សមាជិក​សភា​អាស៊ាន៖ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ​ជា​ការ​ស្លាប់​លទ្ធិប្រជាធិបតេយ្យ

សមាជិក​សភា​អាស៊ាន ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ស្នើ​ដោយ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច គឺ​ជា​ការ​ស្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ពី​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ សមាជិក​សភា​អាស៊ាន​បាន​ថ្កោលទោស​ចំពោះ​ការ​ខិតខំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើ​ច្បាប់​យ៉ាង​ប្រញាប់ប្រញាល់​ដែល​មាន​បំណង​សំដៅ​ដល់​គណបក្ស​ប្រឆាំង។ សមាជិក​សភា​អាស៊ាន​អំពាវនាវ​ដល់​អង្គការ​អន្តរជាតិ និង​តំបន់ ថ្កោលទោស​ចំពោះ​ការ​កែប្រែ​ច្បាប់​របស់​បក្ស​កាន់​អំណាច​នៅ​ពេល​នេះ។

ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី (Malaysia) លោក ឆាល សេនទីអាហ្គោ (Charles Santiago) ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពេល​នេះ នឹង​បង្ហាញ​ពី​ការ​ស្លាប់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ឆាល សេនទីអាហ្គោ ថ្លែង​បន្ត​ថា អ្វី​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន គឺ​ជា​សូចនាករ​ដំបូង​នៃ​ការ​វាយ​ប្រហារ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់​ទាំង​មូល។

ចំណែក​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​សមាជិក​សភា​អាស៊ាន និង​ជា​អតីត​សមាជិក​សភា​ហ្វីលីពីន លោក វ៉ាល់ឌែន ប៊ែឡូ (Walden Bello) បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ថា មាត្រា​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ច្បាស់​ណាស់​មាន​ការ​ប្រកាន់​បក្ខពួក និង​មាន​បំណង​សំដៅ​ដោយ​ផ្ទាល់​ចំពោះ​បក្ស​ប្រឆាំង។ លោក​ថា នេះ​ជា​ផ្នែក​មួយ​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​កម្ទេច​បក្ស​ប្រឆាំង​ដោយ​មិន​បាន​ពិចារណា​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​ប្រព័ន្ធ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ជា​ស្នូល​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។