“មន្ត្រី​នៅ​ក្បែរ​លោក ហ៊ុន សែន ចូល​ចិត្ត​និយាយ​សម្ដី​អត់​បាន​ការ”

ដោយ អាស៊ីសេរី
2017-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
Photo: RFA

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ដាក់​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស អ្នក​វិភាគ​ រួម​ទាំង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ផង​ថា នៅ​ស្ងៀម​ស្ងាត់ ពេល​មាន​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​អាមេរិក កាលពី​ពេល​ថ្មីៗនេះ​។ ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថា​ការ​ចំអក​បែប​នេះ បង្ហាញ​ថា មន្ត្រី​នៅ​ក្បែរ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ចំណេះដឹង​ទូទៅ​នៅ មាន​កម្រិត​នៅឡើយ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ស្នើ​ឲ្យ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន សិក្សា​ឲ្យ​បាន​លម្អិត និង កុំ​ហា​ស្ដី​អ្វី​ ឲ្យ​រួច​តែមាត់ ព្រោះ​ការ​និយាយ​ខ្វះ​ការ​ត្រិះរិះ​ពិចារណា​ល្អិតល្អន់​បែបនេះ វា​នាំ​ឲ្យ​ឃើញ​ពី​ភាព​ខ្វះ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​របស់​មន្ត្រី​ទាំងនោះ តែប៉ុណ្ណោះ៖ «មន្ត្រី​រូប​នេះ ជា​គំរូ​នៃ​មន្ត្រី​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ របស់​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ហែហម​លោក​ ហ៊ុន​ សែន គឺ​ពូកែ​ខាង​និយាយ​សម្ដី​ឥត​បាន​ការ ខំ​ប្រឹង​ប្រៀបធៀប​អ្វី​ដែល​កើតឡើង​នៅ​សហរដ្ឋអាមេរិក ទៅ​នឹង​ស្រុក​ខ្មែរ។ បើ​គាត់​មិន​ចង់​ក្លាយ​ជា​មនុស្ស​ខ្វះ​ការ​យល់​ដឹង​ជាង​នេះ​ទៀត​ទេ គាត់​គួរ​បើក​មើល​គេហទំព័រ​ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ផង ថា​តើ​អង្គការ​នេះ និយាយ​អ្វី​ខ្លះ​ អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋអាមេរិក។ យើង​មិន​ដែល​នៅ​ស្ងៀម​ទេ ពេល​សហរដ្ឋអាមេរិក រំលោភ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា កន្លង​ទៅ​នេះ តំណាងរាស្រ្ត​អាមេរិក​បី​រូប និង​អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​ក្រុង​ញូវយ៉ក (New York) ផង ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​ពួកគាត់​តវ៉ា​ដោយ​អហិង្សា មិនព្រម​ចាក​ចេញ​ពី​ផ្លូវ​លេខ​៥ នៅមុខ​អគារ​របស់​លោក ដូណាល់ ត្រាំ (Donald Trump) នៅ​ទីក្រុង​ញូវយ៉ក។ ពួកគាត់​តវ៉ា​ ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បញ្ជា​ឲ្យ​បញ្ជូន​កូនៗ​របស់​​ជន​អន្តោប្រវេសន៍ ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ។

ប្រតិកម្ម​របស់​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្រោយពី​លោក សុខ ឥសាន កាលពី​ថ្ងៃ​ទី ២១ ខែ កញ្ញា ថ្លែង​តាម​ប្រព័ន្ធ​តេឡេក្រាម​របស់​គាត់ ដោយ​ចំអក​ដាក់​លោក ប្រ៊ែដ អាដាម ដោយ​ហៅ​លោក ថា​ជា៖ «មេ​ក្លោង​សិទ្ធិមនុស្ស ទៅ​ណា​បាត់​អស់​ហើយ​ មាន​បាន​បើក ភ្នែក​មើល​សិទ្ធិមនុស្ស​នៅ សហរដ្ឋអាមេរិក ដែរ​ប្ញទេ

