អត្ថន័យ​នៃ​ឈ្មោះ​ថ្ងៃ​ទាំង​៧

ដោយ កែវពេជ្រ មេត្តា
2014.04.22

ដូនតា​ខ្មែរ​កាលពី​សម័យ​បុរាណ​បាន​បង្កើត​នាម ឬ​ដាក់​ឈ្មោះ​ឲ្យ​ថ្ងៃ​ទាំង​៧ ដើម្បី​ងាយ​ស្រួល​កត់ត្រា​ចំណាំ និង​សម្រាប់​ប្រើប្រាស់​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ។ តើ​ឈ្មោះ​ថ្ងៃ​ទាំង​៧​នោះ បុព្វបុរស​ខ្មែរ​លោក​បាន​បង្កើត​តាម​វិធីសាស្ត្រ​យ៉ាង​ដូចម្ដេច ហើយ​​មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ?

មនុស្ស​គ្រប់​ជាតិ​សាសន៍​ក្នុង​សកលលោក រួម​ទាំង​ជនជាតិ​ខ្មែរ​ផង បាន​បង្កើត​ឲ្យ​មាន​ឈ្មោះ​ថ្ងៃ នីមួយៗ​ទៅតាម​ភាសា​របស់​គេ​រៀងៗ​ខ្លួន ដើម្បី​ជួយ​សម្រួល​ឲ្យ​មាន​ពេល​វេលា​ច្បាស់លាស់​សម្រាប់​ធ្វើ​កិច្ចការ​ផង​ទាំងឡាយ​នៅ​ក្នុង​ជីវិត​រស់នៅ​ជាដើម។

សម្រាប់​ជនជាតិ​ខ្មែរ​បាន​បង្កើត​នាម ឬ​ឈ្មោះ​ថ្ងៃ​ទាំង​៧​នោះ ដែល​មាន​ដូចជា​ថ្ងៃ អាទិត្យ ថ្ងៃ​ច័ន្ទ ថ្ងៃ​អង្គារ ថ្ងៃ​ពុធ ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍។

​អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ បាន​ឲ្យ​ដឹង​ថា បុរាណាចារ្យ​ខ្មែរ កាល​ដែល​លោក​បាន​គោរព​បូជា​ព្រះអាទិទេព ឬ​គោរព​សាសនា​ព្រហ្មញ្ញ​នោះ គឺ​លោក​បាន​បង្កើត​ឈ្មោះ ឬ​ដាក់​នាម​ឲ្យ​ថ្ងៃ​ទាំង​៧​នោះ ដោយ​យក​ទៅ​តាម​ឈ្មោះ​ព្រះអាទិទេព ឬ​ឈ្មោះ​ទេវតា ឬ​មួយ​យក​តាម​នាម​ផ្កាយ​នព្វគ្រោះ​ទាំង ៩ ដែល​មាន​ដូចជា ថ្ងៃ​អាទិត្យ គឺ​យក​តាម​ឈ្មោះ​ផ្កាយ​នព្វគ្រោះ​ទី​១ ឬ​តាម​ព្រះនាម​របស់​ទេវបុត្ត ១​អង្គ ដែល​ជា​អ្នក​បំភ្លឺ​លោក គឺ​សូរ្យ​ទិត្យ ឬ​ព្រះអាទិត្យ។ ចំណែក​ថ្ងៃ​ច័ន្ទ​វិញ គឺ​ដូនតា​ខ្មែរ​យក​តាម​លំនាំ​ឈ្មោះ​ដួងផ្កាយ​នព្វគ្រោះ​ទី​២ ដែល​រះ​​បំភ្លឺ​លោក​នៅ​ពេល​យប់ គឺ «ព្រះ​ចន្ទ» ឬ​ដែល​ភាសា​ខ្មែរ​សាមញ្ញ​ថា លោក​ខែ ឬ​ព្រះ​ខែ។

រី​ឯ​ថ្ងៃ​អង្គារ គឺ​យក​តាម​លំនាំ​ឈ្មោះ​ផ្កាយ​នព្វគ្រោះ​ទី​៣ គឺ​ផ្កាយ​ព្រះ​អង្គារ។ ចំពោះ​ថ្ងៃ​ពុធ គឺ​យក​តាម​លំនាំ​ឈ្មោះ​ដួងផ្កាយ​នព្វគ្រោះ​ទី​៤ ហៅ​ថា «ផ្កាយ​ព្រះ​ពុធ»។

