យ៉ាងហោចណាស់មានឃុំចំនួន ៨ ក្នុងចំណោមឃុំទាំងអស់ ១៥ឃុំ នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត នៅមិនទាន់មានសាលាឃុំសម្រាប់ឲ្យមេឃុំ ជំទប់ឃុំ និងក្រុមប្រឹក្សាឃុំធ្វើការនោះទេ។ ក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតថ្មី ទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច បាននាំគ្នាយកឯកសារទៅធ្វើការ និងប្រជុំក្រុមប្រឹក្សានៅក្រោមផ្ទះមេឃុំ និងជួលផ្ទះពលរដ្ឋដើម្បីធ្វើការ។
មេឃុំស្ដេចគង់ខាងត្បូង លោក អ៊ូក ផាន្នី ប្រាប់ថា ក្នុងចំណោមឃុំទាំង៨ ក៏មានឃុំរបស់លោកមួយដែរ។ លោកមេឃុំបន្តថា សាលាឃុំស្ដេចគង់ខាងត្បូង ពីមុនធ្វើពីឈើ បានពុកខូចអស់ជាច្រើនឆ្នាំមកហើយ។ នៅពេលសាលាឃុំបែកបាក់ដំបូង មេឃុំបានសុំទីតាំងសាលាបឋមសិក្សា និងវត្ត ដើម្បីធ្វើទីស្នាក់ការសាលាឃុំបណ្ដោះអាសន្ន តែក្រោយមកដោយសារមានការរំខានដល់ការសិក្សារបស់សិស្ស និងព្រះសង្ឃ ក្រុមប្រឹក្សាឃុំបានសម្រេចរើទីស្នាក់ការឃុំស្ដេចគង់ខាងត្បូង មកនៅក្រោមផ្ទះមេឃុំ។
លោកមេឃុំ អ៊ូក ផាន្នី៖ «គម្រោងសាងសង់សាលាឃុំយើងធ្វើរហូត ប៉ុន្តែអ្នកឆ្លើយតបថាមកធានាសាងសង់វាអត់ទាន់មាន។ សាងសង់សាលាឃុំមួយបាន ខ្ញុំអរគុណណាស់ មិនចាំតែរដ្ឋាភិបាលទេ ប៉ុន្តែបើតាមរយៈរដ្ឋាភិបាល ក៏ខ្ញុំសរសើរ បើខាងរដ្ឋាភិបាលមកជួយសាងសង់បាន ខ្ញុំក៏ត្រេកអរដែរ។ ប៉ុន្តែខ្ញុំជឿថា បើក្រៅពីរដ្ឋាភិបាលមិនអាចចេញបានទេ សាលាឃុំ»។
ឃុំចំនួន៨នោះ គឺឃុំស្ដេចគង់ខាងត្បូង ឃុំទូកមាសខាងកើត ឃុំបន្ទាយមាសខាងកើត ឃុំព្រៃទន្លេ ឃុំសំរោងក្រោម ឃុំត្រពាំងសាលាខាងកើត ត្រពាំងសាលាខាងលិច និងឃុំមួយកំពុងសាងសង់សាលាឃុំ គឺឃុំសំរោងលើ។
ជំទប់ទី២ ឃុំស្ដេចគង់ខាងត្បូង មកពីគណបក្សប្រឆាំង លោក ឈន វណ្ណា ប្រាប់ថា នៅពេលគ្មានសាលាឃុំធ្វើការ ហើយត្រូវធ្វើការនៅក្រោមផ្ទះមេឃុំ មានផលលំបាកច្រើនណាស់ ពិសេសគឺរឿងអាថ៌កំបាំងរបស់ពលរដ្ឋរងគ្រោះដែលប្ដឹងនៅសាលាឃុំ មិនត្រូវបានរក្សាការសម្ងាត់នោះទេ។ លោកស្នើឲ្យរដ្ឋាភិបាលជួយធ្វើសាលាឃុំឲ្យឃុំស្ដេចគង់ខាងត្បូង ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៅក្នុងឃុំនេះ។
