គណបក្សសង្គ្រោះជាតិ ស្នើឲ្យសហភាពអឺរ៉ុប បន្តតាមដានស្ថានការណ៍នយោបាយដែលកំពុងតានតឹង ហើយស្នើឲ្យសហភាពអឺរ៉ុប បន្តផ្តល់ជំនួយផ្នែកបច្ចេកទេសឲ្យទាន់ពេលវេលាសម្រាប់ត្រៀមរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ជាការឆ្លើយតប សហភាពអឺរ៉ុប បង្ហាញពីការព្រួយបារម្ភចំពោះស្ថានការណ៍បច្ចុប្បន្ន ហើយសន្យាបន្តផ្តល់ជំនួយសម្រាប់ការងាររៀបចំការបោះឆ្នោត។
ខណៈគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១៣ កុម្ភៈ ប្រជុំពិភាក្សាលើសំណើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ និងជាអ្នកទទួលបន្ទុកផ្នែកកិច្ចការបរទេសរបស់គណបក្សប្រឆាំង ទៅជួបតំណាងសហភាពអឺរ៉ុប នៅកម្ពុជា។
ថ្លែងប្រាប់អាស៊ីសេរី បន្ទាប់ពីជួបមន្ត្រីសហភាពអឺរ៉ុប អ្នកស្រី មូរ សុខហួរ ឲ្យដឹងថា ភាគីទាំងពីរជជែកពីការងារបច្ចេកទេសនៃដំណើរការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងត្រូវប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខ។
សហភាពអឺរ៉ុប ជាម្ចាស់ជំនួយផ្នែកថវិកាធំមួយដែលបានសន្យាផ្តល់ថវិកាប្រមាណ ១០លានដុល្លារ ដើម្បីទ្រទ្រង់ដល់ការងាររៀបចំការបោះឆ្នោតនៅកម្ពុជា។
គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យសហភាពអឺរ៉ុប តាមដានស្ថានការណ៍នយោបាយដែលកំពុងឡើងតានតឹង។ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ស្ថានភាពនេះអាចប៉ះពាល់ដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៖ « សូមឲ្យសហភាពអឺរ៉ុប សង្កេតមើលស្ថានការណ៍នយោបាយពេលបច្ចុប្បន្ននេះ ដែលអាចប៉ះពាល់ដល់សេរីភាពអ្នកទៅចុះឈ្មោះបោះឆ្នោត និងគណបក្សដែលមកឈរឈ្មោះបោះឆ្នោត ហើយសូមធានាឲ្យមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ »។
អ្នកស្រី មូរ សុខហួរ ឲ្យដឹងបន្ថែមថា សហភាពអឺរ៉ុប ឆ្លើយតបថា ជំនួយថវិកាដែលផ្តល់សម្រាប់ការបោះឆ្នោត បង្ហាញពីការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ចំពោះដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហើយសហភាពអឺរ៉ុប សន្យាបន្តផ្តល់ជំនួយបច្ចេកទេសដល់ គ.ជ.ប។
តំណាងរាស្ត្របក្សប្រឆាំង ក៏ស្នើឲ្យសហភាពអឺរ៉ុប ធានាពីសុក្រឹតភាពនៃបញ្ជីបោះឆ្នោត ដោយធានាសុវត្ថិភាពនៃបញ្ជីបោះឆ្នោត គ្មានការលួចចូលទៅប្រព័ន្ធគ្រប់គ្រងទិន្នន័យ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)អះអាងថា សហភាពអឺរ៉ុប កំពុងសហការបានល្អក្នុងកិច្ចការងាររៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដែលប្រជាពលរដ្ឋជាង ៨០ភាគរយបានចុះឈ្មោះ ជាការសហការល្អរវាងភាគីម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធ៖ « តួនាទីរបស់សហភាពអឺរ៉ុប ក្នុងការបោះឆ្នោតនៅកម្ពុជា គឺបានផ្តល់នូវការចូលរួមធំធេង ក្នុងនោះការផ្តល់អ្នកជំនាញ ពិតជាសហការល្អជាមួយ គ . ជ . ប »។
អ្នកស្រី មូរ សុខហួរ ក៏ស្នើឲ្យសហភាពអឺរ៉ុប ផ្តល់ថវិកាឲ្យទាន់ពេលវេលា ដើម្បីធានាដល់ប្រសិទ្ធភាពការងាររៀបចំការបោះឆ្នោត ហើយអ្នកស្រីក៏អំពាវនាវដល់សហភាពអឺរ៉ុប បន្ថែមថវិកាជួយដល់ គ.ជ.ប ដើម្បីជំរុញដំណើរការងារប្រកបដោយភាពត្រឹមត្រូវ៖ « ដើម្បីឲ្យអង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការក្នុងប្រទេស ដើម្បីអប់រំអ្នកដែលបោះឆ្នោត ឲ្យយល់ពីអត្ថន័យនៃសន្លឹកឆ្នោត ឲ្យយល់ពីអត្ថន័យនៃការបោះឆ្នោតឃុំ - សង្កាត់ »។
គ.ជ.ប ដែលជាស្ថាប័នមួយទទួលប្រាក់ជំនួយពីសហភាពអឺរ៉ុប បញ្ជាក់ថា សហភាពអឺរ៉ុប ក៏ធ្លាប់ផ្តល់ប្រាក់ជំនួយដល់ គ.ជ.ប យឺតពេល។ សហភាពអឺរ៉ុប ពន្យល់ប្រាប់ គ.ជ.ប ថា ការទម្លាក់ប្រាក់យឺតរបស់ខ្លួន ដោយសារនីតិវិធីទម្លាក់ប្រាក់ជំនួយរបស់សហភាពអឺរ៉ុប មានលក្ខណៈស្មុគស្មាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។