កិច្ចប្រជុំសភាតំបន់អាស៊ី ហៅកាត់ថា អេ.ភី.អេ (APA) លើកទី៨ នៅថ្ងៃទី៨ ខែធ្នូ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានជជែកលើប្រធានបទ វប្បធម៌សន្ទនាខណៈដែលវប្បធម៌សន្ទនានៅកម្ពុជា កំពុងប្រេះស្រាំ។
សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលចូលរួមកិច្ចប្រជុំនេះ គឺលោក ឈាង វុន អះអាងថា កិច្ចប្រជុំដំណើរការធម្មតា បើទោះជាគ្មានវត្តមានតំណាងរាស្ត្រគណបក្សប្រឆាំងចូលរួមក្ដី។ ចំណែកអ្នកវិភាគសង្គមយល់ថា អ្នកនយោបាយខ្មែរគួរខ្មាសបរទេស ដែលលើកយកកិច្ចសន្ទនាមកនិយាយចំពេលដែលអ្នកនយោបាយខ្វះការជជែកគ្នា។
សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសភាក្រុមជាតិ អេ.ភី.អេ (APA) លោក ឈាង វុន ថ្លែងប្រាប់អ្នកសារព័ត៌មានថា សមាជិកសភាតំបន់អាស៊ី អេ.ភី.អេ មិនបានលើកឡើង ឬសួរនាំពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមិនចូលរួមក្នុងកិច្ចប្រជុំនេះទេ។
ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ លោក ឈាង វុន ថ្លែងថា ការលើកឡើងពីកិច្ចសន្ទនា មិនជាប់ទាក់ទងនឹងគណបក្សសង្គ្រោះជាតិ ឬទាក់ទងនឹងស្ថានការណ៍នយោបាយចុងក្រោយនេះឡើយ៖ «មិនមែនដោយសារសង្គ្រោះជាតិ មិនចូលសភាធ្វើពហិការនោះទេ កិច្ចប្រជុំលើកប្រធានបទនោះទេ យើងរៀបចំកិច្ចប្រជុំសភា អេ.ភ.អេ មួយការងារយើងមានច្រើន ពិសេសសន្តិសុខសុវត្ថិភាពសំខាន់ណាស់»។
កិច្ចប្រជុំដែលមានរយៈពេលមួយសប្ដាហ៍ គឺចាប់ផ្ដើមពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែធ្នូ គឺជជែកទាក់ទងការជំរុញសន្តិភាព ការផ្សះផ្សា និងកិច្ចសន្ទនាក្នុងតំបន់អាស៊ី។ លោក ឈាង វុន អះអាងថា ប្រធានបទនៃកិច្ចប្រជុំនេះ គឺបានរៀបចំទុកតាំងពី ៣ឆ្នាំមុនមកម៉្លេះ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ថា គណបក្សនយោបាយដែលមានសំឡេងនៅក្នុងសភា គួរពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនយោបាយដែលបង្កើតបានជាវប្បធម៌សន្ទនា។ លោកបន្តថា នេះមិនមែនជារឿងចៃដន្យទេ ដែលសភា អេ.ភី.អេ លើកពីវប្បធម៌សន្ទនាមកជជែកនោះ។ លោកបញ្ជាក់ថា វប្បធម៌សន្ទនានៅកម្ពុជា បានបាត់រូបរាងពីសង្គមនយោបាយទៅហើយ៖ «វប្បធម៌សន្ទនាត្រូវបានស្លាប់នៅពេលអ្នកនយោបាយទាំងពីរគណបក្ស ដែលបានចុះកិច្ចព្រមព្រៀងគ្នា ហើយនៅមានជម្លោះមិនចេះចប់ដែលមិនអាចថែរក្សាបាន។ សភាអេ.ភី.អេ បានប្រជុំនៅប្រទេសកម្ពុជា ហើយបានលើកឡើងពីវប្បធម៌សន្ទនានេះឡើង ព្រោះគេមានការសោកស្ដាយចំពោះវប្បធម៌សន្ទនាចោល»។
