មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនេះ ស្នើឲ្យសើរើសន្លឹកឆ្នោតចំនួនមួយឃុំ នៅឃុំគំរូ និងស្នើឲ្យបោះឆ្នោតឡើងវិញមួយឃុំទៀតនៅស្រុកថ្មពួក។ មន្ត្រីបក្សប្រឆាំង ស្នើបោះឆ្នោតឡើងវិញនេះ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីធ្ងន់ធ្ងរនៅក្នុងការិយាល័យបោះឆ្នោត ដែលធ្វើឲ្យគណបក្សនេះបាត់បង់សំឡេងឆ្នោត។
មន្ត្រីគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យ អះអាងថា ប្រសិនបើពិនិត្យសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបោះឆ្នោតឡើងវិញនៅក្នុងឃុំចំនួនពីរនោះ គណបក្សរបស់ខ្លួននឹងឈ្នះបានជាមេឃុំបន្ថែមទៀតជាពុំខាន។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក សោ ចាន់ដេត មានប្រសាសន៍នៅថ្ងៃទី៦ មិថុនា ថា នៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងឃុំគំរូ ស្រុកថ្មពួក មានសន្លឹកឆ្នោតមិនបានការជាង ៤០សន្លឹក ហើយសំឡេងឆ្នោតដែលគណបក្សសង្គ្រោះជាតិ ចាញ់តែ ៣សំឡេងទេ។ ចំណែកនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក វិញ លោកអះអាងថា គណៈកម្មការប្រចាំការិយាល័យបោះឆ្នោតនៅភូមិក្បាលក្របី បិទការិយាល័យបោះឆ្នោតនៅម៉ោង ១២ថ្ងៃត្រង់ ដែលអ្នកបោះឆ្នោតមិនទាន់ទៅបោះឆ្នោតអស់នៅឡើយ។
លោកប្ដឹងករណីទាំងនេះដើម្បីស្នើឲ្យបោះឆ្នោតនៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ឡើងវិញ៖ « យើងបានដាក់ពាក្យបណ្ដឹងរួចហើយនៅគណៈកម្មការបោះឆ្នោតឃុំ និងខេត្ត ហើយបើមិនបានជោគជ័យ យើងនឹងប្ដឹងទៅថ្នាក់ជាតិទៀត។ យើងមិនបានប្ដឹងភ្លាមៗដោយសារពេលនោះមានភ្លៀងខ្លាំងពេក ហើយក្រុមការងាររបស់យើងចុះទៅមិនទាន់ ទើបព្រឹកឡើងបានជាយើងដាក់ពាក្យប្ដឹងតែម្ដង »។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក ហ៊ី គឹមសេង ទទួលស្គាល់ថា ពិតជាមានការបិទការិយាល័យបោះឆ្នោតនៅក្នុងឃុំបន្ទាយឆ្មារ នៅម៉ោង ១២ថ្ងៃត្រង់ប្រាកដមែន ប៉ុន្តែលោកអះអាងថា មូលហេតុដែលបិទ ដោយសារពុំមានមនុស្សមកបោះឆ្នោត ហើយម្យ៉ាងទៀត មានការឯកភាពពីអ្នកសង្កេតការណ៍ប្រចាំនៅការិយាល័យបោះឆ្នោតត្រឹមត្រូវ៖ « ការងារនេះចាំមើលយើងស្រាវជ្រាវបន្តទៀតឲ្យបានច្បាស់លាស់សិន យើងមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ព្រោះតាមកំណត់ហេតុដែលគេផ្ញើមកឲ្យខ្ញុំ គឺអត់មានមនុស្សនៅសល់ក្នុងការិយាល័យបោះឆ្នោតទេ »។
លទ្ធផលបឋមពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ នៅខេត្តជាប់ព្រំដែនថៃ មួយនេះមាន ៦៥ឃុំ-សង្កាត់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ឈ្នះជាមេឃុំ ៥៤ឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិ ឈ្នះបាន ១០ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ឈ្នះបានតំណែងជាមេឃុំមួយ គឺឃុំថ្មពួក នៅស្រុកថ្មពួក។
លោក ហ៊ី គឹមសេង អះអាងទៀតថា មានពាក្យបណ្ដឹងជាច្រើនករណីដែលលោកទទួលបាន គឺពីគណបក្សសង្គ្រោះជាតិ ភាគច្រើនប្ដឹងស្នើឲ្យពិនិត្យសន្លឹកឆ្នោតឡើងវិញ ចំណែកគណបក្សផ្សេងទៀត ពុំមានបណ្ដឹងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។