លោក សុខ ឥសាន សរសេរ​បន្ត​ ថា​តំណាងរាស្ត្រ​បីរូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ គឺ​ជា​តំណាងរាស្ត្រ​ពី​គណបក្ស​សាធារណៈ​រដ្ឋ​ របស់​លោក ដូណាល់ ត្រាំ និង​ត្រូវ​បាន​ចាប់​ខ្លួន​ ទាំង​មាន​អភ័យឯកសិទ្ធិសភា​ទៀត​ផង។ ដោយ​អត់​ទ្រាំ​នឹង​ការ​ឆ្លើយ​តប​មិន​ទាន់​ពេល លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃទី២៤ ខែ​កញ្ញា​ ថែម​ទៀត ដោយ​ម្ដង​ណេះ វាយប្រហារ​រហូត​ដល់​វិទ្យុ​អាស៊ីសេរី ដែល​មិន​បាន​ផ្សាយ​រឿង​ចាប់​តំណាងរាស្រ្ត​នៅ​អាមេរិក​នេះ។ លោក សុខ ឥសាន ត្រូវ​បាន​សារព័ត៌មាន​នោះ​ ដកស្រង់​សម្ដី​ថា៖ «នៅ​ពេល​ចាប់​តំណាងរាស្ត្រ​នៅ​កម្ពុជា វិទ្យុ​អាស៊ីសេរី ក៏​ដូច​វិទ្យុ​នានា​ផ្សាយ​ឥត​ឈប់ ដោយ​សង្កត់ធ្ងន់​ថា រំលោភ​អភ័យឯកសិទ្ធិ​សភា និង​រដ្ឋធម្មនុញ្ញ។ ឥឡូវ​ដល់​មាន​ការ​ចាប់​តំណាងរាស្ត្រ​អាមេរិក អត់​មាន​ឮ​ការ​ផ្សាយ​ពី​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​នានា​ទេ។ នេះ​បាន​ហៅ​ថា​វិទ្យុ​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​មែន។ តើ​អស់​លោក​បណ្ឌិត និង​អ្នក​វិភាគ​នយោបាយ មាន​បាន​មើល​ឃើញ និង​ដឹង​ពី ព័ត៌មាន​ចាប់​ខ្លួន​តំណាងរាស្ត្រ នៅ​សហរដ្ឋអាមេរិក​ដែរ​ឬទេ បាន​ជា​ស្ងាត់ឈឹង​ ដូច​ចោរ​លួច​សេះ​អ៊ីចឹង

លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា​អង្គការ​របស់​លោក មិន​បាន​និយាយ​អ្វី អំពី​ការ​ចាប់​តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ព្រោះ​ករណី​ចាប់​ខ្លួន​អ្នក​ទាំងនេះ វា​គ្រាន់​តែ​ជា​បទ​ល្មើស​ធម្មតា នៃ​ការ​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ​លើ​ផ្លូវ​សាធារណៈ​ប៉ុណ្ណោះ៖ “ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​ទាំងនេះ មិន​មែន​ជា​រឿង​រំលោភ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ទេ​។ ប៉ុន្តែ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​រំលោភ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​ហូរហែ ដូចជា​ពាក់ព័ន្ធ​នឹង​ជនអន្តោប្រវេសន៍ និង ជនភៀសខ្លួន​ជាដើម។ ក្នុង​ករណី​ទាំងនេះ អង្គការ​របស់​យើង​ មិន​ដែល​នៅ​ស្ងៀម​នោះ​ទេ។ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក ថា​អង្គការ​យើង​នៅ​ស្ងៀម មិន​តវ៉ា​រឿង​នេះ​នោះ​ទេ»

