មេឃុំ ១រូបដែលទើបជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ពុំទាន់មានសាលាឃុំសម្រាប់បម្រើការងារជូនប្រជាពលរដ្ឋនៅឡើយទេ។ មេឃុំរូបនេះអះអាងថា សាលាចាស់ដែលអតីតមេឃុំគណបក្សប្រជាជនកម្ពុជា ធ្វើការកន្លងមក ត្រូវបានមន្ត្រីប៉ូលិសឃុំបញ្ចប់កិច្ចសន្យាពីការឲ្យខ្ចីអគាររបស់ប៉ូលិសសម្រាប់បំពេញការងារជូនពលរដ្ឋ។
មេឃុំមួយរូបរបស់គណបក្សប្រឆាំងនៅស្រុកមង្គលបូរី ដែលទើបត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងមេឃុំថ្មីថ្មោង កំពុងស្វះស្វែងរកដីដើម្បីសង់សាលាឃុំថ្មីបំពេញការងារជូនម្ចាស់ឆ្នោត។
មេឃុំភ្នំតូច ស្រុកមង្គលបូរី មកពីគណបក្សសង្គ្រោះជាតិ លោក ហេង ឡៃហួ ឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ថា បន្ទាប់ពីលោកចូលកាន់តំណែងជាមេឃុំមួយនេះ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំតូច បានបញ្ចប់កិច្ចសន្យាឲ្យខ្ចីអគារធ្វើការងាររបស់សាលាឃុំតែម្ដង។ លោកហៅទង្វើនេះថា ជាការប្រកាន់និន្នាការគណបក្សនយោបាយ៖ «ព្រោះខាងគាត់ជាស្ថាប័នរដ្ឋបម្រើប្រជាពលរដ្ឋដូចគ្នា ហើយខាងឃុំក៏ជាមន្ត្រីរបស់រដ្ឋដែរ ហើយគាត់មិនគួរមានទង្វើបែបនេះឡើយ ព្រោះគេអាចធ្វើការងារបាន ចំណែកខាងខ្ញុំជាប់ឆ្នោតហើយមិនអាចធ្វើការងារបាន»។

អាស៊ីសេរី ពុំអាចទាក់ទងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំតូច ដើម្បីឆ្លើយតបជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១២ ខែកក្កដា។ ប៉ុន្តែអភិបាលស្រុកមង្គលបូរី លោក ឡុង ពុន មានប្រសាសន៍ថា អាជ្ញាធរស្រុកបានដាក់សំណើសុំធ្វើសាលាឃុំថ្មីទៅក្រសួងមហាផ្ទៃ រួចហើយ តែខាងក្រសួងមិនទាន់ទម្លាក់ថវិកាមកឲ្យដើម្បីសាងសង់សាលាឃុំនៅឡើយ៖ «រឿងនេះខ្ញុំគិតថា ពីមុនមកគេធ្វើយ៉ាងមិចបាន យើងគួរតែធ្វើការងារទៅសិន រង់ចាំក្រសួងមហាផ្ទៃ ពិចារណាហើយគាត់នឹងទម្លាក់លុយមក»។
រហូតមកទល់ពេលនេះ សូម្បីតែដីសម្រាប់សង់សាលាឃុំថ្មីក៏ពុំទាន់មាននៅឡើយ។ សព្វថ្ងៃមេឃុំសុំពន្យារពេលធ្វើការងារនៅសាលាឃុំចាស់រយៈពេល ១៥ថ្ងៃទៅមុខទៀត ទម្រាំរកដីសង់រោងធ្វើការបណ្ដោះអាសន្នបាន។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន អះអាងថា ករណីនេះអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តត្រូវដោះស្រាយជាបន្ទាន់ ដើម្បីឲ្យមេឃុំជាប់ឆ្នោតថ្មីបានបំពេញការងារជូនប្រជាពលរដ្ឋ៖ «ព្រោះកាលណាបើសិនជាយើងដោះស្រាយតាមរបៀបការរើសអើង បើបក្សអ្នកឯងឈ្នះ ខ្ញុំមិនផ្ដល់កន្លែងធ្វើការ គឺពុំមែនជាដំណោះស្រាយសមរម្យទេ។ អ៊ីចឹងទេគួរតែគិតគួរធ្វើយ៉ាងមិចត្រូវតែផ្ដល់ទីតាំងឲ្យគេធ្វើការបាន ព្រោះក្នុងនាមជាក្រុមប្រឹក្សាឃុំ ពុំមែនជាមន្ត្រីរបស់បក្សនយោបាយណាមួយទេ គឺជាមន្ត្រីសាធារណៈដែលបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ»។
នៅខេត្តបន្ទាយមានជ័យ គណបក្សសង្គ្រោះជាតិ ឈ្នះបានតំណែងធ្វើជាមេឃុំ ចៅសង្កាត់ចំនួន ១០ក្នុងចំណោម ៦៥ឃុំ-សង្កាត់។ ចំណែកគណបក្សប្រជាជនកម្ពុជា ឈ្នះបាន ៥៤ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ឈ្នះជាមេឃុំ១ នៅស្រុកថ្មពួក។ ឃុំ-សង្កាត់ដែលគណបក្សប្រឆាំងឈ្នះឆ្នោត ភាគច្រើនក្នុងទីប្រជុំជន ដូចជានៅក្រុងប៉ោយប៉ែត និងនៅក្រុងសិរីសោភ័ណ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។