បក្ស​ប្រឆាំង​លុប​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចេញ​ពី​ស្លាក​នៅ​កំពង់ឆ្នាំង

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង បាន​លុប​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ដៃ​គ្នា​នៅ​លើ​ស្លាក​សញ្ញា​គណបក្ស​ចំនួន ៣៧៥​ស្លាក ក្នុង​ចំណោម​ស្លាក​គណបក្ស​សរុប​នៅ​ទូទាំង​ខេត្ត​ជាង ១​ពាន់​ស្លាក (១.១១៥​ស្លាក)។ ការ​លុប​រូប និង​ប្ដូរ​ស្លាក​សញ្ញា​ភ្លាមៗ គឺ​ដើម្បី​តម្រូវ​តាម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថ្មី​ដោយ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច។

ស្លាក​សញ្ញា​គណបក្ស​ទាំង ៣៧៥​ស្លាក ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ត្រូវ​ប្ដូរ​ថ្មី​នៅ​តាម​ទីតាំង​ដដែល​ឲ្យ​បាន​រួចរាល់​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា បន្ទាប់​ពី​លុប​រូប។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ត្រា ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា លោក​កំពុង​ស្វែងរក​សប្បុរសជន​ឧបត្ថម្ភ​ថវិកា​ដើម្បី​ធ្វើ​ស្លាក​ថ្មី។ រីឯ​ស្លាក​ដែល​មាន​រូប​ព្រះអាទិត្យ​ពុំ​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​រក្សា​ទុក​ដដែល៖ « គម្រោង​ដំបូង​នេះ​យើង​ផ្លាស់ប្ដូរ​ស្លាក​ ដែល​មាន ​រូប​ ចាប់​ដៃ ​នេះ​ ជា​បន្ទាន់ ​សិន នៅ​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ ហើយ​ជា​កិច្ច​បន្ត ​ទៀត ​នោះ យើង​នឹង​បោះ​បន្ត​ទៅ​តាម​លទ្ធភាព​ដែល​គណបក្ស​អាច​ធ្វើ​បាន ឬ​តាម​សប្បុរសជន​ដែល​គាត់​ចូលរួម​ក្នុង​ការ​ជ្រោមជ្រែង​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយសារ​មាន​វិសោធនកម្ម​ច្បាប់​ពីរ​ដង។ លើក​ទី​១ គឺ​មិន​ ឲ្យ​ ទណ្ឌិត​ ធ្វើ​ជា មេ​គណបក្ស។ លើក​ទី​២ នេះ គឺ​មិន​ឲ្យ​មាន​រូបភាព​ទណ្ឌិត​ នៅ​ក្នុង ​ស្លាក​ គណបក្ស​នយោបាយ ។ ចំណុច​ នេះ​ហើយ ​ដែល​ យើង​ឃើញ​ថា គេ​បាន​បង្ខំ​ឲ្យ​យើង​ធ្វើ​ទាំង​លំបាក រត់​តាម ​ច្បាប់​រហូត ហើយ​ការ​ លុប ​ស្លាក​នេះ​យើង​ បាន​លុប ​បាន ១០០ % នៅ​ក្នុង ខេត្ត​កំពង់ឆ្នាំង រួច​ហើយ »

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​រួម​រឹត​ដោយ​ពាក្យ​បណ្ដឹង និង​ទោស​ទណ្ឌ​ពី​តុលាការ​កម្ពុជា កំពុង​រស់នៅ​ក្រៅ​ប្រទេស និង​ឋិត​នៅ​កាន់​តែ​ឆ្ងាយ​ពី​ឆាក​នយោបាយ។

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​រូប​ព្រះអាទិត្យ​រះ​អម​ដោយ​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ដៃ​គ្នា​រាប់​ពាន់​ផ្ទាំង​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​កាត់ ឬ​យក​ទឹក​ថ្នាំ​លុប​ចេញ បន្ទាប់​ពី​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ម្ដង​ជា​ពីរ​ដង ហើយ​ឈាន​ដល់​ការ​ហាមប្រាម​ប្រើប្រាស់​រូបភាព ឬ​ទំនាក់ទំនង​ផ្សេង​ទៀត​ជាមួយ​ទណ្ឌិត​ក្នុង​ឆាក​នយោបាយ​កម្ពុជា។

លោក ដួង ចន្ដ្រា បញ្ជាក់​ថា ស្លាក​សញ្ញា​ថ្មី​ដែល​មាន​តែ​រូប​ព្រះអាទិត្យ​រះ ពុំ​មាន​រូប​លោក សម រង្ស៊ី ឬ​លោក កឹម សុខា នឹង​ត្រូវ​ដាក់​នៅ​តាម​ទីតាំង​ដើម​វិញ។ ចំណែក​ការ​លើក​ស្លាក​បន្ថែម​នៅ​កន្លែង​ថ្មី​អាច​មាន​បញ្ហា ប៉ុន្តែ​ជា​ទិសដៅ​ពេល​នេះ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ គណបក្ស​លោក​នឹង​ងាក​ទៅ​បង្កើន​ការ​ចងក្រង​បណ្ដាញ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​បក្ស ច្រើន​ជាង​លើក​ស្លាក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។