លោក កឹម សុខា៖ ការ​ចរចា​នយោបាយ​នឹង​អាច​កើត​មាន​បន្ទាប់​ពី​ដង្ហែ​ព្រះ​បរម​អដ្ឋិ

0:00 / 0:00

នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចូលរួម​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ដូច​មន្ត្រី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ដែរ នៅ​ថ្ងៃ​ទី​១១ កក្កដា។

នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក កឹម សុខា អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ទាំងអស់ មាន​ការ​បង្រួប​បង្រួម​ជាតិ ដូច​ដែល​អតីត​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ធ្លាប់​បាន​ធ្វើ​ឲ្យ​កម្ពុជា មាន​ឯកភាព​ជាតិ និង​បង្រួប​បង្រួម​ជាតិ​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ពន្យល់​ថា នេះ​ជា​កាយវិការ​ល្អ​មួយ​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ពី​ជំហរ​ចង់​ឲ្យ​អ្នក​នយោបាយ​មាន​ការ​បង្រួប​បង្រួម​ជាតិ ដែល​ជា​សញ្ញា​ល្អ​មួយ​ទាក់ទង​នឹង​ការ​ចរចា។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ឱកាស​ដង្ហែ​ព្រះ​បរម​អដ្ឋិ នៅ​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ថា លោក​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ យក​គំរូ​តាម​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ​នោះ។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី ប្រជាពលរដ្ឋ សិស្ស និស្សិត បាន​ទៅ​ចូលរួម​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​រួម​ទាំង​អ្នក​នយោបាយ គោរព​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ហើយ​លោក​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​យក​គំរូ​តាម​ព្រះអង្គ។ លោក កឹម សុខា សម្ដែង​សុទិដ្ឋិនិយម​ថា នៅ​ក្រោយ​ព្រះ​រាជ​ពិធី​នេះ​បញ្ចប់ ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នឹង​អាច​កើត​មាន​ទៀត៖ «ខ្ញុំ​សង្ឃឹម ប៉ុន្តែ​មិន​ទាន់​ឃើញ​ខាង​គណបក្ស​ប្រជាជន​គិតគូរ​ផង យើង​ខ្ញុំ​បាន​និយាយ​ច្រើន​ហើយ​ពី​គោល​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថា​បើក​ទ្វារ​ចំហ ហើយ​អត់​ផង គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ហៅ​គេ​ទៅ​សង្គ្រុប​យក​តែ​ម្ដង»

នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នេះ ត្បិត​តែ​មន្ត្រី​រដ្ឋាភិបាល​គ្រប់​ស្ថាប័ន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ចូលរួម​ដង្ហែ​ក៏ដោយ ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​ទាំង​ពីរ​មិន​បាន​ជួប​ជជែក​គ្នា​ក្រៅ​ផ្លូវ​ការ​អំពី​ការ​ចរចា និង​អំពី​បញ្ហា​ផ្សេងៗ​នោះ​ទេ។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា លោក​មិន​គេចវេស​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា លោក​ក៏​អាច​នឹង​ជួប​ជជែក​គ្នា​នៅ​ក្នុង​ព្រះ​រាជ​ពិធី​នេះ​ដែរ ប៉ុន្តែ​គ្មាន​ពេល​វេលា​ជួប​គ្នា។ ទាក់ទង​នឹង​ការ​ចរចា​វិញ លោក ស ខេង មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់​កំណត់​ពេល​ជួប​គ្នា​ជា​ថ្មី​នៅ​ឡើយ​ទេ៖ «អា​ហ្នឹង​ទុក​ឲ្យ​ក្រុម​ការងារ​គេ​ពិភាក្សា ប៉ុន្តែ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ណាត់​ជួប​គ្នា​ទៀត​ទេ»

នៅ​ក្នុង​ព្រះ​រាជ​ពិធី​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នៅ​មុន​ពេល​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ សោយ​ទិវង្គត ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ផ្ដែផ្ដាំ​ជា​ចុង​ក្រោយ ដោយ​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់​ភាគី​មាន​ការ​បង្រួប​បង្រួម​ជាតិ ដើម្បី​ឲ្យ​ខ្មែរ​ខ្លាំង៖ «បង្រួប​បង្រួម​គ្នា​ជា​ធ្លុង​មួយ​ដែល​អ្នក​ណា​ក៏​មិន​អាច​បំបាត់​មិន​បាន​ដែរ មិន​ឲ្យ​ទន់​ខ្សោយ​បាន​ដែរ យើង​ចេះ​តែ​ខ្លាំង​ទៅៗ វិស័យ​អ្វី​ក៏ដោយ យើង​មិន​ចង់​ក្លាយ​ទៅ​ជា​មហា​អំណាច​នោះ​ទេ យើង​រួបរួម​គ្នា​ប្រែ​មក​ថា​ខ្លាំង»

អ្នក​ចូលរួម​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ លើក​ឡើង​ថា ព្រះរាជ​បណ្ដាំ​របស់​ព្រះ​មហា​វីរក្សត្រ​នេះ​មាន​សារសំខាន់​ណាស់ ដែល​ខ្មែរ​គ្រប់​ជំនាន់​ត្រូវ​តែ​យក​គំរូ​តាម៖ «យើង​ត្រូវ​តែ​ដង្ហែ​តាម​ព្រះតម្រិះ​របស់​ព្រះអង្គ ហើយ​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះអង្គ គឺ​មាន​សារសំខាន់​ណាស់។ បក្ស​ទាំង​សង្ខាង​អត់​ត្រូវ​គ្នា​អ៊ីចឹង​ប្រហែល​មិន​ងាយ​ផ្សះផ្សា​បាន​ទេ ដោយសារ​ថា​គណបក្ស​ទាំង​ពីរ​ប្រកាន់​ត្រូវ​រៀងៗ​ខ្លួន»

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ពី​ការ​ចង់​បង្រួប​បង្រួម​ជាតិ​នេះ។ លោក​បញ្ជាក់​ថា បើ​គណបក្ស​ទាំង​ពីរ​ចង់​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​មែន​នោះ ជម្លោះ​នយោបាយ​នឹង​ងាយ​ដោះស្រាយ​បញ្ចប់។ យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា គន្លឹះ​សំខាន់​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នេះ គឺ​ឋិត​នៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​អំណាច​គ្រប​ដណ្ដប់​ទៅ​លើ​សង្គម​កម្ពុជា ទាំង​មូល​នោះ។

ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្អាក​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា មក។ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ការ​ចរចា​នេះ​រាំង​ស្ទះ​នោះ មក​ពី​គណបក្ស​ទាំង​ពីរ​យក​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ តែ​ខ្វែង​គំនិត​គ្នា​ត្រង់​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប ដោយ​សំឡេង ២​ភាគ​៣ នៅ​ក្នុង​សភា។ តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ ចង់​ឲ្យ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប នោះ ដោយ​សំឡេង​អនុម័ត​តាម​រូបមន្ត ៥០​ភាគរយ​បូក​១ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត នៃ​ចំនួន​សមាជិក​សភា​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។