ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដែលជំនុំជម្រះរឿងក្តីសកម្មជនគណបក្សសង្គ្រោះជាតិ សម្រេចផ្អាកសវនាការភ្លាមៗ ដោយសារមានភាពចម្រូងចម្រាស និងមិនចុះសម្រុងនឹងគ្នានៅក្នុងបន្ទប់កាត់ក្ដី។
មេធាវី និងអង្គការមិនមែនរដ្ឋាភិបាលអះអាងថា ភាពចម្រូងចម្រាសកើតឡើងដោយសារចៅក្រមបានដំណើរការរឿងក្តីខុសនីតិវិធី។
ការសម្រេចផ្អាកសវនាការយ៉ាងតក់ក្រហល់ និងមិនបានកំណត់ពេលវេលាសម្រាប់សវនាការជាថ្មីទៀតដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ បន្ទាប់ពីមេធាវីការពារក្ដីអោយសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់ ក្នុងសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យនោះ ធ្វើពហិការមិនបន្តនីតិវិធី ហើយដើរចេញពីបន្ទប់សវនាការ។
ទាំងអង្គការមិនមែនរដ្ឋាភិបាល និងមេធាវីការពារក្ដីឲ្យជនជាប់ចោទទាំង ១១នាក់ ចាត់ទុកថា សវនាការកាលពីព្រឹកថ្ងៃទី៨ មករា គឺប្រធានអង្គជំនុំជម្រះ លោក តាំង ស៊ុនឡាយ ដំណើរការក្ដីមានភាពមិនត្រឹមត្រូវ បើទោះជាតំណាងអយ្យការយល់ឃើញថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះដំណើរការក្តីលើរឿងមិនត្រូវដំណើរការ និងសម្រេចក្តីលើហេតុផល ដែលផ្ទុយពីសវនាការក៏ដោយចុះ។
លោក ជួង ជួងី មេធាវីការពារក្ដីរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ម្នាក់ក្នុងចំណោមមេធាវីដទៃទៀត ឲ្យដឹងក្រោយចេញពីបន្ទប់សវនាការថា មូលហេតុដែលក្រុមមេធាវីជំទាស់ និងដើរចេញពីបន្ទប់សវនាការ ដោយយល់ឃើញថា ប្រធានចៅក្រមជំនុំជម្រះបែរជាប្រើប្រាស់ពេលវេលានៃសវនាការស្ទើរពេញមួយព្រឹក ងាកទៅចាប់អារម្មណ៍ និងធ្វើសេចក្ដីសម្រេចលើអ្នកតំណាងរាស្ត្រឯណោះទៅវិញ។ ដោយឡែកសំណុំរឿងដែលត្រូវជំនុំជម្រះ បែរជាទុកចោល។ លោកបន្តថា «តំណាងអយ្យការឥតមានជំទាស់សោះ ហើយក្រុមប្រឹក្សាជំនុំជម្រះបែរជាសម្រេចបដិសេធវត្តមានរបស់អ្នកតំណាងរាស្ត្រ។ រឿងហ្នឹងមិនមែនជារឿងដែលត្រូវជជែក សម្រេចរឿងដែលមិនត្រូវសម្រេច។ បើខ្ញុំការពារកូនក្ដីខ្ញុំតទៅទៀត មិនរំពឹងទាល់តែសោះថា សវនាការនេះធ្វើឡើងត្រឹមត្រូវ»។
ការខ្វែងគំនិតគ្នាលើអង្គសេចក្តីជុំវិញបទចោទដែលជាប់ពាក់ព័ន្ធនឹងការប្រើហិង្សាប្រឆាំងក្រុមសន្តិសុខខណ្ឌដូនពេញ រហូតទៅដល់មិនអាចបន្តការជម្រះក្ដីបាននេះ បន្ទាប់ពីមេធាវីការពារក្ដីឲ្យដើមចោទ គឺខាងភាគីតំណាងដោយរដ្ឋាភិបាល លោក ម៉េង ប៉េងហាប់ កត់សម្គាល់ថា ក្នុងបន្ទប់សវនាការមិនគួរអនុញ្ញាតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់បណ្ដឹងនៅឡើយ បាននៅស្ដាប់សវនាការទេ។