លោក សុខ ឥសាន និង​សារព័ត៌មាន​ក្នុង​ស្រុក ហ្វ្រេសញូវ (Fresh News) ដែល​បាន​ដក​ស្រង់​សម្ដី​របស់​លោក សុខ ឥសាន យក​មក​ផ្សាយ​បន្ត​ បាន​ហៅ​តំណាងរាស្ត្រ​អាមេរិក​​ទាំង​បី​រូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ថា​ជា​តំណាងរាស្ត្រ មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង ការពារ​ដោយ​អភ័យ​ឯកសិទ្ធិ។ ប៉ុន្តែ តាម​ការ​ពិត អ្នក​បី​នាក់​នោះ គឺ​ជា​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំងអស់​ ហើយ​តំណាងរាស្ត្រ​ទាំង​អស់​នៅ​សហរដ្ឋ​អាមេរិក ពុំ​មាន​អភ័យ​ឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ​នៅ​ប្រទេស​កម្ពុជា។ ម្យ៉ាង​វិញទៀត ពួកគាត់​ទាំងអស់​ ក៏​ត្រូវ​បាន​ដោះលែង​ភ្លាមៗ​វិញ​ដែរ បន្ទាប់​ពី​ចាប់​ខ្លួន​ភ្លាម។

ត្រង់​ចំណុច​នេះ លោក ប្រ៊ែដ អាដាម សំដែង​ការ​ហួសចិត្ត ដ្បិត​មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​កាន់អំណាច​រូប​នេះ បង្ហាញ​នូវ​ភាព​ល្ងឹតល្ងង់​កាន់​តែ​ជ្រៅ សូម្បី​តែ​តំណាងរាស្ត្រ​នៅ​សហរដ្ឋអាមេរិក គ្មាន​អភ័យ​ឯកសិទ្ធិ​សភា ដូច​នៅ​កម្ពុជា ក៏​មិន​គាត់​ដឹង​ផង។ លោក​ស្នើ​ឲ្យ​លោក សុខ ឥសាន និង មន្ត្រី​ដទៃ​ទៀត មុន​នឹង​ហា​ស្ដី​អ្វី​ជា​សាធារណៈ និង​តំណាង​ឲ្យ​មុខ​មាត់​បក្ស​បែបនេះ គប្បី​សិក្សា​ព័ត៌មាន​ឲ្យ​បាន​ល្អិត​ល្អន់​ជាមុន​សិន៖ “សម្ដី​បែបនេះ គឺជា​ភាព​ខ្វះ​ចំណេះដឹង​​របស់​គាត់។ សមាជិកសភា​អាមេរិក គ្មាន​អភ័យ​ឯកសិទ្ធិ​សភា​នោះ​ទេ។ ច្បាប់​នៅ​សហរដ្ឋ​អាមេរិក មិន​បាន​ផ្ដល់​ឋានៈ​ពិសេស​ណាមួយ​ ដល់​សមាជិក​សភា​ ដូច​ច្បាប់​នៅ​ប្រទេស​ខ្លះ​នោះ​ទេ។ បើ​អ្នក​ជា​សមាជិកសភា​នៅ​អាមេរិក ហើយ​បើ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​អ្វីមួយ សភា​អត់​ចាំបាច់​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​របស់​អ្នក ដើម្បី​ឲ្យ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​តុលាការ​នោះ​ទេ