លោកជំទប់ឃុំទី២ ឈន វណ្ណា៖ «ក្នុងនាមជាជំទប់ទី២ដែរ ចង់ដោះស្រាយសំណុំរឿងដែរ។ ដូចថា គ្នាមានរឿងកេរ្តិ៍ខ្មាស មិនចង់ឲ្យនៅកណ្ដាលវាល ចង់បានសាលាឃុំធ្វើការ ដើម្បីស្ងៀមស្ងាត់ មិនចង់បែកធ្លាយព័ត៌មាន (អាថ៌កំបាំងជនរងគ្រោះ) ទៅក្រៅ។ ...(ឯកសារ) ទុកនៅកណ្ដាលវាលអត់មានសោអត់អីដាក់ សម្ភារៈអត់មាន បើយើងមានបន្ទប់ មានសាលាឃុំ យើងអាចទុកសម្ភារៈវាអាចជិតល្អ ដល់អ៊ីចឹងដាក់ចោលនៅកន្លែងធ្វើការនៅក្រោមផ្ទះ (មេឃុំ) ហ្នឹង»។
លោក អ៊ូក ផាន្នី មេឃុំស្ដេចគង់ខាងត្បូង មកពីគណបក្សប្រជាជនកម្ពុជា ជឿជាក់ថា មានតែរដ្ឋាភិបាលទេដែលមានលទ្ធភាពក្នុងការកសាងសាលាឃុំ។ លោកប្រាប់ថា លោកបានដាក់សំណើទៅថ្នាក់ស្រុក ថ្នាក់ខេត្តជាច្រើនដងមកហើយ ក្នុងរយៈពេល ២អាណត្តិដែលលោកឈ្នះឆ្នោតជាមេឃុំ ប៉ុន្តែនៅមិនទាន់មានឆ្លើយតបយ៉ាងណានោះទេ។
ប្រជាពលរដ្ឋនៅក្នុងឃុំស្ដេចគង់ខាងត្បូង បានត្អូញត្អែរថា ពួកគាត់មានការលំបាកនៅពេលដែលមានរឿងក្ដីក្ដាំ ឬទៅរកសេវានៅសាលាឃុំម្ដងៗ ដោយសារសាលាឃុំនៅក្រោមផ្ទះមេឃុំ។
អភិបាលរងស្រុកបន្ទាយមាស លោក អ៊ុក រ៉ាស៊ី ប្រាប់អាស៊ីសេរីថា ក្នុងចំណោម ៨ឃុំ មានតែ ២ឃុំទេ ដែលក្រុមប្រឹក្សាឃុំធ្វើការក្រោមផ្ទះមេឃុំ ហើយថ្នាក់ស្រុកយល់ព្រមឲ្យធ្វើការក្រោមផ្ទះមេឃុំដោយសារតែមេឃុំបានសន្យាការពារឯកសារត្រឹមត្រូវ និងគួរឲ្យទុកចិត្តបាន។ លោកក៏សង្ឃឹមដូចមេឃុំដែរថា រដ្ឋាភិបាលនឹងទម្លាក់ថវិកាឲ្យសាងសង់សាលាឃុំដែលកំពុងខ្វះខាត៖ «ជួលផ្ទះបងប្អូនប្រជាជនណា ឬក៏អ្នកណា។ ប៉ុន្តែយើងអាចជួល (ផ្ទះ) មេឃុំអ៊ីចឹងទៅ មេឃុំគាត់ធានាសុវត្ថិភាព ការគ្រប់គ្រងឯកសារ មិនមែនយើងជួលតែផ្ទះមេឃុំទេ»។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកំពត លោក យន់ ផល្លី មើលឃើញថា មេឃុំ ក្រុមប្រឹក្សាឃុំ និងពលរដ្ឋនៅក្នុងឃុំសុទ្ធតែពិបាកក្នុងការធ្វើការដោយសារតែគ្មានសាលាឃុំត្រឹមត្រូវ៖ «ភាពលំបាកទៅដល់មេឃុំដែលបានជាប់ឆ្នោតថ្មី ព្រោះសេវាបម្រើប្រជាពលរដ្ឋ មិនបានល្អដូចនៅសាលាឃុំទេ។ ធម្មតាទេ កាលដែលនៅផ្ទះ វាអាចជះឥទ្ធិពលមួយមិនល្អ ទៅដល់ពលរដ្ឋគាត់មានឧបសគ្គ ឬក៏បញ្ហាណាមួយកើតឡើង។ អ៊ីចឹង មានដំណោះស្រាយ ឬក៏វិវាទអីផ្សេងៗ វាមិនបានមានភាពជាសម្ងាត់សម្រាប់ប្រជាពលរដ្ឋហ្នឹងដែរ»។
អភិបាលរងស្រុកបញ្ជាក់ថា នៅពេលរដ្ឋាភិបាលទម្លាក់ថវិកាឲ្យធ្វើសាលាឃុំ គឺឃុំអាទិភាព ដែលនឹងត្រូវកសាងមុនគេ គឺឃុំព្រៃទន្លេ ដែលជាប់ព្រំប្រទល់ប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។