បន្ទាប់ពីចុះសិក្សានិងត្រួតពិនិត្យបញ្ហាមិនប្រក្រតីមួយចំនួនដែលកំពុងកើតឡើងនៅលើភ្នំបូកគោ ខេត្តកំពត រួចមក ខាងគណៈកម្មការទី៧ នៃរដ្ឋសភាទទួលបន្ទុកអប់រំយុវជនកីឡាធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ គ្រោងកោះហៅរដ្ឋមន្ត្រីមកពីក្រសួង ៤ មកចូលបំភ្លឺនៅរដ្ឋសភាជាបន្តបន្ទាប់។
ក្រុមការងារគណៈកម្មការទី៧នៃរដ្ឋសភាកំពុងតែចងក្រងឯកសារដែលប្រមូលបានពីការចុះទៅសិក្សា និងត្រួតពិនិត្យបញ្ហាភាពមិនប្រក្រតីមួយចំនួនដែលកំពុងកើតឡើងនៅលើភ្នំបូកគោ បន្ទាប់មកគ្រោងនឹងកោះហៅរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនសួរនាំបន្ថែមពីរឿងនេះ។
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី១៥ កុម្ភៈ ថា ការងារជំហានបន្ទាប់ ក្រោយពីចុះទៅសិក្សានិងត្រួតពិនិត្យនៅភ្នំបូកគោ ជាពិសេសបញ្ហាភ្ញៀវទេសចរវៀតណាម ទៅសមាធិធម៌នៅទីនោះរួចមក ខាងគណៈកម្មការទី៧ គ្រោងកោះហៅរដ្ឋមន្ត្រី ៣នាក់ មកសួរនាំបន្ថែមពីការចូលមកស្នាក់នៅរបស់ជនជាតិវៀតណាម និងការធ្វើសមាធិរបស់ពួកគេនៅលើភ្នំបូកគោនោះ។
លោកបញ្ជាក់ថា រដ្ឋមន្ត្រីទាំង៣នោះរួមមាន រដ្ឋមន្ត្រីក្រសួងទេសចរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងកិច្ចការសាសនា លោក មិន ឃិន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា។ ប៉ុន្តែពេលវេលាកោះហៅពេលណានោះ នៅមិនទាន់ច្បាស់នៅឡើយ៖ «សំខាន់បំផុតយើងចង់ពិនិត្យមើល ថាតើការស្នាក់នៅ ការរៀបចំកន្លែងធ្វើសមាធិមានការដឹងឭពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធឬក៏អត់? ជាទូទៅប្រទេសណាក៏ដោយ គេទាក់ទាញភ្ញៀវទេសចរ គឺបំណងសំខាន់បំផុត គឺគេចង់បង្ហាញជាអត្តសញ្ញាណជាតិ និងវប្បធម៌ជាតិទៅដល់ទេសចរណ៍ទាំងអស់នោះ»។
ដោយឡែកលោក យ៉ែម បុញ្ញឫទ្ធិ ក៏មានគម្រោងណាត់ជួបគ្នាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ដើម្បីជជែកពិភាក្សាគ្នាពាក់ព័ន្ធនឹងការដាក់បញ្ចូលរមណីយដ្ឋានបូកគោ ចូលក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សានុសិស្សដឹងពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៅតំបន់នោះ។
គម្រោងកោះហៅរដ្ឋមន្ត្រីពាក់ព័ន្ធមកសាកសួរនេះ ធ្វើឡើងបន្ទាប់ពីលោក យ៉ែម បុញ្ញឫទ្ធិ បានដឹកនាំក្រុមការងារនៃគណៈកម្មការទី៧នៃរដ្ឋសភា ទៅសិក្សានិងត្រួតពិនិត្យនៅភ្នំបូកគោ កាលពីថ្ងៃទី១១ និងទី១២ ខែកុម្ភៈ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងអប់រំយុវជននិងកីឡា និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទេ នៅថ្ងៃទី១៥ កុម្ភៈ។
រីឯអ្នកនាំពាក្យក្រសួងធម្មការនិងកិច្ចការសាសនា លោក សេង សុមុនី បដិសេធមិនឆ្លើយសំណួរទេ ដោយលោកប្រាប់ថា ជាប់រវល់។
កន្លងមកមន្ត្រីជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់ចុះអង្កេតនៅភ្នំបូកគោម្ដងរួចមក ហើយកាលពីខែធ្នូ បន្ទាប់ពីការគណៈកម្មការទី៧នៃរដ្ឋសភា ស្នើឲ្យអ្នកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ចុះអង្កេតនៅភ្នំបូកគោ ទាក់ទងការធ្វើពិធីសាសនារបស់ភ្ញៀវទេសចរណ៍ជនជាតិវៀតណាម។
ជាលទ្ធផលកាលណោះ មន្ត្រីជំនាញរបស់ក្រសួងវប្បធម៌ រកមិនឃើញថា ពិធីសាសនារបស់ជនជាតិវៀតណាម នៅភ្នំបូកគោ ខេត្តកំពត ប៉ះពាល់ដល់វប្បធម៌ខ្មែរឡើយ។ ប៉ុន្តែក្រសួងមានការព្រួយបារម្ភថា ប្រសិនបើខ្វះការគ្រប់គ្រងពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុននៅទីនោះនឹងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពភ្ញៀវទេសចរ និងបរិស្ថាននៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។