ភ្លាមៗក្រោយពីការកត់សម្គាល់ដូចនេះ មេធាវីការពារក្ដីរបស់សកម្មជនទាំង ១១នាក់ សម្រេចធ្វើពហិការមិនបន្តនីតិវិធីវិញដែរ បន្ទាប់ពី លោក តាំង ស៊ុនឡាយ ប្រធានចៅក្រមជំនុំជម្រះអារកាត់មួយរំពេច ឲ្យអ្នកតំណាងរាស្ត្រមួយចំនួន ក្នុងនោះមាន អ្នកស្រី មូរ សុខហួរ ផង ត្រូវដើរចេញពីបន្ទប់សវនាការ។
ទន្ទឹមនឹងសវនាការដែលកម្លាំងសមត្ថកិច្ចមិនត្រូវបានដាក់ពង្រាយស្អេកស្កះ និងបិទច្រកចេញចូលដូចលើកៗមុននោះ អ្នកស្រី មូរ សុខហួរ ចាត់ទុកថា នេះជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ ប្រឆាំងរូបអ្នកស្រី និងអ្នកតំណាងរាស្ត្រដទៃទៀត។
ដោយឡែកនៅខាងក្រៅបន្ទប់សវនាការឯណេះវិញ ក្រុមអ្នកចូលរួមគាំទ្រលើកទឹកចិត្ត បានចោទប្រកាន់តុលាការថា ពុំមានភាពឯករាជ្យ និងឋិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយកាន់អំណាច៖ «សើចទៅអាតុលាការខ្វាក់គ្រាប់ភ្នែក។ អាតុលាការឥតមានយុត្តិធម៌។ ឯងសោយតែលើគំនរទុក្ខគេ។ ឯងសោយលើគំនរប្រជាជន»។
ឆ្លើយតបរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបដិសេធម្តងហើយម្តងទៀតថា រដ្ឋាភិបាលរបស់លោកពុំដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់តុលាការម្តងណាទេ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមពីប្រធានចៅក្រមជំនុំជម្រះ លោក តាំង ស៊ុនឡាយ បានទេនៅថ្ងៃទី៨ មករា។
លោក អំ សំអាត មន្ត្រីបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) យល់ឃើញថា ថ្វីបើអ្នកតំណាងរាស្ត្រដែលចូលរួមស្ដាប់នៅក្នុងបន្ទប់សវនាការដោយផ្ទាល់ ជាប់បណ្ដឹងក៏ដោយ ក៏សំណុំរឿងរបស់ពួកគាត់មិនជាប់ពាក់ព័ន្ធនឹងសំណុំរឿងដែលកំពុងបន្តនីតិវិធីទេ។ លោកចាត់ទុកថា ការពន្យារពេលម្ដងជាពីរដងនេះ នឹងរឹតតែធ្វើឲ្យប៉ះពាល់សិទ្ធិជាមូលដ្ឋានរបស់សកម្មជនដែលត្រូវឃុំខ្លួន។ លោកបន្តថា «យើងឃើញថា ការធ្វើរបៀបនេះ គឺជាការមួយដែលធ្វើឲ្យសវនាការនេះ វាកាន់តែអូសបន្លាយយូរទៅៗ ដែលធ្វើឲ្យជនជាប់ចោទទាំង ៥នាក់នោះកាន់តែរងនូវផលវិបាកជាបន្តទៅទៀត»។
សកម្មជនគណបក្សនយោបាយទាំង ៥រូប ត្រូវបានបញ្ជូនទៅឃុំខ្លួនវិញភ្លាមៗនៅពន្ធនាគារព្រៃស បន្ទាប់ពីបិទសវនាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។