សាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការជាថ្មីទៀតលើសំណុំរឿងសុំនៅក្រៅឃុំរបស់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ នៅថ្ងៃទី២៤ ខែមីនា។
តាមនីតិវិធីសវនាការនៅសាលាឧទ្ធរណ៍នេះ គឺតម្រូវអោយមានវត្តមានលោក វន់ ពៅ ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អោយបានច្បាស់លាស់ទេថា តើលោក វន់ ពៅ នឹងត្រូវនាំពីពន្ធនាគារត្រពាំងផ្លុងមកសវនាការ ឬយ៉ាងណានៅឡើយ។
មន្ត្រីគ្រប់គ្រងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាម នៅមិនទាន់បញ្ជាក់បាននៅឡើយពីការបញ្ជូនលោក វន់ ពៅ មកកាន់សវនាការសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២៤ ខែមីនា ដោយសំអាងហេតុផលថា ពន្ធនាគារខ្វះមធ្យោបាយដឹកជញ្ជូន។
ប្រធានពន្ធនាគារត្រពាំងផ្លុង លោក គា សុវណ្ណា មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី២២ ខែមីនា ថា លោកបានទទួលដីកាតុលាការអោយបញ្ជូនជនសង្ស័យទៅសវនាការ ប៉ុន្តែនៅមិនទាន់ប្រាកដប្រជាថា នឹងអាចនាំលោក វន់ ពៅ មកកាន់សវនាការបានឬអត់នោះទេ។ តែលោកបញ្ជាក់ថា ពន្ធនាគារកំពុងខ្វះមធ្យោបាយដឹកជញ្ជូន ដ្បិតឡានរបស់ពន្ធនាគារខូចអស់ទៅហើយ៖ «មិនទាន់ដឹងទេចាំមើលដល់ថ្ងៃ។ បាទ! នៅខ្វះខាតមធ្យោបាយដឹកជញ្ជូន ដោយសារអស់សុពលភាពហើយ ចាស់ៗ ព្រោះវាកំពុងធ្វើ វាចេះតែខូច ដុំកង់វាហ្នឹងកំពុងធ្វើម៉ាស៊ីនវាអីហ្នឹងកំពុងតែដោះធ្វើ។ …ចាំមើលថ្ងៃហ្នុងជាក់ស្តែងទៅ»។
លោក វន់ ពៅ ត្រូវចាប់ឃុំខ្លួនកាលពីថ្ងៃទី២ ខែមករា នៅក្បែររោងចក្រយ៉ាកជីន តាមបណ្ដោយផ្លូវជាតិលេខ៤ និងត្រូវនាំទៅឃុំនៅមន្ទីរអប់រំកែប្រែទី៣ នៅត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម។ បច្ចុប្បន្នលោកត្រូវក្រុមគ្រួសារអះអាងថា កំពុងមានជំងឺដោយសារការវាយដំរបស់អាជ្ញាធរនៅពេលចាប់ខ្លួន និងជំងឺប្រចាំកាយនៅក្រោយការវះកាត់សាច់ដុំមហារីក។
ទាក់ទិននឹងការនាំជនសង្ស័យមកកាន់សវនាការ មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលការពារក្ដីអោយលោក វន់ ពៅ គឺលោក ហម ស៊ុនរិទ្ធ មានប្រសាសន៍ថា ចាំបាច់ណាស់ដែលកូនក្ដីរបស់លោក ត្រូវមកកាន់សវនាការដើម្បីពន្យល់ពីហេតុការណ៍ និងសំណូមពរដល់តុលាការ។ លោកបន្តថា ការឃុំខ្លួនគឺដើម្បីរង់ចាំសវនាការ ហេតុនេះពុំគួរមានមូលហេតុដែលត្រូវខកខានក្នុងការនាំខ្លួននេះឡើយ៖ លោក ហម ស៊ុនរិទ្ធ៖ «មកដល់ពេលឥឡូវនេះ ដែលត្រូវតុលាការត្រូវការគាត់ហើយ អ៊ីចឹងហេតុផលហ្នឹងគួរតែអាជ្ញាធរហ្នឹងត្រូវតែរៀបចំចាត់ចែងជូន គាត់អោយបានទទួលសិទ្ធិ។ ទី១ រឿងសិទ្ធិចំពោះមុខច្បាប់ ហៅថា សវនាការដោយយុត្តិធម៌ ទី២ ហេតុផលថា ដែលទុកពេលតុលាការចាត់ការតាមនីតិវិធី ហើយយកគាត់ទៅឃុំ ឥឡូវពេលតុលាការត្រូវការម៉េចមិនបញ្ជូនគាត់មក ការឃុំខ្លួនគាត់ក្នុងន័យយ៉ាងម៉េច?»។
ចៅក្រមសាលាឧទ្ធរណ៍កាលពីថ្ងៃទី១១ ខែកុម្ភៈ បានសម្រេចម្ដងរួចមកហើយ ដោយមិនអនុញ្ញាតអោយលោក វន់ ពៅ សកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២០នាក់ផ្សេងទៀត បាននៅក្រៅឃុំឡើយ ដោយសំអាងថា សំណុំរឿងនេះកំពុងឋិតក្នុងការស៊ើបអង្កេត និងថា សំណើសុំនៅក្រៅឃុំដែលដាក់ដោយក្រុមគ្រួសារ និងមេធាវីការពារ គឺពុំមានហេតុផលគ្រប់គ្រាន់ដែលអាចអោយចៅក្រមពិចារណាបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
