អំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យផ្ទុះឡើង១ស្របក់ធំនាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅពេលដែលអ្នកតំណាងរាស្ត្របក្សប្រឆាំង ព្យាយាមរំដោះទីលាននេះពីការហ៊ុមព័ទ្ធដោយសំណាញ់របងលួសបន្លារបស់អាជ្ញាធររដ្ឋាភិបាល។ អំពើហិង្សានោះ បានបណ្ដាលឲ្យក្រុមសន្តិសុខសាលារាជធានីភ្នំពេញ និងសកម្មជនគាំទ្របក្សប្រឆាំងរាប់សិបនាក់រងរបួសធ្ងន់ស្រាលទាំងសងខាង។
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៤នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន និងប៉ូលិសកំពុងតាមចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រម្នាក់ទៀត ចំណែកមនុស្សរបួសវិញមានចំនួនជាង ៥០នាក់។ ក្នុងចំណោមអ្នករបួសជាង ៥០នាក់នោះ ភាគីកងសន្តិសុខអាជ្ញាធរមានចំនួន ៣៨នាក់ និងភាគីសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ មានចំនួន ១៤នាក់។ នេះជាលទ្ធផលកើតឡើងក្រោយពេលមានអំពើហិង្សាវាយគ្នាដោយដំបងឈើ រវាងសកម្មជនគណបក្សសង្គ្រោះជាតិ និងកងសន្តិសុខការពារទីលានប្រជាធិបតេយ្យ។
តាំងពីព្រឹកព្រលឹមថ្ងៃទី១៥ ខែកក្កដា ក្រុមសន្តិសុខសាលារាជធានីភ្នំពេញប្រមាណជាង ១០០នាក់ ប្រជុំគ្នានៅខាងកើតស្ពាននាគ។ ក្រុមសន្តិសុខនេះដឹកនាំដោយអភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ និងមន្ត្រីសាលាខណ្ឌម្នាក់ទៀតឈ្មោះ កែម វត្ថា។ ដំបូង គឺសន្តិសុខទាំងនោះត្រូវធ្វើយ៉ាងណាដោយស្តាប់បញ្ជាថ្នាក់លើ។ នៅពេលប្រជុំ សន្តិសុខទាំងនោះមិនមានអាវុធនៅក្នុងដៃឡើយ ប៉ុន្តែដំបងប៉ុនៗកដៃមនុស្សចាស់ ហើយស្រោបកាសែតពីក្រៅនោះ ត្រូវបានគេរៀបចំទុកដាក់ក្នុងបាវ ត្រៀមនៅម្ខាងជាស្រេច។ ប្រជុំគ្នាបានមួយសន្ទុះដល់ពេលធ្វើការល្មម។ ជាពេលដែលយុវជន និងជាសកម្មជនគណបក្សសង្គ្រោះជាតិ មានវត្តមាននៅក្បែរស្ពាននាគខាងត្បូងវត្តភ្នំ ជាប់ខាងកើតទីលានប្រជាធិបតេយ្យ។ លោក សុខ ពេញវុធ បំបែកសន្តិសុខជាពីរក្រុម។ មួយក្រុមដេញយុវជនបក្សប្រឆាំងពីស្ពាននាគឲ្យទៅដល់វត្តភ្នំ និងមួយក្រុមទៀតរង់ចាំស្តាប់បទបញ្ជា ពេលដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មកដល់។ មន្ត្រីសង្គមស៊ីវិល និងអ្នកកាសែតជាច្រើននាក់ ឈរឃ្លាំមើលស្ថានការណ៍នោះនៅស្ពាននាគ។ មួយសន្ទុះក្រោយមក តំណាងរាស្ត្រគណបក្សប្រឆាំងបានមកដល់។ អ្នកស្រី មូរ សុខហួរ ដឹកនាំមន្ត្រី និងសកម្មជនបក្សប្រឆាំង យកក្រណាត់សប្រហែលជាង ២០ម៉ែត្រ និងស្បង់ជាង ១០ម៉ែត្រទៀត ដែលមានសរសេរអក្សរថា ដោះលែងទីលានប្រជាធិបតេយ្យ យកទៅចងភ្ជាប់លួសបន្លាដែលព័ទ្ធទីលានប្រជាធិបតេយ្យ។ ចងក្រណាត់ស និងស្បង់មិនទាន់បានប៉ុន្មាននាទីផង ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ក៏ស្រែកឲ្យដោះក្រណាត់ និងស្បង់ចេញ។ បន្ទាប់មក សកម្មជនគាំទ្របក្សប្រឆាំងក៏ស្រែកជេរទៅសន្តិសុខ ហើយលើកទង់ជ័យគ្រវាសដាក់មុខសន្តិសុខ។ មិនបានបីនាទីស្រួលបួលផង ក្រុមសន្តិសុខដែលធ្លាប់មានបទពិសោធន៍ជោគជាំពីពេលមុនៗមកក្នុងការវាយអ្នកតវ៉ា វាយសកម្មជនបក្សប្រឆាំង វាយមន្ត្រីសង្គមស៊ីវិល និងវាយអ្នកកាសែតផងនោះ ក៏ទាញដំបងវាយទៅលើសកម្មជនបក្សប្រឆាំងបន្តទៀត។ ឆាកប្រយុទ្ធគ្នារវាងសន្តិសុខសាលាក្រុង និងសកម្មជនបក្សប្រឆាំងចាប់ផ្ដើម។ សមរភូមិលើកនេះ អ្នកឈ្នះមិនមែនជាសន្តិសុខសាលារាជធានីភ្នំពេញដូចរាល់ដងឡើយ។ ក្រុមសកម្មជនបក្សប្រឆាំងទៅវិញទេ ដែលក្តោបក្តាប់សមរភូមិនេះបាន ពួកគេកន្ទ្រាក់បានដំបងរបស់សន្តិសុខសាលាក្រុង ហើយដេញសំពងសន្តិសុខដែលរត់បែកខ្ញែកតែម្តង។ ត្រីដែលធ្លាប់ស៊ីស្រមោចនៅពេលដែលទឹកឡើង ឥឡូវនេះក៏ត្រូវស្រមោចរោមស៊ីវិញម្តង នៅពេលដែលទឹកហោច។ គឺជាពេលដែលមេសន្តិសុខរត់ចូលទៅក្នុងបរិវេណក្រសួងសាធារណការ និងដឹកជញ្ជូន ហើយកូនសន្តិសុខដែលរត់ចូលរបងមិនទាន់ ក៏ត្រូវគេព័ទ្ធវាយម្តងមួយៗ។
«សំឡេងវាយគ្នា»
សកម្មជនបក្សប្រឆាំងម្នាក់បញ្ជាក់ថា ពួកគេវាយសន្តិសុខជាការសងសឹក បន្ទាប់ពីពួកសន្តិសុខសាលារាជធានីភ្នំពេញនេះ បានវាយអ្នកតវ៉ាជាច្រើនដងច្រើនសាមកហើយ៖ «អាហ្នឹងខាងសន្តិសុខទេ យើងហ្នឹងដាក់ស្បង់រុំឲ្យគេដោះលែងទីលានប្រជាធិបតេយ្យ ហើយតែវាទាញពលរដ្ឋប្រាប់កុំឲ្យទាញ តែវាមិនព្រមក៏វាយយើងមុន យើងទ្រាំមិនបានក៏វាយវិញទៅ»។
ចំណែកឯសន្តិសុខម្នាក់ដែលត្រូវគេវាយទ្រោមខ្លួនហើយនោះ បានប្រាប់វិទ្យុអាស៊ីសេរី ថា រូបគាត់ទើបមកធ្វើសន្តិសុខនេះថ្ងៃដំបូង ជាថ្នូរនឹងប្រាក់ឈ្នួលពីសាលាក្រុង។ លោកមិនធ្លាប់ដែលវាយបាតុករឡើយ។
នៅពេលហិង្សាកើតឡើង សមត្ថកិច្ចនគរបាលដែលស្ថិតក្នុងទីលានប្រជាធិបតេយ្យ បានបាញ់គ្រាប់បែកផ្សែងពីរបីគ្រាប់បំបែកសមរភូមិប្រយុទ្ធនេះ ប៉ុន្តែឥទ្ធិពលគ្រាប់បែកផ្សែងនេះមិនបានប៉ុន្មានទឹកឡើយ។ ហើយសន្តិសុខដែលត្រូវពុលផ្សែង និងរកកន្លែងពួនមិនបានផង ក៏ត្រូវគេព្រួតវាយបន្តទៀត។ គ្មានសមត្ថកិច្ចណាម្នាក់ចូលបង្ក្រាបការប្រទូសរ៉ាយហិង្សានោះឡើយ ដោយពួកគេឈរមើលហិង្សានោះពីក្នុងរបងមកប៉ុណ្ណោះ។ អ្នកកាសែត មន្ត្រីសិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំងមួយចំនួន ដែលធ្លាប់ត្រូវសន្តិសុខសាលារាជធានីភ្នំពេញវាយសំពងនោះ ក៏ក្លាយជាអ្នកការពារសន្តិសុខទាំងនោះវិញម្តង។ អ្នកខ្លះយកដៃទប់ អ្នកខ្លះទៀតរត់ឃាត់ អ្នកខ្លះទៀតស្រែកហៅពេទ្យ។
សន្តិសុខជិត ១០នាក់ បានដោះអាវចេញបានរត់ទៅពួននៅក្នុងតូបនគរបាលការពាររតនាគារជាតិ។ គឺនគរបាលនៅរតនាគារជាតិ នោះហើយដែលយកដៃការពារអង្វរក្រុមអ្នកប្រើហិង្សា ឲ្យដោះលែងសន្តិសុខទាំងនោះ។
ចំណែកឯតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ វិញ ក៏បានត្រឹមតែស្រែកអំពាវនាវតាមមេក្រូ ដែលមិនសូវឮសំឡេងផងនោះ ដើម្បីបញ្ឈប់ហិង្សា ប៉ុន្តែមិនបានផលឡើយ។ ហិង្សាត្រូវបានបញ្ចប់នៅពេលដែលនគរបាលជម្លៀសកងសន្តិសុខអស់ចេញពីទីកន្លែងកើតហេតុ។
អ្នកស្រី មូរ សុខហួរ មានប្រសាសន៍មុនពេលត្រូវបានអាជ្ញាធរចាប់ខ្លួនថា គណបក្សសង្គ្រោះជាតិ សូមថ្កោលទោសនូវការប្រើហិង្សាគ្រប់រូបភាព។ ហើយហិង្សាទាំងនោះ គឺបង្កឡើងដោយអាជ្ញាធររាជរដ្ឋាភិបាល៖ «ជាដាច់ខាតអត់មានប្រើអំពើហិង្សាទេ យើងឃើញដំបងច្រើនណាស់ វត្ថុតាងដំបង ៤បាវ។ អំបាញ់មិញយើងឃើញខាងក្រោមសុទ្ធតែប៉ូលិស តែគេមិនអើពើទេ»។
បន្ទាប់ពីផ្តល់បទសម្ភាសន៍ឲ្យអ្នកកាសែតរួច អ្នកស្រី និងតំណាងរាស្ត្រដទៃទៀត បានឡើងឡានត្រឡប់ទៅផ្ទះវិញ។ រថយន្តចេញមិនទាន់បាន ១០ម៉ែត្រផង សមត្ថកិច្ចនគរបាលក៏ឃាត់រថយន្តតែម្តង ហើយនាំខ្លួនអ្នកតំណាងរាស្ត្របីនាក់ គឺអ្នកស្រី មូរ សុខហួរ លោក ម៉ែន សថាវរិន្ទ្រ និងលោក កែវ ភិរម្យ ចូលក្នុងទីលានប្រជាធិបតេយ្យបាត់។ ហើយបន្តនាំខ្លួនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញទៀត។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក នី ចរិយា មានប្រសាសន៍ថា អាជ្ញាធររាជរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះព្រឹត្តិការណ៍នេះ៖ «ហើយបើធ្វើឲ្យមនុស្សមានកំហឹងបុគ្គល ចឹងវាមានរឿងចឹង បើបើកទីលានប្រជាធិបតេយ្យវិញទៅលែងមានបញ្ហាចឹងហើយ»។
បន្ទាប់ពីកើតមានអំពើហិង្សាបណ្ដាលឲ្យសន្តិសុខជាច្រើននាក់រងរបួស សាលារាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថ្កោលទោសអំពើហិង្សានោះ។ សាលារាជធានីភ្នំពេញ ចាត់ទុកថា ក្រុមនោះជាក្រុមអនាធិបតេយ្យ ហើយថាសកម្មជនបក្សប្រឆាំងបានប្រើហិង្សាលើអ្នករាជការសាធារណៈ។ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយអំពីរឿងនេះដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ អំពើហិង្សានោះបង្កឲ្យសន្តិសុខ ៣៨នាក់រងរបួស ក្នុងនោះ ៣នាក់ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
អំពើហិង្សាបញ្ចប់នៅវេលាម៉ោងជាង ១១ព្រឹក។ ហាងលក់ទំនិញនៅក្បែរនោះបានបិទទ្វារ និងសកម្មភាពចរាចរនៅកំណត់ផ្លូវនោះបានកកស្ទះមួយសន្ទុះធំ។ សមត្ថកិច្ចបានបន្ថែមកម្លាំងជាច្រើនទៀត ដើម្បីហ៊ុមព័ទ្ធទីលានប្រជាធិបតេយ្យនេះ។ នៅពេលដឹកបេក្ខជនតំណាងរាស្ត្រ ៣នាក់ ទៅដល់ស្នងការនគរបាលរាជធានីភ្នំពេញ កងនគរបាលក៏បានចាប់ខ្លួន លោក ហូរ វ៉ាន់ មួយរូបទៀត។ ប្រភពសមាជិកសភាគណបក្ស សម រង្ស៊ី បានឲ្យដឹងថា ប៉ូលិសក៏កំពុងតាមរកចាប់ខ្លួន លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូបទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។