វិបត្តិនយោបាយនៅកម្ពុជា ធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភ និងស្នើរដ្ឋាភិបាល លោក ហ៊ុន សែន ឈប់ធ្វើទុក្ខបុកម្នេញប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា កិច្ចប្រជុំសភាតំបន់អាស៊ី អេ.ភី.អេ ពិតជាលើកឡើងពីស្ថានការណ៍នយោបាយចុងក្រោយនៅកម្ពុជា មែន ប៉ុន្តែលោកថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហានៅក្នុងកិច្ចប្រជុំនោះទេ។ បើទោះជា លោក យឹម សុវណ្ណ យល់ថា កិច្ចប្រជុំនេះមានសារសំខាន់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងរូបនេះ លើកឡើងថា ការមិនចូលរួមកិច្ចប្រជុំរបស់តំណាងគណបក្សសង្គ្រោះជាតិ គឺចង់បង្ហាញឲ្យអន្តរជាតិដឹងថា ប្រទេសកម្ពុជា កំពុងឈានទៅរកគណបក្សតែមួយ និងបរិយាកាសអាប់អួនៃស្ថានភាពនយោបាយកម្ពុជា បច្ចុប្បន្ន៖ «ការខាតបង់នេះ បង្កើតទៅជាបរិយាកាសអាប់អួ កើតនូវភាពអវិជ្ជមាននៅក្នុងក្រសែភ្នែកអ្នកការទូត ហើយក៏បង្កើតភាពមន្ទិលសង្ស័យចំពោះអ្នកវិនិយោគ ក៏ដូចជាប្រទេសនានា»។

សភាតំបន់អាស៊ី (Asian Parliamentary Assembly) ត្រូវបានបង្កើតក្នុងឆ្នាំ២០០៦ ក្នុងគោលបំណង ការផ្លាស់ប្ដូរមុខមាត់ថ្មីនៃសភាតំបន់អាស៊ី ជំរុញនូវសន្តិភាព និងសមាហរណកម្មសម្រាប់តំបន់អាស៊ី។
កាលពីថ្ងៃទី៣០ វិច្ឆិកា សភាអាស៊ាន បានចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទប្រឆាំង លោក សម រង្ស៊ី និងធានាសុវត្ថិភាព ព្រមទាំងសេរីភាពជូនតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំង។
តំណាងសភាអាស៊ាន ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនោះ បានហៅការធ្វើទុក្ខបុកម្នេញលើអ្នកតំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំង ថាជាការបំផ្លាញពន្លកប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានសភាអាស៊ានផ្នែកសិទ្ធិមនុស្ស លោក ឆាលស៍ សេនទីអាហ្គូ (Charles Santiago) មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា ការវិវឌ្ឍនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន គឺជាក្តីព្រួយបារម្ភរបស់សមាជិកសភានៅតំបន់អាស៊ីអាគ្នេយ៍។
សមាជិកសភារបស់គណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប មិនចូលរួមប្រជុំសភាតំបន់អាស៊ី អេ.ភី.អេ នេះទេ ដោយសារបញ្ហានយោបាយនៅកម្ពុជា ឡើងកម្ដៅខ្លាំង ខណៈប្រធានបក្សប្រឆាំងកំពុងរងបណ្ដឹងនៅតុលាការចំនួនបីករណី។ ក្រៅពីនេះទៀត គឺការដកតំណែងអនុប្រធានទី១ សភាពី លោក កឹម សុខា ការប្រើហិង្សាលើតំណាងរាស្ត្រ និងការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ និងសកម្មជនគណបក្សប្រឆាំង។ គណបក្សប្រឆាំងរំពឹងថា បណ្ដាប្រទេសដែលចូលរួមប្រជុំសភាតំបន់អាស៊ីនេះ នឹងជួយស្ដារស្ថានការណ៍នយោបាយកម្ពុជា ឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។