តុលាការ​កោះ​ហៅ​បេក្ខនារី​លេខ​រៀង​ទី​១​បក្ស​សង្គ្រោះ​ជាតិ​សង្កាត់​អូរចារ​ចូល​បំភ្លឺ​លើក​ទី​២

ដោយ ហ៊ុំ ចំរើន
2017-05-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​អូរចារ លេខ​រៀង​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ក្នុង​សង្កាត់​អូរចារ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​អូរចារ លេខ​រៀង​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ក្នុង​សង្កាត់​អូរចារ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
RFA/Hum Chamroeun

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង កោះ​ហៅ​បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ក្នុង​ដំណើររឿងមិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​សំណុំ​រឿង​ទំនាស់​ដី។

សកម្មជន​​បក្ស​ប្រឆាំង​រូប​នេះ ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា បាន​​ចុះ​ឃ្លាំ​មើល​ពលរដ្ឋ​តវ៉ា​ដែល​រារាំង​ការ​អនុវត្ត​ដីកា​ស្ថាពរ​របស់​តុលាការ​ខេត្ត​បាត់ដំបង ក្នុង​សំណុំរឿង​ជម្លោះ​ដី​សាលា​រវាង​ពលរដ្ឋ និង​មន្ត្រី​នគរបាល។

បេក្ខនារី​ឈរ​ឈ្មោះ​បោះឆ្នោត​សង្កាត់​អូរចារ លេខ​រៀង​ទី​១ គណបក្ស​ប្រឆាំង អះអាង​ថា នាង​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ខាង​មុខ ដោយ​មិន​រុញរា​ឡើយ ទោះ​បី​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្ដី។

បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​អូរចារ គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា នាង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ដីកា​កោះ​នេះ ថា​អាច​នឹង​ប៉ះពាល់​ដល់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​នាង​នៅ​ថ្ងៃ​៤ ខែ​មិថុនា ខាង​មុខ។

កញ្ញា​សម្បុរ​ស រាង​តូចច្រឡឹង មុខ​ស្រស់​រូប​នេះ បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នឹង​​ដីកា​របស់​សាលាដំបូង​ខេត្ត​បាត់ដំបង ទេ ដោយ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ​មក​លើ​រូប​នាង ធ្វើ​ឲ្យ​​នាង​ពុំ​មាន​សិទ្ធិ​ឃោសនា​រក​សំឡេង​ឆ្នោត​បាន​ទូលំទូលាយ​​ដូច​បេក្ខជន​ដទៃ​ទៀត។ កញ្ញា​វ័យ ៣០​ឆ្នាំ​ប្លាយ​រូប​នេះ​ សង្កត់​ធ្ងន់​ថា ប្រសិន​បើ​តុលាការ​ឃាត់​រូប​នាង​ ដោយសារ​តែ​រឿង​ទៅ​ឃ្លាំ​មើល​ពលរដ្ឋ​តវ៉ា​បញ្ហា​ទំនាស់​ដី​ធ្លី​​​នោះ ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​សង្កាត់​អូរចារ នឹង​មិន​ទៅ​បោះឆ្នោត​ឡើយ៖ «ខ្ញុំ​ជឿជាក់​ថា នៅ​ថ្ងៃ​ទី​២៣ (ឧសភា) តុលាការ​នឹង​សម្រេច​ត្រឹម​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ត្រឡប់​មក​ឃោសនា​រក​សំឡេងឆ្នោត​​តាម​ធម្មតា​វិញ​ ពី​ព្រោះ​ខ្ញុំ​ស្នើ​​កន្លង​មក​គឺ​មាន​មូលហេតុ​ច្បាស់​លាស់​របស់​ខ្ញុំ​ ដោយ​ខ្ញុំ​ជា​បេក្ខនារី​ចៅសង្កាត់។ ប៉ុន្តែ​បើ​សិន​ជា​ថ្ងៃ​ទី​២៣ នោះ​មាន​ហេតុការណ៍​ណា​មួយ​ចំពោះ​ខ្ញុំ គឺ​ជា​រូបភាព​អាក្រក់​ណាស់​ កាល​ណា​ឃុំឃាំង មិន​មែន​ឃុំ​ខ្ញុំ ដូច​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​សង្កាត់​អូរចារ ទាំង​មូល»