ចំណែក​ឯ​ថ្ងៃ​ព្រហស្បតិ៍ គឺ​បុព្វបុរស​ខ្មែរ​លោក​យក​តាម​លំនាំ​ឈ្មោះ​ផ្កាយ​នព្វគ្រោះ​​​ទី​៥ និង​តាម​នាម​ទេវតា​វិសេស ១​អង្គ ដែល​មាននៅ​ក្នុង​សាសនា​ព្រហ្មញ្ញ​គឺ «ព្រះ​ព្រហស្បតិ៍»។ បុរាណាចារ្យ​ខ្មែរ លោក​ក៏បាន​ចាត់​ទុក​ថ្ងៃ​ព្រហស្បតិ៍​នោះ ថា​ជា​ថ្ងៃ​ព្រះរាជ​គ្រូ។ ប្រការ​នោះ​ហើយ​ទើប​កាលពី​សម័យ​បូរាណ តែ​កាលណា​លោក​ចង់​ឲ្យ​កូនចៅ​ទៅ​សិក្សា​រៀន​សូត្រ​អក្សរសាស្ត្រ លេខនព្វន្ត មន្ត​វិជ្ជាការ​ផង​ទាំង​ពួង គឺ​ច្រើន​តែ​ឲ្យ​ចេញ​ទៅ រៀន​នៅ​ចំ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឲ្យ​បាន​ឆាប់​ចេះ​ចាំ ហើយ​និង​មាន​សេចក្ដី​សុខ​សប្បាយ​ផង។

ចំពោះ​ថ្ងៃ​សុក្រ គឺ​លោក​យក​លំនាំ​តាម​នាម​ដួងផ្កាយ​នព្វគ្រោះ​ទី​៦ «ផ្កាយ​សុក្រ» ដែល​ជា​ផ្កាយ​ប្រចាំ​ទ្វីប ឬ​ហៅ​ថា ផ្កាយ​ព្រឹក។ រី​ឯ​ថ្ងៃ​សៅរ៍ គឺ​យក​លំនាំ​តាម​ឈ្មោះ​ដួង​ផ្កាយ​នព្វគ្រោះ​ទី​៧ ដែល​ហៅ​ថា «ព្រះ​សៅរ៍»។

អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​ជា​សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ លោក វ៉ាយ វិបុល បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា ចំពោះ​ឈ្មោះ​ថ្ងៃ​ទាំង​៧ ដែល​បុរាណាចារ្យ​ខ្មែរ​បាន​បង្កើត​ឲ្យ​មាន​នាម​សម្រាប់​ហៅ​នោះ គេ​មិន​​ឃើញ​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ច្បាស់លាស់​អំពី​រឿង​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​គេ​ឃើញ​មាន​ចែង​នៅ​ក្នុង​ក្បួន​តម្រា វិជ្ជា​ហោរាសាស្ត្រ​ផ្សេងៗ ហើយ​និង​នៅ​ក្នុង​​រឿង​ព្រេង​និទាន​ដទៃ​ទៀត ដែល​និយាយ​ទាក់ទង​នៅ​នឹង​ព្រហ្មញ្ញសាសនា។

​លោក​បាន​បន្ថែម​ទៀត​ថា ដូចជា​ឈ្មោះ​ថ្ងៃ​អាទិត្យ​ជាដើម បាន​និទាន​ថា កាល​នោះ​ព្រះ​ឥសូរ បាន​ប្រើ​មហិទ្ធិឫទ្ធិ​របស់​ខ្លួន​ដោយ​យក​ឥសី​ចំនួន ៦​រូប ហើយ​បង្កើត​ទៅ​ជា​សត្វ​រាជិសី​ចំនួន ៦​នាថ ឬ ៦​ក្បាល ហើយ​ជប​ឲ្យ​ទៅ​ជា​ដួងផ្កាយ​នព្វគ្រោះ​ទី​១ ឬ​ហៅ​ថា ព្រះអាទិត្យ ដើម្បី​ជួយ​បំភ្លឺ​ទ្វីប​លោក។

