លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ត្រូវផ្ដាច់ខ្លួនចេញពីគណបក្សនយោបាយ ទោះបីជាសមាសភាពទាំង ៨រូបជ្រើសចេញពីគណបក្សជាប់ឆ្នោតទាំងពីរក៏ដោយ។
ក្រៅពីនេះទៀត ទាំងលោក សម រង្ស៊ី និងលោក ហ៊ុន សែន បានឯកភាពគ្នាមិនចង់ឲ្យការបោះឆ្នោតនៅពេលខាងមុខមានបញ្ហាទៀតនោះឡើយ ដោយលោកទាំងពីរជំរុញឲ្យស្ថាប័នរៀបចំការបោះឆ្នោតថ្មីនេះ ត្រូវប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត មិនត្រូវស្ថិតនៅក្រោមឥទ្ធិពលគណបក្សនយោបាយណាមួយនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវជាថ្មីទៀតឲ្យបញ្ចប់វប្បធម៌នយោបាយ "ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី" ឲ្យបានសម្រាប់អ្នកនយោបាយខ្មែរ ទោះបីជាទស្សនៈផ្សេងគ្នាក្ដី។
លោក ហ៊ុន សែន ងើបថ្លែងភ្លាមៗដូច្នេះ នៅបន្ទាប់ពីអង្គសភាបានបោះឆ្នោតជាកញ្ចប់អនុម័តសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង ៩រួប ដោយសំឡេងគាំទ្រ ១១៣ លើ ១១៧សំឡេង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លទ្ធផលឈានមកដល់បង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះបាន គឺដោយសារតែវប្បធម៌សន្ទនាដែលផ្ដួចផ្ដើមពីរួបលោក និងលោក សម រង្ស៊ី នៅក្រោយពីកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ កក្កដា។
លោក ហ៊ុន សែន បញ្ជាក់ថា សមាជិក គ.ជ.ប ថ្មីទាំងអស់ ទោះកើតចេញពីគណបក្សណាក៏ដោយ ចាប់ពីថ្ងៃនេះតទៅ គ្មានពាក់ព័ន្ធនឹងគណបក្សណាមួយនោះទេ ត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យឯករាជ្យឲ្យបានពិតប្រាកដ៖ «យើងមិនធ្វើត្រូវត្រឹមកម្រិតថ្នាក់ជាតិទេ ត្រូវធ្វើរឿងនេះដល់ថ្នាក់ក្រោមជាតិ នយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ត្រូវតែបញ្ចប់ជាស្ថាពរនៅក្នុងទឹកដីកម្ពុជា ហើយយើងគ្មានជម្រើសណាក្រៅពីរួមរស់ជាមួយគ្នា ទោះបីជាមានទស្សនៈផ្សេងគ្នា ក៏ប៉ុន្តែយើងជាខ្មែរដែលរស់នៅលើទឹកដីដ៏កំសត់នេះ ហើយមានភារកិច្ចដើម្បីកសាងទឹកដីនេះឲ្យក្លាយជាទឹកដីដ៏សម្បូរសប្បាយឲ្យប្រជាជនមានសេចក្ដីសុខ»។
នៅក្រោយពីលោក ហ៊ុន សែន ថ្លែងចប់ភ្លាមដោយលោកចង់ឲ្យគណបក្សទាំងពីរធ្វើការជាមួយគ្នាតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិនោះ ប្រធានគណបក្សសង្គ្រោះជាតិ បានឡើងថ្លែងគាំទ្រវិញភ្លាមថា លោកឲ្យអ្នកនយោបាយបំភ្លេចចោលរឿងអតីតកាលដែលធ្វើមិនល្អដាក់គ្នា ដែលអ្នកដឹកនាំតែងតែឈ្លោះគ្នានោះ។ លោក សម រង្ស៊ី សង្ឃឹមថា គ.ជ.ប ថ្មីនេះ នឹងកំណត់ជោគវាសនាប្រទេសជាតិឲ្យរុងរឿងតាមរយៈការបោះឆ្នោតនៅពេលខាងមុខ៖ «លោកជំទាវឯកឧត្តម (សមាជិក គ.ជ.បថ្មី) អត់មានចំណងជាមួយគណបក្សណាទៀត ហើយចាប់ពីថ្ងៃនេះតទៅ។ ដូច្នេះ សុំត្រិះរិះពិចារណាដោយខ្លួនឯងរាល់សេចក្ដីសម្រេច សុំឈរលើច្បាប់ ឈរលើគតិយុត្តិធម៌ស្វែងរកភាពសុក្រឹត ផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រខ្មែរ មិនឲ្យមានភាពសម្លុត ការទិញទឹកចិត្តមកលើលោកជំទាវឯកឧត្តមទេ»។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បានសាទរចំពោះអ្នកនយោបាយចង់ឲ្យបញ្ឈប់វប្បធម៌សងសឹកគ្នារបស់អ្នកនយោបាយនេះ ក៏ប៉ុន្តែដើម្បីឲ្យបញ្ឈប់វប្បធម៌ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីនោះ លុះត្រាតែរដ្ឋាភិបាលត្រូវធ្វើអំពើល្អពីឥឡូវទៅ។
នៅក្នុងសម័យប្រជុំនីតិកាលទី៥ របស់រដ្ឋសភាកាលពីព្រឹកថ្ងៃទី៩ មេសា នេះ គឺអង្គសភាបានអនុម័តជាកញ្ចប់ទាំង ៩រួប ដោយសំឡេងគាំទ្រ ១១៣ លើ ១១៧សំឡេង។ សមាជិកទាំង ៩រូបដែលសភាបោះឆ្នោតអនុម័តនោះ គឺលោក ស៊ិក ប៊ុនហុក មកពីគណបក្សប្រជាជនកម្ពុជា ធ្វើជាប្រធាន គ.ជ.ប និងលោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ ជាអនុប្រធាន គ.ជ.ប ថ្មីនេះ។
ចំពោះសមាជិក គ.ជ.ប វិញ មានលោក មាន សទិ លោក រ៉ុង ឈុន លោក ឌុច សន លោក ហ៊ីង ធីឫទ្ធិ លោក ឯម សូផាត អ្នកស្រី តែ ម៉ានីរ៉ុង និងលោកបណ្ឌិត ហង្ស ពុទ្ធា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស៊ិក ប៊ុនហុក ដែលត្រូវបានសភាបោះឆ្នោតជ្រើសតាំងជាប្រធាន គ.ជ.ប ថ្មីនោះ បានប្ដេជ្ញាចិត្តថា លោកនឹងធ្វើឲ្យការបោះឆ្នោតនៅពេលខាងមុខឲ្យឯករាជ្យពិតប្រាកដ ដោយផ្អែកលើច្បាប់បោះឆ្នោតថ្មីដែលបានកែប្រែរួចហើយនោះ៖ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីហ្នឹង នៅពេលទឹកកំពុងឡើងចឹង កុំឲ្យត្រីស៊ីស្រមោចពេក រាល់ថ្ងៃនេះត្រីកំពុងស៊ីស្រមោច អ្នកតស៊ូមតិ អ្នកសិទ្ធិមនុស្ស ត្រូវបានគេបង្ក្រាប ចឹងត្រីរបស់រដ្ឋាភិបាលហ្នឹងកុំស៊ីសម្រោចពេក ដើម្បីកុំឲ្យស្រមោចស៊ីត្រីវិញ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពេលសភាបានបញ្ចប់កិច្ចប្រជុំនៅវិមានរដ្ឋសភាថា សមាជិក គ.ជ.ប ទាំង ៩រួបនេះ នឹងត្រូវទៅស្បថនៅមុខព្រះភ័ក្ត្រព្រះមហាក្សត្រនៅថ្ងៃសៅរ៍ ទី១១ ខែមេសា ហើយនៅថ្ងៃទី១៣ ខែមេសា ខាងមុខ គេនឹងរៀបចំពិធីប្រកាសផ្ទេរតំណែងពីសមាជិក គ.ជ.ប ចាស់មកឲ្យសមាជិក គ.ជ.ប ថ្មីនៅទីស្ដីការ គ.ជ.ប ក្នុងបរិវេណក្រសួងមហាផ្ទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។