មនុស្សរាប់រយនាក់នាំគ្នាទៅជីករកត្បូងយ៉ាងអនាធិបតេយ្យនៅតំបន់រ៉ែត្បូងថ្មីមួយកន្លែង ឋិតនៅក្នុងអតីតចំការកៅស៊ូរដ្ឋខេត្តរតនគិរី។
ប្រជាពលរដ្ឋជាអតីតក្រុមសាមគ្គីចំការកៅស៊ូដែលធ្លាប់គ្រប់គ្រងចំការកៅស៊ូនៅតំបន់នោះ ចោទប្រកាន់មេការក្រុមហ៊ុនទទួលសិទ្ធិវិនិយោគចំការកៅស៊ូរដ្ឋនេះ ថាបានឃុបឃិតក្នុងសកម្មភាពជីករករ៉ែត្បូងនេះ។
ប្រជាពលរដ្ឋជាអតីតសមាជិកក្រុមសាមគ្គីចំការកៅស៊ូរដ្ឋនៅស្រុកបរកែវ ខេត្តរតនគិរី អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធខេត្តចាត់វិធានការទប់ស្កាត់ករណីជីកត្បូងអនាធិបតេយ្យនេះជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដើមកៅស៊ូ។
សមាជិកក្រុមសាមគ្គីទី៧ មានទីតាំងនៅភូមិត្រំ ឃុំឡាមិញ លោក ស៊ិន ប៊ុនថែន នៅថ្ងៃច័ន្ទ ទី៧ ខែកក្កដា មានប្រសាសន៍បញ្ជាក់ថា មេការក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺរ៍ ផ្លេនថេហ្សិន (Swift Rubber Plantation) ២នាក់ មានឈ្មោះ ផា និង វុធ បានឃុបឃិតជាមួយដង្ខៅត្បូងម្នាក់ឈ្មោះ ផល រស់នៅភូមិត្រំ គឺជាអ្នកចលនាឲ្យកម្មករទៅជីកត្បូងនេះដើម្បីលក់ទៅឲ្យកុងសែត្បូង។
លោកបន្តថា តំបន់ជីកត្បូងគឺជាអតីតដីចំការក្រុមសាមគ្គីដែលកំពុងមានទំនាស់ប្ដឹងក្រុមហ៊ុន តាយ សេង តាមផ្លូវតុលាការ បន្ទាប់ពីក្រុមហ៊ុននេះបានរំលោភយកចំការកៅស៊ូក្រុមសាមគ្គី ហើយផ្ទេរសិទ្ធិទៅឲ្យក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺរ៍ ផ្លេនថេហ្សិន៖ «ខាងប្រជាពលរដ្ឋសំណូមពរកុំឲ្យប៉ះពាល់ដីកំពុងមានទំនាស់ហ្នឹង រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ប៉ុន្តែក្រុមហ៊ុននៅតែល្មើស ហើយខាងអាជ្ញាធរគេដូចជាមិនគាំទ្រយើងដែរ គេគាំទ្រខាងក្រុមហ៊ុន»។
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានរដ្ឋបាលក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺរ៍ ផ្លេនថេហ្សិន លោក និន បូរិន អះអាងថា បុគ្គលិកក្រុមហ៊ុនមិនមានពាក់ព័ន្ធការជីកត្បូងនោះទេ គឺប្រជាពលរដ្ឋនៅតំបន់នេះនាំគ្នាទៅជីករកត្បូងប៉ះពាល់ដីចំការកៅស៊ូដែលរដ្ឋប្រគល់មកក្រុមហ៊ុនវិនិយោគ។
លោកបន្តថា កាលពីឆ្នាំ២០១៣ ក្រុមហ៊ុនបានប្ដឹងប៉ូលិសឲ្យទប់ស្កាត់សកម្មភាពជីកត្បូងនៅតំបន់នោះ ករណីថ្មីនេះក្រុមហ៊ុនក៏បានប្ដឹងប៉ូលិសជួយទប់ស្កាត់ដូចគ្នា៖ «អាហ្នឹងសុទ្ធតែពាក្យគេថាផ្ដេសផ្ដាសអ៊ីចឹង គ្រាន់តែឃើញគេជីកទៅយើងប្ដឹងទៅស្នងការ ដេញម្ដងហើយ ដេញមិនឈ្នះ មិនដឹងគាត់គិតម៉េចទេ»។