ដីកា​កោះ​ដែល​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក ប៉ង់ ចាន់សុយុទ្ធារា ចុះ​ថ្ងៃ​ទី​៨ ខែ​ឧសភា កោះ​ហៅ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជា​ជន​សង្ស័យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង​មិន​គោរព​តាម​សេចក្ដី​របស់​តុលាការ​តាម​បណ្ដឹង​របស់​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ម្នាក់​ឈ្មោះ សៅ ប៊ុនទិត្យ។

កាល​ពី​ថ្ងៃ​ទី​១៦ មករា កន្លង​ទៅ ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​សង្កាត់​អូរចារ ដើម្បី​ជំទាស់​នឹង​មន្ត្រី​តុលាការ​ដឹកនាំ​សមត្ថកិច្ច​​ចុះ​អនុវត្ត​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​បាត់ដំបង។ កាល​ណោះ​​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​ទៅ​ឃ្លាំ​មើល​ដល់​ទី​កន្លែង​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នោះ។ ការ​តវ៉ា​នេះ​ ដោយសារ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ ​ដែល​បាន​កាត់​ក្ដី​ឲ្យ​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ម្នាក់​ឈ្មោះ សៅ ប៊ុនទិត្យ ឈ្នះ​ក្ដី​លើ​សំណុំ​រឿង​ទំនាស់​ដី​សាលា​មត្តេយ្យ​នៅ​ក្នុង​សង្កាត់​អូរចារ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ពលរដ្ឋ​លើក​ឡើង​ថា​ ពួកគាត់​ចង់​ឲ្យ​តុលាការ​សើរើ​​ឡើង​វិញ​ ដើម្បី​រក្សា​ដី​របស់​សាលា​ទុក​ប្រើប្រាស់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ពីព្រោះ​ការ​ប្ដឹង​កន្លង​មក​ពួកគាត់​ពុំ​បាន​ដឹង​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា បញ្ហា​​នេះ​ជា​នីតិវិធី​មួយ​របស់​ព្រះរាជ​អាជ្ញា​រង​ក្នុង​ការ​កោះ​ហៅ​បេក្ខនារី​បក្ស​ប្រឆាំង​ដើម្បី​ទៅ​សាកសួរ។ លោក​បន្ត​ថា​ ករណី​ទី​១ ក្រោយ​ពី​ការ​សាកសួរ​ហើយ តុលាការ​អាច​ទម្លាក់​បទ​ចោទ​ក៏​ថា​បាន ឬ​ក៏​តុលាការ​បន្ត​ការ​ស៊ើប​អង្កេត​ទៅ​ចៅក្រម ហើយ​ពេល​នោះ​ចៅក្រម​អាច​នឹង​ឃាត់​ខ្លួន​ជនសង្ស័យ​តែម្ដង។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​កត់សំគាល់​ថា តុលាការ​ខេត្ត​បាត់ដំបង ជាង ៩០​ភាគរយ មិន​​​អនុវត្ត​ច្បាប់​ ដោយ​ការ​ឃុំ​ខ្លួន​នៅ​ពេល​​កោះ​ហៅ​សាកសួរ​នោះ​ទេ៖ «ហើយ​អ៊ីចឹង​នៅ​តែ​ទទូច​ថា​ ការ​អនុវត្ត​សាលក្រម​ពេល​ខ្លះ​មន្ត្រី​មួយ​ចំនួន​ក៏​គាត់​មិន​យល់​ថា ការ​ទៅ​រារាំង​មាន​ទោសកំហុស​ដែរ។ អ៊ីចឹង​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ព្រះរាជអាជ្ញា​ទម្លាក់​បទ​ចោទ​នេះ​ចោល​ទៅ​ក្រោយ​ពី​ការ​សាកសួរ ពីព្រោះ​ភាគី​ម្ខាង​ទៀត​ក៏​បាន​អនុវត្ត​សាលក្រម​នេះ​រួច​រាល់​ដែរ ហើយ​​ពលរដ្ឋ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ក៏​បាន​ចូល​ទៅ​បំភ្លឺ​តុលាការ​ហើយ​ដែរ»

