ដើម្បី​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ ខណៈ​ពួក​គាត់​ចុះ​ឃ្លាំ​មើល​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី និង​សកម្មជន​ការពារ​បរិស្ថាន នៅ​មុខ​សាលា​ដំបូង​ខេត្ត​កោះកុង នោះ។

ទាក់ទង​នឹង​ការ​ចាប់ និង​ឃុំ​ខ្លួន​នេះ ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ជិត ២០​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​កោះកុង។ ពួក​គេ​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​កោះកុង ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ឆ្លើយ​តប​រឿង​នេះ អភិបាល​រង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង លោក ប៉ែន ប៊ុនឈួយ បាន​ច្រាន​ចោល​ចំពោះ​ការ​ថ្លែង​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ថា​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​របស់​ពលរដ្ឋ​ដោយ​ហិង្សា៖ «មាន​តែ​ការ​សម្រប​សម្រួល​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​ដោយ​សន្តិវិធី ហើយ​ពួក​គាត់​មាន​ចំនួន ២០​នាក់​ហ្នឹង»

ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន ឲ្យ​ដឹង​ថា អង្គការ​លោក​នឹង​ជួយ​អន្តរាគមន៍​ជូន​ពលរដ្ឋ​រងគ្រោះ នៅ​ពេល​ដែល​ទទួល​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ៖ «យើង​នឹង​ពិនិត្យ​មើល​ថា តើ​ឆន្ទៈ​របស់​ពួក​គាត់​ចង់​បាន​អ្វី? ហើយ​អង្គការ​យើង​នឹង​សម្រប​សម្រួល​ជួយ​ពួក​គាត់​ទៅ​តាម​ផ្លូវ​ច្បាប់»

មក​ដល់​ពេល​នេះ សកម្មជន​បរិស្ថាន ៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នោះ តុលាការ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​ក្នុង​ការ​បើក​សវនាការ​នៅ​ឡើយ។

អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា សកម្មភាព​ទាមទារ​របស់​យុវជន ៣​នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ និង​ពលរដ្ឋ មិន​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​នោះ គឺ​ជា​ការ​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​បរិស្ថាន ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ ដោយ​ពួក​គាត់​មិន​ត្រូវ​ក្លាយ​ជា​ជន​ជាប់​ចោទ​នោះ​ទេ។ ស្រប​ពេល​គ្នា​នោះ អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​អាជ្ញាធរ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ចំពោះ​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ដាយរិក អាកសេស (Direct Access) និង​ក្រុមហ៊ុន អ៊ិនធឺណេសិនណល រ៉េនបូ (International Rainbow) ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។