លោក​បាន​បញ្ជាក់​អំពី​ការ​ប្រើ​មហិទ្ធិឫទ្ធិ​របស់​ព្រះ​ឥសូរ ក្នុង​ការ​បង្កើត​ព្រះ​សុរិយា ឬ​ព្រះ​អាទិត្យ​នោះ៖ «ឥសូរ​យក​ឥសី ៦​នាថ មក​សេព​មន្តអាគម​ឲ្យ​ទៅ​ជា​ផេះផង់​ធូលី ហើយ​យក​​ក្រណាត់​ពណ៌​ក្រហម​មក​រុំ ហើយ​ប្រោះព្រំ​ដោយ​ទឹក​អម្រឹត បង្កើត​ជា​តួអង្គ​ព្រះអាទិត្យ​ឡើង។ អ៊ីចឹង​ហើយ​បាន​ជា​អ្នក​ដែល​កើត​ក្នុង​ថ្ងៃ​អាទិត្យ ច្រើន​តែ​ស្រស់ សង្ហា​ដូចជា​រាជិសី»

ចំណែក​ឯ​ប្រភព​នាំ​ឲ្យ​កើត​ថ្ងៃ​ច័ន្ទ ដែល​ដូនតា​ខ្មែរ​យក​ឈ្មោះ​តាម​ដួង​ព្រះចន្ទ​នោះ នៅ​ក្នុង​រឿង​និទាន​ដដែល​បាន​ឲ្យ​ដឹង​ថា គឺ​បាន​កើត​ចេញពី​ការ​ប្រើ​មន្តអាគម​របស់​ព្រះ​ឥសូរ ដោយ​យក​ទេពធីតា​ចំនួន ១៥​អង្គ មក​ជប​ឲ្យ​កើត​ទៅជា​តួអង្គ​ព្រះ​ចន្ទ ដើម្បី​ជួយ​បំភ្លឺ​លោក​ក្នុង​ពេល​រាត្រី។ នៅ​ក្នុង​ថ្ងៃ​ច័ន្ទ នោះ បុរាណាចារ្យ​ខ្មែរ​បាន​មាន​ជំនឿ​មួយ​ដែរ​ថា គឺ​ជា​ថ្ងៃ​ស្រទន់ ហើយ​បើ​មនុស្ស​ណា​ដែល​កើត​ថ្ងៃ​ច័ន្ទ​នោះ គឺ​មាន​រាង​ស្រស់​​ស្អាត ពីព្រោះ​មាន​ប្រភព​ចេញ​ពី​ទេព​កញ្ញា​ទាំង ១៥​អង្គ។

រី​ឯ​ប្រភព​ដែល​នាំ​ឲ្យ​កើត​ថ្ងៃ​អង្គារ​វិញ នៅ​ក្នុង​រឿង​និទាន​នៃ​វប្បធម៌​ខ្មែរ​បាន​បញ្ជាក់​ថា ​គឺ​ដោយសារ​ព្រះ​ឥសូរ​ប្រើ​មន្តអាគម​ដោយ​ជប​ចេញ​ពី​សត្វ​ក្របី​ចំនួន ៨​នាថ ឬ ៨​ក្បាល។ ប្រការ​នោះ​ហើយ​ទើប​ដូន​តា​ខ្មែរ​ក្នុង​សម័យ​បូរាណ​បាន​ចាត់​ទុក​ថា ថ្ងៃ​អង្គារ គឺ​ជា​ថ្ងៃ​មិន​សូវ​ល្អ​ទេ ហើយ​បើ​មនុស្ស​ណា​ដែល​កើត​ចំ​ថ្ងៃ​អង្គារ គឺ​ជា​មនុស្ស​មិន​សូវ​ចេះ​អត់ធ្មត់ ជា​មនុស្ស​ល្ងង់ ឬ​ជា​អ្នកធ្វើ​ចម្បាំង​ជាដើម។

