គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៦ កក្កដា រៀបចំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល និងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារកាលពីឆ្នាំ១៩៩៧។ ពិធីនេះ ត្រូវបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។
សកម្មជន និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ព្រមទាំងអតីតមន្ត្រីរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅតែទទូចចង់បានយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានស្លាប់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ កាលពីឆ្នាំ១៩៩៧ នោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច គឺអ្នកស្រី មូរ សុខហួរ មានប្រសាសន៍នៅឯពិធីបង្សុកូលនេះថា គណបក្សសង្គ្រោះជាតិ រួមជាមួយអ្នកស្រឡាញ់យុត្តិធម៌ រួមកម្លាំងបន្តទាមទាររកយុត្តិធម៌ពិតប្រាកដសម្រាប់គ្រួសារកូនចៅជនរងគ្រោះ៖ « គ្រួសារ ជាពិសេសកូនចៅកុមារកំព្រាដោយសារព្រឹត្តិការណ៍ ៥ - ៦ កក្កដា ឆ្នាំ១៩៩៧ ក៏ដូចជាការវាយប្រហារសម្លាប់អ្នកដទៃបន្តបន្ទាប់រហូតដល់ថ្មីនេះ ទៅដល់បណ្ឌិត កែម ឡី ទៅទៀត។ នៅពេលណាមិនទាន់ឃើញការពិត យើងជាប្រជាពលរដ្ឋ គ្រួសារ កូនចៅ នៃជនរងគ្រោះ នៅតែរស់ទាមទារឲ្យឃើញឲ្យបានយុត្តិធម៌ ។ លុះត្រាតែមានយុត្តិធម៌ ទើបប្រទេសជាតិយើងអាចឈានទៅរកសន្តិភាព។ ដូច្នេះជំហររបស់គណបក្សសង្គ្រោះជាតិ គឺនៅដដែលជានិច្ច » ។
ព្រឹត្តិការណ៍នៅថ្ងៃទី៥ និងទី៦ ខែកក្កដា កាលពីឆ្នាំ១៩៩៧ ដែលមានមន្ត្រីជាន់ខ្ពស់ និងទាហានស្មោះត្រង់នឹងសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ ប្រមាណ ៦០នាក់ ត្រូវបានសម្លាប់ក្រៅច្បាប់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី២ ពេលនោះ បដិសេធថាមិនមែនជារដ្ឋប្រហារទេ គឺជាការប្រយុទ្ធគ្នារវាងកម្លាំងរដ្ឋាភិបាល និងកម្លាំងខ្មែរក្រហម ដែលនាំចូលភ្នំពេញដោយគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានលោក ញឹក ប៊ុនឆៃ ជាមេទ័ពជាន់ខ្ពស់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ បាននាំចូលអាវុធ និងកម្លាំងខ្មែរក្រហមចូលក្រុងភ្នំពេញ ជាអំពើខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់ប្រទេស៖ «ខ្ញុំយល់ថាតែរឿងច្បាំងគ្នាហើយ គឺវាកើតដល់ស្លាប់ហើយ ពីព្រោះម្ខាងកម្លាំងកងយោធពលខេមរភូមិន្ទ ម្ខាងកម្លាំងរបស់ ខ្មែរក្រហម និងឃុបឃិតនឹង ខ្មែរក្រហម អ៊ីចឹងវាតែង មាន ការស្លាប់ រស់ រៀងខ្លួន ហើយ វា មិនមែន តែម្ខាង ទេដែល ស្លាប់ ខាងកងយោធពលខេមរភូមិន្ទក៏មានបាត់បង់ជីវិតដូចតែគ្នាដែរ គ្រាន់តែចំនួនតិចជាង » ។
ប៉ុន្តែលោកមិនអាចនិយាយបានទេចំពោះការបាញ់សម្លាប់មន្ត្រីធំៗរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវគេចាប់ខ្លួនបាន ដោយលោកឆ្លើយថាមិនដឹង។
ឧត្ដមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ លោក គង់ គាំ ថ្លែងថា លោកសោកស្ដាយព្រឹត្តិការណ៍ផ្ទុះអាវុធពីការប្រជែងអំណាចរវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១៖ «លទ្ធផលចុងបំផុត នាយករដ្ឋមន្ត្រី ទី១ ចេញពីអំណាច នាយករដ្ឋមន្ត្រី ទី២ បានអំណាចកាន់តែច្រើនឡើង ហើយអ្នកស្និទ្ធជាមួយ នាយករដ្ឋមន្ត្រី ទី១ ស្លាប់ទាំងអស់ ដូចព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មានប្រសាសន៍ ពីរបាយការណ៍អង្គការសហប្រជាជាតិ ថា ៦០នាក់ត្រូវគេសម្លាប់ក្រៅប្រព័ន្ធតុលាការ ។ ដូច្នេះ នេះ រដ្ឋប្រហារ ហើយ មិនមែន គ្រាន់តែ ព្រឹត្តិការណ៍ទេ » ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក លឺ ឡាយស្រេង ថ្លែងថា មូលហេតុដែលលោកចូលរួមក្នុងពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធនេះ ក៏ព្រោះតែគណបក្សមិនបំភ្លេចជនរងគ្រោះក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៩៧ នោះ៖ « ការពិត មែនទែន គណបក្សសង្គ្រោះជាតិ គ្រាន់តែអ្នកធ្លាប់នៅ ជាមួយហ៊្វុនស៊ិនប៉ិច ទេ ប៉ុន្តែគេអត់ភ្លេច។ ប៉ុន្តែហ៊្វុនស៊ិនប៉ិច មែនទែន មិនដឹងទៅណា ? ភ្លេចអស់រលីង ចោលម្សៀត ហើយសួរខ្ញុំថា ហេតុម៉េចបានចេះតែមក ? មិនឲ្យមកយ៉ាងម៉េច បើពួកម៉ាកបងប្អូនកូនចៅមេទាហានឯងងាប់អស់ ៥០ ទៅ ៦០នាក់ អត់អាណារំឭកសោះ។ ខ្ញុំអង្គុយទីនេះ នឹក ឃើញស្រក់ ទឹកភ្នែក ឈឺចាប់ ផង សោកស្ដាយផង មិនឲ្យខ្ញុំមកម្ដេចកើត ?» ។
នៅថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា រៀងរាល់ឆ្នាំ គណបក្សសង្គ្រោះជាតិ តែងធ្វើពិធីបង្សុកូលដល់ជនរងគ្រោះ ព្រោះមន្ត្រី និងសកម្មជនគណបក្សនេះមួយចំនួនជាអតីតមន្ត្រីរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ អង្គការសហប្រជាជាតិ រកឃើញមានមន្ត្រីហ៊្វុនស៊ិនប៉ិច ប្រមាណ ៦០នាក់ ត្រូវបានគេបានសម្លាប់ក្រៅប្រព័ន្ធតុលាការ។ ប៉ុន្តែករណីទាំងនេះ ត្រូវបានមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា នឹងមិនមានការស៊ើបអង្កេតទៀតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។