របាយការណ៍អង្កេតរបស់មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី កាលពីថ្ងៃទី៥ ខែកក្កដា ក្រុមសមត្ថកិច្ចប៉ូលិស និងអាវុធហត្ថ ស្រុកបរកែវ បានចុះដកហូតគ្រឿងសម្ភារៈជីកត្បូងប្រមាណ ១០កន្លែង ក្នុងចំណោមកម្មករជាង ១០០នាក់ កំពុងជីករណ្ដៅត្បូងច្រើនកន្លែងផ្សេងទៀត ក៏ប៉ុន្តែមិនឃើញមានចាប់ខ្លួនជនណាម្នាក់ឡើយ ដោយសារកម្មករបានរត់គេចពេលសមត្ថកិច្ចចុះបង្ក្រាប។
ទាក់ទិនបញ្ហានេះដែរ អធិការប៉ូលិសស្រុកបរកែវ លោក ម៉ៅ សាន់ ឲ្យដឹងដែរថា សមត្ថកិច្ចបានបង្ក្រាបសមកម្មភាពជីកកកាយរកត្បូងនោះហើយ។ លោកថា ប្រជាពលរដ្ឋនៅភូមិចំនួនបីក្នុងឃុំឡាមិញ គឺជាអ្នករុករកត្បូងនៅតំបន់នោះជាលក្ខណៈគ្រួសារ៖ «ប្រជាជនទាំងអស់ហ្នឹងតែចេញពីចំការគាត់អស់ការងារធ្វើ ទំនៀមទម្លាប់បងប្អូននៅស្រុកហ្នឹង គេរកស៊ីមុខរបរអ៊ីចឹងទៅ គាស់កកាយតាមរណ្ដៅ តាមភ្នំ តាមអូរ យូរៗទៅវាឡើងមកដល់ដីកៅស៊ូក្រុមហ៊ុនហ្នឹង។ ក្រុមហ៊ុនក៏គេប្ដឹង អ្នកមានទំនាស់ក្បែរព្រំដីក៏គេប្ដឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា សកម្មភាពជីកត្បូងនេះធ្វើឡើងច្រើនថ្ងៃមុនពេលសមត្ថកិច្ចចុះបង្ក្រាប និងជាចលនារកត្បូងមានខ្សែសង្វាក់ធ្វើឲ្យប៉ះពាល់បរិស្ថាន ដីចំការកៅស៊ូ និងធនធានរ៉ែក្នុងដីប្រមាណ ២ហិកតារ។ លោកចាត់ទុកថា នេះគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន និងអាជ្ញាធរដែលអូសបន្លាយឲ្យកើតមានសកម្មភាពជីកត្បូងអនាធិបតេយ្យនេះ៖ «រណ្ដៅគេជីកប្រហែល ១០០រណ្ដៅហើយ ដូចរណ្ដៅបាយខុមអ៊ីចឹង ជាអណ្តូងៗ។ ព័ត៌មានថាមានថៅកែគេនៅក្រោយខ្នងកម្មករបានទទួលសិទ្ធិជីករករ៉ែហ្នឹងពី ៣៣ហិកតារ»។
ឃុំឡាមិញ ស្រុកបរកែវ គឺជាតំបន់មានរ៉ែត្បូងមានតម្លៃ ជាពិសេសនៅតំបន់ភ្នំដាង ច្រើនឆ្នាំកន្លងទៅនេះ រ៉ែត្បូងត្រូវគេជីកកកាយដោយដៃ ឬប្រើប្រាស់ម៉ាស៊ីនបូមទឹកបាញ់ទម្លុះដីយកត្បូងធ្វើអាជីវកម្មគ្មានការទទួលខុសត្រូវ។
ប្រធានមន្ទីររ៉ែនិងថាមពលរដ្ឋខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន នៅថ្ងៃទី៧ ខែកក្កដា បដិសេធមិនអធិប្បាយសំណួរវិទ្យុអាស៊ីសេរី លើបញ្ហានេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។