សកម្មជនគណបក្សប្រឆាំងនៅខេត្តឧត្តរមានជ័យ អំពាវនាវឲ្យសមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថដែលជាកម្លាំងរបស់រដ្ឋាភិបាល ជួយការពារសន្តិសុខសម្រាប់ការជួបប្រជុំសមាជិករបស់ពួកគេ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៨ ខែឧសភា ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមានភាពកក់ក្តៅ និងគ្មានការភ័យខ្លាច។
ការអំពាវនាវ ធ្វើឡើងបន្ទាប់ពីមានមនុស្សប្រុសមួយក្រុម បានចូលទៅឆាឆៅ និងគំរាមកំហែងពួកគេដែលកំពុងតែរៀបចំសង់រោងវេទិកា ដើម្បីត្រៀមជួបប្រជុំជាមួយសមាជិកទីនោះកាលពីព្រឹកថ្ងៃទី១៧ ខែឧសភា។
ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តឧត្តរមានជ័យ អះអាងថា មនុស្សប្រុសមួយក្រុមដែលទំនងជាកងទាហានបន្លំខ្លួន បានចូលទៅអុកឡុក និងគំរាមកំហែងពួកគេដែលកំពុងតែសង់រោងវេទិកា ដើម្បីត្រៀមជួបប្រជុំជាមួយនឹងសមាជិកនៅឯភូមិគោកឪឡោក ឃុំអំពិល នៃស្រុកបន្ទាយអំពិល កាលពីព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តឧត្តរមានជ័យ គឺលោក ម៉ោញ សារ៉ាត់។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី១៧ ខែឧសភា ថា កាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃដដែលនេះ រូបលោក និងក្រុមការងារជាច្រើនទៀត បាននាំគ្នាទៅសង់រោងវេទិកាដើម្បីត្រៀមជួបប្រជុំផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ទៅដល់សកម្មជនទីនោះនៅថ្ងៃទី១៨ ខែឧសភា ស្រាប់តែធ្វើរោងមិនទាន់បានប៉ុន្មានផង ក៏មានមនុស្សប្រុសមួយក្រុម បានជិះម៉ូតូចូលទៅអុកឡុក និងគំរាមកំហែងដល់ក្រុមការងាររបស់លោក។
លោក ម៉ោញ សារ៉ាត់ បញ្ជាក់ថា គម្រោងជួបប្រជុំជាមួយសមាជិកគណបក្សសង្គ្រោះជាតិ នៅឃុំអំពិល គឺលោកបានជូនដំណឹងទៅអាជ្ញាធរដែនដី និងគណៈកម្មការរៀបចំការបោះឆ្នោតឃុំ និងខេត្ត ត្រឹមត្រូវ ហើយលោកបានចាត់ទុកមនុស្សមួយក្រុមដែលចូលទៅអុកឡុកនោះ ថាគឺរូបភាពគំរាមកំហែងផ្នែកនយោបាយ៖ « មុនដំបូង គេជិះម៉ូតូមកមានគ្នា ៣នាក់។ មកដល់ឆ្កា រ ដៃឆ្ការ ជើង ជារូបភាពគំរាម។ ខ្ញុំបានសួរគេ ប៉ុន្តែគេមិនបានប្រាប់ពីអត្តសញ្ញាណ ហើយមក ពីខាងណា ទេ »។
លោក ម៉ោញ សារ៉ាត់ អះអាងថា តាមអ្នកភូមិខ្លះដែលស្គាល់ បានប្រាប់ថាមនុស្សដែលស្លៀកពាក់ស៊ីវិល ហើយចូលទៅអុកឡុកទាំងនោះ គឺជាទាហានក្នុងកងពលតូចលេខ៥ ដែលមានទីតាំងនៅតំបន់អណ្ដូងបរ។
ទោះបីជាយ៉ាងណា អាស៊ីសេរី មិនអាចស្វែងរកការទាក់ទងមេបញ្ជាការកងពលតូចលេខ៥ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៧ ខែឧសភា។
ចំណែកអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា កាលពី ៣-៤ថ្ងៃមុន រូបលោកបានទទួលសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ ដែលសុំជួបប្រជុំជាមួយសមាជិកនៅភូមិគោកឪឡោក នោះ ហើយលោកក៏បានយល់ព្រមដោយប្រាប់ឲ្យអភិបាលស្រុកបន្ទាយអំពិល ជួយសម្រួលរាល់បញ្ហានានាទាំងអស់ ក៏ប៉ុន្តែលោកមិនដឹងថា តើមានទាហានពីណាទៅឆាឆៅនៅកន្លែងនោះនៅឡើយទេ៖ « មកទល់នឹងម៉ោងហ្នឹង ខ្ញុំអត់ទាន់ទទួល ព័ត៌ មានថាមាន ទាហានទៅ អុកឡុកអី គឺខ្ញុំ ដូចជា មិនជឿ ទេ សូមកុំឲ្យលាបពណ៌គ្នាណា »។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ លោក ជីង សំភួ ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា លោកបានទទួលព័ត៌មានថាមានមនុស្សប្រុសមួយក្រុមស្លៀកពាក់ស៊ីវិល បានទៅអុកឡុកក្រុមគណបក្សសង្គ្រោះជាតិ ដែលរៀបចំសង់រោងវេទិកានោះមែន ក៏ប៉ុន្តែលោកមិនប្រាកដថា តើមនុស្សមួយក្រុមនោះពិតជាទាហាន ឬក៏មកពីខាងណានៅឡើយ។
លោក ជីង សំភួ បញ្ជាក់ថា លោកនឹងបញ្ជាគណៈកម្មការរៀបចំការបោះឆ្នោតឃុំអំពិល ព្រមទាំងកម្លាំងប៉ូលិស ឲ្យឃ្លាំមើល និងការពារសន្តិសុខយ៉ាងត្រឹមត្រូវទៅលើគណបក្សសង្គ្រោះជាតិ ដែលនឹងជួបប្រជុំសមាជិកនៅថ្ងៃទី១៨ ខែឧសភា នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។