លោក ប្រ៊ែដ អាដាម បញ្ជាក់​បន្ថែម​ថា សហរដ្ឋអាមេរិក​ មាន​ប្រព័ន្ធ​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ និង តុលាការ​យ៉ាង​​រឹងមាំ មិន​ចាំបាច់​មាន​អភ័យ​ឯកសិទ្ធិ​ការពារ​សមាជិក​សភា​របស់​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា ប្រទេស​កម្ពុជា មាន​ប្រវត្តិ​បង្ក្រាប​មតិ​ប្រឆាំង តាំងតែពី​សម័យ​សង្គមរាស្ត្រនិយម និង​សម័យ​ លន់ នល់ រហូតដល់​សម័យ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ។ លោក​បញ្ជាក់ ថា​ការណ៍​ដែល​ប្រទេស​កម្ពុជា មាន​អភ័យ​ឯកសិទ្ធិ​សភា គឺ​ដើម្បី​ការពារ​តំណាងរាស្ត្រ ជាពិសេស​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រឆាំង កុំឲ្យ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់ចង​តាម​អំពើ​ចិត្ត ​ពី​សំណាក់​គណបក្ស​កាន់អំណាច និង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​តំណាងរាស្ត្រ​ ពី​ខាង​គណបក្ស​ប្រឆាំង មាន​លទ្ធភាព​គ្រប់គ្រាន់ និង មិន​ត្រូវ​ខ្លាច​ការ​គំរាម​កំហែង ក្នុង​ការ​បំពេញ​ការងារ​បម្រើ​រាស្ត្រ​ម្ចាស់​ឆ្នោត​របស់​ខ្លួន។ ប៉ុន្តែ ជាកុសល​ លោក​សោកស្ដាយ ដោយសារ​អភ័យឯកសិទ្ធិ​សភា ត្រូវ​បាន​រង​ការ​រំលោភ​បំពាន​យ៉ាង​ដំណំ​ពី​គណបក្ស​កាន់​អំណាច​ដដែល៖ “ជា​ការគួរ​ឲ្យ​សោកស្ដាយ អភ័យ​ឯកសិទ្ធិ​ គឺ​បង្កើត​ឡើង​ដើម្បី​ការ​ពារ​តំណាងរាស្ត្រ ប៉ុន្តែ ឥឡូវ​តំណាងរាស្ត្រ គ្មាន​អ្វី​ការពារ​ទៀត​ទេ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​គោរព​តាម​គោលការណ៍​អភ័យ​ឯកសិទ្ធិ​នេះ។ សហគមន៍​អន្តរជាតិ ចង់​ឃើញ​កម្ពុជា​គោរព​នីតិរដ្ឋ»

លោក​បណ្ឌិត មាស នី មិន​យល់​ស្រប​ក្នុង​ការ​ចំអក ឬ​ប្រៀបធៀប​តែ​អ្វី​ដែល​អាក្រក់ៗ​ នៅ​ក្នុង​ពិភពលោក​នោះ​ទេ។ លោក​ថា មន្ត្រី​ដឹកនាំ​ប្រទេស​កម្ពុជា ដែល​អួត​ថា​ប្រទេស​កម្ពុជា​ជា​រាជាណាចក្រ​អច្ឆរិយ គប្បី​ធ្វើ​យ៉ាង​ណា​ ជួយ​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិភាព​ពេញ​លេញ គ្មាន​ការជិះជាន់​គាប​សង្កត់​គ្នា និង​មាន​ឯកភាព​ជាតិ​ជាដើម៖ «ត្រូវទទួលស្គាល់ផង​ដែរ ថាប្រទេសខ្មែរយើង​ នៅមិនទាន់​ ដល់ដំណាក់កាលមួយ ដែលយើងឈានទៅដល់ការក្អេងក្អាង ហួសហេតុពេកនោះ​ទេ ដោយយើងនៅតែជាប្រទេសដែលក្រជាងគេ​ ក្នុងចំណោមប្រទេសទាំងដប់​ ដែលនៅក្បែរៗ​យើង​នេះ»

ថ្មីៗនេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ក៏បាន​បញ្ចេញ​សារ​គំរាម​កំហែង គណបក្ស​សង្គ្រោះជាតិ ដោយ​លោក​បាន​សរសេរ​ថា បក្ស​ប្រឆាំង​កំពុង​ដើរ​ចូល​ជុច​ហើយ ដោយ​ហ៊ាន​លើក​បដា​តវ៉ា​នៅ​ទូទាំង​ប្រទេស​ ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា។ ជា​ការ​តប​វិញ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក សុន ឆ័យ ថ្លែង​តាម​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ថា លោក សុខ ឥសាន និង មន្ត្រី​ដទៃ​ទៀត គួរ​បញ្ឈប់​ការ​ថ្លែង​ដែល​មិន​ត្រឹមត្រូវ និង​បំពាន​គោលការណ៍​សន្មត​​ថា គ្មាន​ទោស ទៅ​លើ​ជន​ណា​ម្នាក់​ដែល​តុលាការ​មិន​ទាន់​រក​ឃើញ​ ថា​មាន​ទោស និង​ស្នើ​ឲ្យ​បញ្ឈប់​សារ​គំរាម​កំហែង​បែប​នេះ តទៅទៀត។ លោក​ថា ពួកគាត់​​មិនមែន​ជា​ត្រី​ទេ ពួកគាត់ជា​មនុស្ស។ ដូច្នេះមនុស្សមិនអាចជាប់ជុចទេ។