​ដំណើរ​រឿង​ដដែល​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ថ្ងៃ​ពុធ គឺ​ព្រះ​ឥសូរ​បាន​ជប​ចេញ​ពី​សត្វ​ដំរី​ចំនួន ១៧​ក្បាល ដូច្នោះ​ហើយ​បុរាណាចារ្យ​ខ្មែរ​បាន​កត់សំគាល់​ថា អ្នក​ដែល​​កើត​ចំ​ថ្ងៃ​ពុធ គឺ​ច្រើន​តែ​ធ្វើ​កិច្ចការ​អ្វី​មិន​បាន​លឿន​រហ័ស​រហួន​ទេ។

​ចំណែក​ថ្ងៃ​ព្រហស្បតិ៍ គឺ​ជា​ថ្ងៃ​មួយ​ដែល​មាន​ប្រភព​មក​ពី​ឥសី​ចំនួន ១៩​រូប ដែល​ព្រះ​ឥសូរ​បាន​ប្រើ​មន្តអាគម។

អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​  លោក​វ៉ា​យ វិបុល បាន​មាន​ប្រសាសន៍​ថា ក្នុង​ក្បួនតម្រា​សម័យ​បូរាណ​បាន​ចែងថា ថ្ងៃ​ព្រហស្បតិ៍ គឺជា​ថ្ងៃមួយ​ដែល​គេ​អាច​បំពេញ​កិច្ចការ​អ្វីៗ​បាន​ល្អ៖ «អ៊ីចឹង​បាន​ជា​អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍ គេ​ច្រើនតែ​ឲ្យ​សិក្សា​រៀន​សូត្រ​ពូកែ​ខាង​ធ្វើ​គ្រូ ខាង​មន្តអាគម ធ្វើ​ពេទ្យ​ធ្វើ​អី​ហ្នឹង​ត្រូវ​ហើយ។ ដល់​ថ្ងៃ​សុក្រ គឺ​កើត​មក​ពី​គោ ២១​ក្បាល ដែល​ឥសូរ​សេព​មន្តអាគម​ឲ្យ ២១​នាថ (ក្បាល) ហើយ​ដល់​សៅរ៍ កើត​មក​ពី​ខ្លា ១០​ក្បាល...»

អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​បាន​​បង្កើត​ឲ្យ​មាន​ឈ្មោះ​សម្រាប់​ថ្ងៃ​ទាំង​ប្រាំពីរ​នោះ​មក បុរាណាចារ្យ​ខ្មែរ បាន​សរុប​ឈ្មោះ​ថ្ងៃ​ទាំង​៧​នោះ ហើយ​បង្កើត​នាម ឬ​ឈ្មោះ​ថ្មី​មួយ​ទៀត​ដែល​ហៅ​ថា «សប្ដាហៈ ឬ សប្ដាហ៍» គឺ​កាល​វិល​១​ជុំ ឬ​មួយ​ខួប​នៃ​ថ្ងៃ​ទាំង​៧​នោះ​ឯង។

ចំពោះ​ពាក្យ​ថា «សប្ដាហ៍» នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ គេ​មាន​ប្រើ​ពាក្យ​ថា​សប្ដាហ៍​ផង ឬ​ក៏​ហៅថា មួយ​អាទិត្យ​ផង ពីព្រោះ​គេ​ចាប់​រាប់​ថ្ងៃ​ទី​១ នៃ​សប្ដាហ៍​នោះ គឺ​ចាប់​រាប់​ពី​ថ្ងៃ​អាទិត្យ​មុន​គេ។ ប៉ុន្តែ​កាល​ពី​ក្នុង​សម័យ​បុរាណ​ដូនតា​ខ្មែរ លោក​មិន​រាប់​ថ្ងៃ​អាទិត្យ​ថា ជា​ថ្ងៃ​ទី​១ របស់​សប្ដាហ៍​ទេ គឺ​លោក​ចាប់​រាប់​ពី​ថ្ងៃ​ច័ន្ទ ថា​ជា​ថ្ងៃ​ទី​១។ ប្រការ​នោះ​ហើយ ទើប​កាលពី​ជំនាន់​ដើម​នោះ​គេ​ហៅ ១​សប្ដាហ៍​ថា «មួយ​ព្រះ​ចន្ទ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។