​​​​​​​​​​​​​​ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង​ លោក ហេង សាយហុង លើក​ឡើង​ថា​ រឿង​នេះ​តុលាការ​បាន​កោះ​ហៅ​​ពលរដ្ឋ​ជា​ច្រើន​នាក់​ទៅ​សាកសួរ​រួច​អស់​ទៅ​ហើយ ដែល​តុលាការ​គួរ​បញ្ចប់​ត្រឹម​នេះ​ ដោយ​មិន​ចាំបាច់​បន្ត​សាកសួរ​មន្ត្រី​គណបក្ស​នោះ​ឡើយ៖ «ទាក់ទង​​នឹង​ការ​កោះ​ហៅ​នេះ​ឃើញ​ថា ជា​ដំណាក់កាល​មួយ​ជិត​ដល់​យុទ្ធនាការ​បោះឆ្នោត​ គួរតែ​លើក​ពេល​សាក​សួរ​ទៅ​ថ្ងៃ​ក្រោយ​បោះឆ្នោត​ប្រសើរ​ជាង។ ព្រោះ​រឿង​នេះ​ជា​រឿង​រដ្ឋប្បវេណី​ ដែល​ពលរដ្ឋ​តវ៉ា​ចង់​បាន​ដីធ្លី​ជា​ប្រយោជន៍​រួម​សាធារណៈ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ មិន​មែន​ជា​ប្រយោជន៍​បុគ្គល​ទេ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​២​ស្ថាប័ន​ សង្កត់​ធ្ងន់​ថា​ ករណី​នេះ​អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ផ្លូវ​ច្បាប់ ដោយសារ​បេក្ខនារី​គណបក្ស​ប្រឆាំង​រូប​នេះ​ មាន​ប្រជាប្រិយភាព​ខ្លាំង ដែល​ជា​ឆ្អឹង​ទទឹង​ក​របស់​គូប្រកួត​ប្រជែង​គណបក្ស​កាន់​អំណាច​ ដល់​ការ​បោះឆ្នោត​​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

​​​​​​​​​​កន្លង​មក​ តុលាការ​បាន​កោះ​ហៅ​ពលរដ្ឋ​ចំនួន ១៣​នាក់​ហើយ​ ទៅ​សាកសួរ​ពី​ការ​តវ៉ា​ក្នុង​សំណុំ​រឿង​តែមួយ ប៉ុន្តែ​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ​ទេ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចំនួន​២​លើក​មក​​ហើយ​ ដោយ​​​លើក​ដំបូង​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ មេសា ប៉ុន្តែ​​សាមី​ខ្លួន​បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ​ ចំណែក​​លើក​ទី​២​នេះ​ សាមី​ខ្លួន​អះអាង​ថា នឹង​ត្រូវ​​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៣ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មិនយល់ ទៅឈរមើលបាតុកម្មអាចជាប់គុកដែរ ។ បើអ្នកឈមើលជាប់គុក ទាល់តែចាប់អ្នកធ្វើទាំងអស់ជាប់គុកដែរ ។ អ្នកធ្វើមិនជាប់គុក បែរជាអ្នកមើលជាប់ ។ កឹមសុខារួចខ្លួន តែសង្គមសុីវិលជាប់គុក ។ អត់យល់ ។ និតិរដ្ខ ឯករាជ្យភាពតុលាការ និង អធិបតេយ្យជាតិពេញលេញចឹងឬ?

May 14, 2017 01:19 PM

គេហទំព័រ​ទាំងមូល