លោក សុន ឆ័យ ស្នើ​ឲ្យ​លោក សុខ ឥសាន មើល​រដ្ឋធម្មនុញ្ញ​ឡើង​វិញ មុន​នឹង​គំរាម​កំហែង​អំពី​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ។ លោក​សម្ដែង​ការ​ងឿង​ឆ្ងល់​ថា មូលហេតុ​អ្វី បាន​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​អំណាច​គ្មាន​ព្រំដែន​យ៉ាង​នេះ “ខ្ញុំ​មិន​ដឹង​ហេតុផល​អ្វី​ឲ្យ​អ្នក​នាំ​ពាក្យ​ហ្នឹង​ មាន​សិទ្ធិ​អំណាច​ក្រៅ​ប្រព័ន្ធ​តុលាការ មក​ចោទ​ប្រកាន់​ជន​ត្រូវ​ចោទ​ថា​ជា​ជន​ក្បត់​ជាតិ​ឬ​យ៉ាង​នេះ​យ៉ាង​នោះ នៅ​ពេល​តុលាការ​មិន​ទាន់​ចាប់​ផ្ដើម​ធ្វើ​សវនាការ (លើ​អង្គ​សេចក្ដី)ផង​នោះ៖ «សូម​ឲ្យ​អ្នក​នាំ​ពាក្យ​ហ្នឹង​មើល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទម្លាប់​បន្តិច​ផង​ទៅ។ បញ្ហា​នៃ​ការ​គំរាម​កំហែង​ ខុស​របៀប​សូម​មេត្តា​ឲ្យ​ឈប់ សូម​មេត្តា​គោរព​ទៅ​តាម​គោលការណ៍ និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ខ្មែរ​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ផង»

មួយ​សប្ដាហ៍​មុន​ការ​ចាប់​ខ្លួន​លោក កឹម សុខា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ដដែល​បាន​សរសេរ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) និង​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន​​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន Fresh News ដោយ​ឌឺដង​សំដៅ​លើ​ក្រុម​គ្រួសារ​លោក កឹម សុខា ថា អ្នក​នយោបាយ​ខ្លះ មិន​ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង បែរ​ជា​ហ៊ាន​លះបង់​សាច់​ស្រស់ និង​រូប​សម្រស់​របស់​កូន​ក្រមុំ ទៅ​ឲ្យ​បរទេស ដោះដូរ​នឹង​អំណាច​ទៅ​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ ក្រោយ​ពី​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​នេះ មាន​ការ រិះគន់​ជាច្រើន​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា ការ​ចោទ​ប្រកាន់​របស់​អ្នកនាំពាក្យ គណបក្ស​កាន់​អំណាច​ទៅ​លើ​កូនស្រី​របស់​លោក កឹម សុខា នោះ ថា​ជា​ការ​មើលងាយ​ស្ត្រី​ខ្មែរ និង​ប៉ះពាល់ ដល់​កិត្តិយស​របស់​បុគ្គល​ឯកជន។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ នៅ​ពេល​នោះ ក៏​ចាត់​ទុក​ខ្លឹមសារ​ដែល​លោក សុខ ឥសាន សរសេរ​បែប​នេះ ថា​មិន​សមរម្យ​នោះ​ដែរ​៖ «ខ្ញុំ​យល់​ឃើញ​ថា ប្រសាសន៍​របស់​ ឯ.ឧ សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ការ​មើលងាយ​មើល​ថោក​ដល់​ស្ត្រី​ខ្មែរ ដែល​មាន​ជាង​៧​លាន​នាក់ និង​គ្រួសារ​ខ្មែរ​ដែល​មាន​កូន​ស្រី។ ខ្ញុំ​មាន​ការ​សោកស្ដាយ​បំផុត។ ហើយ​ខ្ញុំ​យល់​ថា គួរ​តែ​បញ្ចប់​ទៅ»

