យុវជនម្នាក់ដែលគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក ទៀង សុខ ចោទប្រកាន់ចំនួន២ករណីគឺ ករណីគំរាមសម្លាប់ និងការប្រមាថ។
យុវជនរូបនេះឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពីថ្ងៃទី៦ មករា បន្ទាប់ពីយុវជនរូបនេះ ប្រើប្រាស់ហ្វេសប៊ុកឈ្មោះក្លែងក្លាយ គំរាមសម្លាប់លោក ហ៊ុន សែន តាមបណ្ដាញសង្គមនេះ។
ការចោទប្រកាន់ប្រកាន់ចំនួន២ករណី តាមក្រមព្រហ្មទណ្ឌមាត្រា២៣៣ ស្ដីពីការគំរាមថានឹងសម្លាប់ ដែលនឹងត្រូវជាប់ពន្ធនាគារ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ដល់៤លានរៀល។ ចំណែកមាត្រា៥០២ ស្ដីពីបទប្រមាទ ចំពោះអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ នឹងត្រូវជាប់ពន្ធនាគារពី១ថ្ងៃ ទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី១ពាន់ ទៅដប់ម៉ឺនរៀល។
យ៉ាងណាក៏ដោយពេលដែលសមត្ថកិច្ចនាំយុវជនរូបនោះ មកកាន់តុលាការដើម្បីសាកសួរ នៅរសៀលថ្ងៃនេះ យុវជនរូបនោះបានស្រែកស្នើសុំការអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល។ ខណៈក្រុមគ្រួសារយុវជននេះ មិនទាន់ជឿថា យុវជន ម៉ាន់ សំអ៊ាន់ ប្រព្រឹត្តដូចការចោទឡើយ និងស្នើឲ្យធ្វើការស៊ើបអង្កេតចំពោះករណីនេះ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមរបស់លោក សូត សុខប្រាថ្នា ដែលតាមដានរឿងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។