អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ អះអាងថា សម្ដេចព្រះរៀមបុប្ផាទេវី ទំនងជាយាងធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលមកពីកូតាព្រះបរមរាជវាំង។ ការលើកឡើងបែបនេះ បន្ទាប់ពីសម្ដេចព្រះរៀមសុំលាឈប់ពីសមាជិកព្រឹទ្ធសភា។
អ្នកនាំពាក្យព្រឹទ្ធសភា និងអ្នកនាំពាក្យរដ្ឋសភា អះអាងថា ការលាឈប់ពីសមាជិកព្រឹទ្ធសភា របស់សម្ដេចព្រះរៀម បុប្ផាទេវី សម្ដេចព្រះរៀមត្រូវទៅបំពេញការងារនៅកន្លែងថ្មី។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ឲ្យវិទ្យុអាស៊ីសេរី ដឹងថា លោកទទួលព័ត៌មានក្រៅផ្លូវការថា សម្ដេចព្រះរៀម បុប្ផាទេវី នឹងយាងធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលមកពីកូតាតែងតាំងរបស់ព្រះមហាក្សត្រ។ ទោះបីជាយ៉ាងណាក្តី លោកមិនទាន់ឃើញការតែងតាំងជាផ្លូវការនៅឡើយទេ៖«ខ្ញុំអត់យ៉ាងម៉េចទេ ព្រោះនេះជាការចាត់តាំង ព្រោះរឿង ប្រសិនបើព្រះរៀមយាងមកគឺក្នុងនាមសម្ដេចព្រះរៀមជាកូតារបស់ព្រះមហាក្សត្រ»។
រដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ជ្រើសរើសសមាជិកព្រឹទ្ធសភាមួយរូប ដើម្បីជំនួសសម្ដេចព្រះរៀម បុប្ផាទេវី ដោយភ្ជាប់នូវឯកសារជីវប្រវត្តិសង្ខេប មានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ឆ្នាំ និងសញ្ជាតិខ្មែរ ប៉ុន្តែមិនកំណត់ចំណេះវិជ្ជាទេ។ ប្រកាសនេះ បន្ទាប់ពីរដ្ឋសភាយល់ព្រមតាមសំណើសុំលាឈប់ពីសមាជិកព្រឹទ្ធសភា របស់សម្ដេចព្រះរៀម។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា រដ្ឋសភាបានទទួលលិខិតពីប្រធានព្រឹទ្ធសភាបញ្ជាក់ពីការលាឈប់របស់សម្ដេចព្រះរៀម បុប្ផាទេវី ដោយសារសម្ដេចព្រះរៀមយាងកាន់ការងារថ្មី៖ «នៅក្នុងលិខិតសម្ដេច សាយ ឈុំ ផ្ញើទៅកាន់សម្ដេច ហេង សំរិន គេដាក់ទៅកាន់ការងារថ្មី ព្រឹទ្ធសភាគេដាក់មិនច្បាស់ទេ ប៉ុន្តែតាមដែលខ្ញុំបានឮព័ត៌មានខ្លះថា ព្រះករុណា (ព្រះមហាក្សត្រ) តែងតាំងសម្ដេចព្រះរៀមជាក្រុមប្រឹក្សាធម្មនុញ្ញ»។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ បញ្ជាក់ថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានការតែងតាំងពីរដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បញ្ជាក់ថា មុននឹងសម្ដេចព្រះរៀមលាឈប់ពីការងារ សម្ដេចព្រះរៀម តែងយាងបំពេញការងារជាធម្មតាតាមការកោះហៅរបស់ប្រធានព្រឹទ្ធសភា។ លោកសម្ដែងការសោកស្ដាយចំពោះការលាឈប់ ប៉ុន្តែលោកយល់ថា នេះជាសិទ្ធិសេរីភាពរបស់សម្ដេចព្រះរៀម។
សម្ដេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ជារាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយអ្នកម្នាង ផាត់ កាញ៉ុល។ សម្ដេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុននឹងទៅកាន់តួនាទីជាសមាជិកព្រឹទ្ធសភា ហើយទ្រង់ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្ដល់គោរមងារជាទេពនាដវដ្ដីឯកសិល្បៈរបាំបុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។