ប៉ុន្តែ លោក សុខ ឥសាន នៅ​ពេលនោះ ក៏​ប្រកែក ថា​មិន​បាន​និយាយ​ប៉ះពាល់​ស្ត្រី​ណា​ម្នាក់​ចំ​ឈ្មោះ​នោះ​ទេ។ លោក​ថែម​ទាំង​ចោទ​អ្នក​ដែល​ហ៊ាន​ថាឲ្យ​លោក​ដូច្នេះ គឺ​រំលោភ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​លោក៖ «ខ្ញុំ​បញ្ចេញ​មតិ​របស់​ខ្ញុំ។ ខ្ញុំ​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នកណា។ ខ្ញុំ​អត់​ផង។ ខ្ញុំ​អត់​មាន​សំដៅ​លើ​បុគ្គល​ណា​ផង។ ក៏ប៉ុន្តែ ផ្អែក​លើ​សភាព​ការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន យើង​ឃើញ​ហើយ​ថា មាន​ការ​ឃុបឃិត​រវាង​ជន​បរទេស ទៅ​នឹង​កូនក្រមុំ​អ្នកនយោបាយ ដើម្បី​ធ្វើ​បដិវត្ត​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា។»

ចំណែក​ឯ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​យល់​ថា ការ​ដោះដូរ​កូន​ដើម្បី​អំណាច ដែល​លោក​សុខ ឥសាន បាន​លើកឡើង​ គឺ​មិន​ទំនើប​នោះ​ទេ នឹង​ជ្រុល​ហួស​ពី​ព្រំដែន​សីលធម៌។

ចំណែក​ឯ​បណ្ឌិត​ មាស នី លោក​ដូច​ជា​មិន​ភ្ញាក់ផ្អើល​នឹង​ទម្លាប់​មនុស្ស​ខ្មែរ​មួយ​ចំនួន ដែល​ពេល​ខ្លួន​ឯង​ខុស មិន​ទទួល​ខុសត្រូវ​ខ្លួន​ឯង​ទេ តែ​បែរ​ជា​ទៅ​បន្ទោស​អ្នក​ដទៃ​ជំនួស​ទៅវិញ៖ «ហើយ​ការ​ធ្វើ​អី​ខុស ពាក្យ​ថា សុំ​ទោស​ហ្នឹង​ ខ្មែរ​មិន​ងាយ​ប្រើ​ទេ មិន​ដូច​បរទេស​ទេ។ កាល​ណា​និយាយ​ពី​រឿង​សុំ​ទោស គឺ​ជា​រឿង​បាក់​មុខ​បាក់​មាត់។  ជា​វប្បធម៌​មួយ​ដែល​យើង​បន្ត​រស់​នៅ​បែប​ហ្នឹង។ ដូច្នេះ មិន​សូវ​ជា​មាន​ការ​អត់​ឱន​គ្នា​ប៉ុន្មាន​ទេ។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ចេះ​តែ​បែក​បាក់​គ្នា​រហូត​ដូច​រាល់​ថ្ងៃនេះ»

អាស៊ីសេរី ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ ពី​លោក សុខ ឥសាន ជាច្រើន​លើក​ និង ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា ប៉ុន្តែ ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល។ យើង​នឹង​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក សុខ ឥសាន រហូត​ទទួល​បាន​ការ​ឆ្លើយ​តប។

