ឯកអគ្គរាជទូត​កម្ពុជា​នៅ​វ៉ាស៊ីនតុន​ពន្យល់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​រឿង​ចាប់​ខ្លួន​លោក កឹម សុខា

ដោយ មាន ឫទ្ធិ
2017.11.08
ថិត គ្រូស សមាជិក​ព្រឹទ្ធសភា​អាមេរិក​ មកពី​គណបក្ស​សាធារណរដ្ឋ ​លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ​តិចសាស់ (Texas)។
Photo courtesy of cruz.senate.gov

ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង បាន​សរសេរ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តប​ទៅ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក ថិត គ្រូស (Ted Cruz) ដោយ​មិន​ខ្ចី​អើពើ​ទៅ​នឹង​ការ​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឡើយ បើ​មិន​ចង់​ឲ្យ​អាមេរិក ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ក៏​បាន​បដិសេធ​ទៅ​នឹង​រាល់​ការ​ចោទ​ប្រកាន់​នានា​ដែល​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើ​យុទ្ធនាការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នក​ប្រឆាំង​នៅ​កម្ពុជា។

​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ចុះ​ហត្ថលេខា​ដោយ​លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន ធានា​ប្រាប់​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​រូប​នេះ​ថា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ឲ្យ​តម្លៃ និង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព ដូច​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ពលរដ្ឋ​អាមេរិក ឲ្យ​តម្លៃ​យ៉ាង​ដូច្នេះ​ដែរ។

​លោក ជុំ ប៊ុនរ៉ុង គូស​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​តែ​វិវឌ្ឍ​ទៅ​មុខ។ លោក​ថា វា​ជា​ការ​ពិត​ដែល​ថា ការវិវឌ្ឍន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ​អាច​សម្រេច​ទៅ​បាន ប្រសិនបើ​នីតិរដ្ឋ​ត្រូវ​បាន​ធានា និង​អនុវត្ត​ដោយ​ពេញលេញ​ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ស្ថិរភាព សន្តិភាព និង​ផល​ប្រយោជន៍​ប្រជាជាតិ។

លិខិត​របស់​លោក​ឯក​អគ្គរាជទូត ជុំ ប៊ុនរ៉ុង ដដែល​នេះ ក៏​បាន​ពន្យល់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ត្រូវ​បាន​ធ្វើ​ឡើង​ស្របតាម​បទ​បទបញ្ញត្តិ​ជា​ធរមាន​នានា ដូច​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ចោទ​សួរ​ទៅ​លោក ថិត គ្រូស វិញ​ថា តើ​ក្រោម​ច្បាប់​សហរដ្ឋអាមេរិក ទង្វើ និង​ការ​ប្រព្រឹត្ត​ដូច​ករណី​លោក កឹម សុខា នេះ អាច​ត្រូវ​បាន​អត់ឱន​ឲ្យ​បាន​ដែរ ឬ​ទេ​នៅ​សហរដ្ឋអាមេរិក?

លោក​ឯកអគ្គរាជទូត​រូប​នេះ បាន​ផ្ដល់​អំណះអំណាង​ថា អ្វី​ដែល​លោក កឹម សុខា បាន​ប្រព្រឹត្ត​នៅ​ពេល​កន្លង​មក​នេះ គឺ​មិន​មែន​ជា​ការ​ប្រកួតប្រជែង​ប្រកប​ដោយ​លក្ខណៈ​ស្មើភាព​គ្នា​ក្នុង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ លោក​ថា នៅ​សហរដ្ឋអាមេរិក ក៏​មាន​ច្បាប់​ជា​ច្រើន​ដែរ ដែល​គ្រប់គ្រង​មិន​ឲ្យ​មាន​ទង្វើ​ក្បត់​ជាតិ​នេះ។ លោក ជុំ ប៊ុនរ៉ុង បាន​ប្រៀបប្រដូច​ករណី​ចាប់ និង​ឃុំ​ខ្លួន​លោក កឹម សុខា នេះ ទៅ​នឹង​ករណី​លោក ប៉ូល ម៉ាណាហ្វត (Paul Manafort) ដែល​ជា​អតីត​នាយក​ផ្នែក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ហើយ​ដែល​បច្ចុប្បន្ន​កំពុង​ទទួល​រង​នូវ​បទ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​ប្រទេស​រុស្ស៊ី ប្រឆាំង​នឹង​សហរដ្ឋអាមេរិក។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា (ឆ្វេង) ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ AFP
មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា (ឆ្វេង) ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ AFP
AFP

លោក ជុំ ប៊ុនរ៉ុង ថា វា​ជា​ការ​មិន​​ត្រឹមត្រូវ​ឡើយ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រង​នូវ​ការ​រិះគន់ និង​ការ​គំរាម​អំពី​ការ​ដាក់​ទណ្ឌកម្ម​នានា​យ៉ាង​ដូច្នេះ ព្រោះ​ដោយសារ​តែ​បាន​ចាត់​ការ​ផ្លូវ​ច្បាប់​ក្នុង​គោលបំណង​ដើម្បី​ការពារ​សន្តិសុខ សន្តិភាព ឯករាជ្យ និង​អធិបតេយ្យ​របស់​ខ្លួន​ដូច​ដែល​ប្រទេស​ដទៃ​ទៀត​កំពុង​អនុវត្ត​យ៉ាង​ដូច្នោះ​ដែរ។ លោក​សរសេរ​បន្ត​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​មិន​អាច​ជៀស​ផុត​នេះ មិន​មាន​ន័យ​ថា ជា​ការ​បិទ​បញ្ចប់​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​កម្ពុជា​នោះ​ឡើយ។

លោក ជុំ ប៊ុនរ៉ុង ក៏​មិន​បាន​បំភ្លេច​ពន្យល់​ប្រាប់​លោក ថិត គ្រូស ទៅ​វិញ​ថា របាយការណ៍​ដែល​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ទទួល​បាន​អំពី​ការណ៍​ដែល​រដ្ឋាភិបាល​បាន​បិទ​ស្ថានីយ​វិទ្យុ​ជាង ១០០​នោះ គឺ​ជា​ព័ត៌មាន​មិន​ពិត​នោះ​ទេ។ លោក​ថា តាម​ពិត​មាន​ស្ថានីយ​វិទ្យុ​ជាង ២០​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បិទ​ទ្វារ ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ច្បាប់​សារព័ត៌មាន ហើយ​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​ទាំង​នោះ​ទៀតសោត គឺ​ដោយសារតែ​ស្ថានីយ​ទាំង​នោះ​ពុំ​បាន​រាយការណ៍​ទៅ​ក្រសួង​ព័ត៌មាន ដូច​ដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រសួង។

លោក ជុំ ប៊ុនរ៉ុង ក៏​បាន​លើក​ឡើង​ពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដោយ​យោង​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ចេញ​ផ្សាយ​ដោយ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ចំពោះ​សេរីភាព​សារព័ត៌មាន ថា​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។

នៅ​ចុង​បញ្ចប់​នៃ​លិខិត​របស់​លោក ជុំ ប៊ុនរ៉ុង លោក​ឯកអគ្គរាជទូត​រូប​នេះ​បាន​គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា ឲ្យ​តម្លៃ​ចំពោះ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក និង​អរគុណ​ប្រទេស​នេះ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ឲ្យ​មាន​ស្ថិរភាព សន្តិភាព និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ថា វា​មិន​មែន​ជា​សញ្ញា​ល្អ​ទាល់តែ​សោះ​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា និង​អនាគត​ប្រទេស​នេះ ប្រសិនបើ​កម្ពុជា ត្រូវ​បាន​បង្ខំ​ចិត្ត​ឲ្យ​ជ្រើស​រើស​យក​ជម្រើស​នានា ដែល​ផ្ទុយ​នឹង​អត្ថប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ប្រជាជាតិ​ទាំង​ពីរ។

ជា​ថ្មី​ម្ដង​ទៀត លោក ជុំ ប៊ុនរ៉ុង ធានា​ប្រាប់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក ថិត គ្រូស ថា រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​វិធានការណ៍ និង​ឈរ​យ៉ាង​មុតមាំ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដើម្បី​ធានា​ថា សោកនាដកម្ម​នៅ​ពេល​អតីតកាល​នៅ​កម្ពុជា នឹង​មិន​ត្រូវ​បាន​បណ្ដោយ​ឲ្យ​កើត​មាន​ឡើង​សា​ជា​ថ្មី​វិញ​ម្ដង​ទៀត​ឡើយ ហើយ​ថា សន្តិភាព និង​ស្ថិរភាព នឹង​នៅ​តែ​បន្ត​មាន​វត្តមាន​ដដែល​សម្រាប់​ការ​អភិវឌ្ឍ និង​ដំណើរការ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព ស្របតាម​នីតិរដ្ឋ និង​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ផ្អែក​តាម​ក្រឹត្យក្រម និង​ជំហាន​ដែល​សមស្រប​ស្របតាម​បរិបទ​កម្ពុជា។

នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក ថិត គ្រូស ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ដ​ល់​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ដោះលែង​លោក កឹម សុខា។ លោក ថិត គ្រូស ព្រមាន​បន្ថែម​ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ពេល​កន្លង​មក ប្រព្រឹត្ត​ទៅ​បាន​ក៏ដោយ​សារ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ សេរី និង​ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​បាន។ ប៉ុន្តែ ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​ក្រុម​ឯករាជ្យ​ដែល​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត បិទ​អង្គការ​សិទ្ធិមនុស្ស បិទ​ស្ថានីយ​វិទ្យុ​ជា​ច្រើន និង​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​យ៉ាង​ដូច្នេះ លោក ថេត គ្រូស ថា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​កំពុងតែ​បំផ្លាញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន ក៏​កំពុងតែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ផង​ដែរ។

មិន​មែន​មាន​តែ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក ថេត គ្រូស មួយ​រូប​ប៉ុណ្ណោះ​ទេ ដែល​បាន​ឈឺ​ឆ្អាល​នឹង​បញ្ហា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​គំរាម​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ។ សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ​ចំនួន​បី​រូប​ទៀត គឺ​លោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និង​លោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) ក៏​បាន​ផ្ដួចផ្ដើម​រៀបចំ​ឲ្យ​មាន​សេចក្ដី​សម្រេច​លេខ ២៧៩ កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន។ បច្ចុប្បន្ន​ សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កាលវិភាគ​លេខ ២៥៧ សម្រាប់​លើក​យក​មក​ជជែក​ដេញដោល​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធ​សភា​អាមេរិកាំង នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ។

​ប្រសិនបើ​អនុម័ត​សេចក្ដី​សម្រេច​លេខ ២៧៩ ស្ដីពី​ការ​គូស​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ថ្កោលទោស​ជា​ផ្លូវការ​នូវ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​ការ​បញ្ឈប់​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នានា ក្នុង​ប្រទេស​នេះ​ជា​បន្ទាន់។ សេចក្ដី​សម្រេច​ដដែល​នេះ ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចប់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​នានា មក​លើ​ក្រុម​អ្នក​ប្រឆាំង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​នូវ​បរិយាកាស​មួយ​ដែល​លទ្ធិប្រជាធិបតេយ្យ​អាច​រីកចម្រើន និង​លូតលាស់​ទៅ​មុខ​បាន​ល្អ។

​បន្ថែម​ពីលើ​នេះ សេចក្ដី​សម្រេច​ដដែល​នេះ តម្រូវ​ឲ្យ​ក្រសួង​រតនាគារ​អាមេរិកាំង ពិចារណា​ដាក់​បញ្ចូល​រាល់​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា ទាំង​អស់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​នយោបាយ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ឈ្មោះ​ជនបរទេស​ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ជនជាតិ​អាមេរិកាំង ដែល​ហៅ​កាត់​ថា «SDN»។

​ចំណុច​ចុង​ក្រោយ​នៃ​សេចក្ដី​សម្រេច ក្រៅ​ពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​សេចក្ដី​សម្រេច​លេខ ២៧៩ នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ជួបជុំ តវ៉ា និង​បញ្ចេញមតិ​នានា​ប្រឆាំង​រដ្ឋាភិបាល។ សេចក្ដី​សម្រេច​នេះ គាំទ្រ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា និង​គាំទ្រ​ឲ្យ​មាន​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដែល​ត្រូវ​បាន​ចូលរួម​តាមដាន​ពី​សំណាក់​អ្នក​ឃ្លាំមើល​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។