អ្នក​វិភាគ​យល់​ឃើញ​រួម​គ្នា ថា​ក្នុង​ពេល​ស្ថានការណ៍​នយោបាយ​ ដែល​កំពុង​តែ​តាន​តឹង​ខ្លាំង យ៉ាង​ដូច្នេះ អ្នក​នយោបាយ​ គប្បី​នាំ​គ្នា​កាត់​បន្ថយ​វោហារសាស្ត្រ​ ការ​ឌឺដង​សំដី និង​ការ​ប្រមាថ​ផ្សេងៗ ហើយ​​រួមគ្នា បង្ក​បរិយាកាស​ ឲ្យ​​វិល​ទៅ​រក​សភាព​ល្អ​វិញ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ឲ្យ​នាំ​គ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា និង រៀបចំ​ឲ្យ​មាន​ដំណើរការ​បោះឆ្នោត​មួយ ដែល​មាន​ការ​ប្រកួត​ប្រជែង​ពី​គ្រប់​គណបក្ស​នយោបាយ ឲ្យ​មាន​ភាព​ស្មើគ្នា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ ខាង​មុខ​​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

evil HunSen will payof the price

Actually this MOROOOOOON HunSen regime is nearest running out of clutch that what all he can do and do everything he can to keep this MOROOOON govm't alive.Seen in recent days this MOROOON HunSen with his best comrade Kim J.Un smuggled illegal huge of military hardware to Egypt country and violating the international rule of law and violating the UN chapter.This showing to the international community and the world that this dictator Hun Sen rogue govm't are committing more crimes on international stage.

Oct 08, 2017 12:36 PM

អ្នក​អាន​អនាមិក

ពេលដែលត្រូវចាកចេញពីគណបក្សប្រជាជនគឺឥឡូវនេះ។ ហេតុអ្វី? អ្នកអាចរក្សាអ្វីដែលអ្នកមាន។ ពីព្រោះអ្នកមិនដឹងលទ្ធផលនៃការបោះឆ្នោតលើកក្រោយ។ លទ្ធផលនៃការបោះឆ្នោតណាក៏ដោយអ្នកនឹងមានសុវត្ថិភាពប្រសិនបើអ្នកចេញពីគណបក្សប្រជាជនកម្ពុជាឥឡូវនេះ។ ត្រូវឆ្លាតមុនការប្រកួត។

Sep 28, 2017 01:50 AM

អ្នក​អាន​អនាមិក

ទាហានដែលស្រឡាញ់ប្រទេសរបស់អ្នក ដែលស្រឡាញ់កូនរបស់អ្នក សូមកុំឱ្យ អ្នកផ្តាច់ការបំផ្លាញជីវិតរបស់អ្នកអនាគតរបស់អ្នក។ គិតរកវិធីដើម្បីយកជនផ្ដាច់ការចុះពីតំណែង.

Sep 28, 2017 01:39 AM

អ្នក​អាន​អនាមិក

តើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានឯករាជ្យឬទេ?
តើសុខអ៊ីសានដឹងពីប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាមេរិកទេ? ប្រសិនបើគាត់មិនដឹង គាត់ត្រូវត្រលប់ទៅសាលារៀនវិញ មុនពេលគាត់បើកមាត់របស់គាត់ ដោយសារតែមាត់របស់គាត់មានក្លិនអាក្រក់។

Sep 28, 2017 12:29 AM

អ្នក​អាន​អនាមិក


អូ សូមជំរាបថា ខ្ញុំមិនដែលយកចិត្តទុកដាក់នឹងសំដីរបស់អ្នកនាំពាក្យឲ្យបក្សប្រជាជនទេព្រោះនិយាយមកម្តងៗមិនសមជាសំដីរបស់អ្នកចេះដឹងបន្តិចសោះ សូម្បីតែបន្តិចក៍គ្មាន។ និយាយឲ្យរួចតែពីមាត់ដើម្បីបំពេញកាតប្បកិច្ចក្នុងនាមជាអ្នកនាំពាក្យព្រោះអត់មានពាក្សអ្វីល្អនិយាយ។

សុក អីសាន ម៉េចបានអត់លើកទូរស័ព្ទអញ្ចឹង?

Sep 27, 2017 08:15 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល