គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ក្រុម​ការងារ​ផ្ទៃ​ក្នុង​ដើម្បី​អភិវឌ្ឍ​កម្មវិធី​គោលនយោបាយ

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ​ ​​នៅ​ថ្ងៃ​ទី២ ​វិច្ឆិកា បាន​ប្រកាស​សេចក្ដី​​ព្រាង​​គោលនយោបាយ​អភិវឌ្ឍន៍​របស់​ខ្លួន ដើម្បី​ត្រៀម​ចូល​រួម​ប្រកួតប្រជែង​​ក្នុង​​ការ​បោះឆ្នោត​នៅ​​អាណត្តិ​ក្រោយ។ គោល​នយោបាយ​នេះ គឺ​បង្កើត​ឡើង​សម្រាប់​ដោះស្រាយ​រាល់​ជម្លោះ​ និង​លើក​កម្ពស់​យុត្តិធម៌​សង្គម។ ប៉ុន្តែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​​ប្រជាជន​អះអាង​ថា​ ​ការ​ធ្វើ​នេះ​​​ជាការ​​ត្រឹមត្រូវ ​ដើម្បី​ចូល​រួម​​ប្រកួតប្រជែង​ជា​មួយ​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយ​មើល​ឃើញ​ថា ​គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​​ដាក់​​​អំពី​កម្មវិធី​អភិវឌ្ឍ​ន៍គោល​នយោបាយ​របស់​ខ្លួន ការ​កើន​ឡើង​ក្រុម​អ្នក​ងាយ​រង​គ្រោះ និង​អយុត្តិធម៌​សង្គម​ ក្រុម​ការងារ​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​កិច្ច​ពិភាក្សា​​លើ​ការ​បង្កើត​​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​ខ្លួន​ឡើង​វិញ។ គោល​នយោបាយ​នេះ គឺ​ខុស​ប្លែក​ពី​បក្ស​ដទៃ​​ដែល​មាន​សរសេរ​យ៉ាង​ច្បាស់​ពី​កម្មវិធី​កំណែទម្រង់​សេដ្ឋកិច្ច ការ​ដោះស្រាយ​ជម្លោះ​ ដើម្បី​ឈាន​ដល់​ការ​កាត់​បន្ថយ​គម្លាត​អ្នក​មាន​និង​អ្នក​ក្រ និង​កម្មវិធី​កំណែទម្រង់​ដើម្បី​យុត្តិធម៌​សង្គម។

តំណាងរាស្ត្រ​​និង​ជា​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី២ ​វិច្ឆិកា ដែល​គាំទ្រ​ដោយ​មូលនិធិ​ ខុនរ៉ាដ អាដិននៅអ៊ែរ (Conrad Adenauer) ថា​​ ការ​កែទម្រង់​គោលនយោបាយ គឺ​ចាំបាច់​បំផុត​ដែល​បន្ថែម​ពី​លើ​គោលនយោបាយ​ចាស់ ដើម្បី​យក​ទៅ​​ឃោសនា​បោះឆ្នោត​នា​អាណត្តិ​ទី​៦ ឲ្យ​ទទួល​បាន​ជោគជ័យ។ ការ​បង្កើត​គោលនយោបាយ​​របស់​ខ្លួន​នោះ គឺ​ត្រូវ​ធានា​ឲ្យ​មាន​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស សេរីភាព​ក្នុង​ការ​រស់​នៅ និង​ការ​សាមគ្គី​គ្នា​រវាង​​អ្នក​មាន​និង​អ្នក​ក្រ។ ក្រៅ​ពី​កម្មវិធី​កំណែទម្រង់​គោលនយោបាយ​ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រៀប​ចំ​ចំណុច​អាទិភាព​ជា​ច្រើន​ទៅ​លើ​ការ​កែទម្រង់​​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​​កម្ពុជា​បច្ចុប្បន្ន ដើម្បី​កាត់​បន្ថយ​អំណាច​រវាង​​មេ​ដឹក​នាំ​គណបក្ស និង​ការ​ដឹក​នាំ​ប្រទេស៖ «សំឡេង»។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​និង​ជា​សមាជិក​សភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាន វុន ដែល​ទើប​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់ ក្រោម​ជំនួយ​មូលនិធិ​ន រ៉ាដអាដិននៅអ៊ែរ នោះ​ដែរ មាន​​ប្រសាសន៍​ថា​ ប្រទេស​អាល្លឺម៉ង់​​ ​ចង់​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ កុំ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ព្រោះ​​ការ​ប្រឈម​មុខ​ដាក់​គ្នា​នឹង​ធ្វើ​ឲ្យ​សង្គម​បែក​បាក់។ ប៉ុន្តែ​​ការ​បង្កើត​គោលនយោបាយ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​នៅ​ពេល​នេះ គឺ​ជា​​រឿង​ត្រឹម​ត្រូវ​ដើម្បី​ចូល​រួម​ការ​ប្រកួតប្រជែង​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ៖ «សំឡេង»។

ទោះ​ជា​​​យ៉ាង​ណា​ក៏​ដោយ ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ដែល​ជា​ស្ថាប័ន​រៀប​ចំ​គោលនយោបាយ​​របស់​រដ្ឋាភិបាល​​កម្ពុជា ​បាន​​វាយ​តម្លៃ​គោលនយោបាយ​សម្រាប់​ការ​អភិវឌ្ឍ​​​ប្រទេស​​រៀង​រាល់​ឆ្នាំ ក្នុង​នោះ​រួម​មាន​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ គោល​នយោបាយ​ដី​ធ្លី និង​គោលនយោបាយ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល​​ជា​ដើម។

ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក​បណ្ឌិត ម៉ី កល្យាណ មាន​ប្រសាសន៍​ថា​​ ​ការ​បង្កើត​គោលនយោបាយ គឺ​សម្រាប់​អនុវត្តន៍ ប៉ុន្តែ​បើ​ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព គឺ​ធ្វើ​ឲ្យ​គោលនយោបាយ​នោះ​គ្មាន​ប្រយោជន៍។ បច្ចុប្បន្ន​លោក​ទទួល​ស្គាល់​ថា បញ្ហា​នៅ​តែ​មាន​ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា កំពុង​អនុវត្តន៍​គោលនយោបាយ​របស់​ខ្លួន។

របាយការណ៍​រួម​គ្នា​របស់​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ បាន​រក​ឃើញ​ថា គម្លាត​អ្នក​មាន​អ្នក​ក្រ​ មាន​តែ​ធំ ចំនួន​ក្រុម​អ្នក​ងាយ​រង​គ្រោះ ដូច​ជា​អ្នក​ក្រីក្រ​ អ្នក​មាន​ជម្លោះដីធ្លី អ្នក​គ្មាន​ការងារ​ធ្វើ បាន​កើន​ឡើង​​ជា​បន្តបន្ទាប់។ បញ្ហា​ទាំង​អស់​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ចម្បង​សម្រាប់​ថ្នាក់​ដឹកនាំ​​​គណបក្ស​នយោបាយ​​ទាំង​អស់​នៅ​កម្ពុជា ​កំពុង​រៀប​ចំ​គោលនយោបាយ​របស់​ខ្លួន​ឡើង​វិញ ដើម្បី​ទាក់​ទាញ​រក​សំឡេង​ឆ្នោត ពី​ក្រុម​អ្នក​ងាយ​រង​គ្រោះ​នេះ។ ​​ស្ថាប័ន​អភិវឌ្ឍ​នៅ​កម្ពុជា រក​ឃើញ​ថា ​​ក្រុម​អ្នក​ងាយ​រង​គ្រោះ​ទាំង​នោះ​មាន​ចំនួន​ប្រមាណ​ ៩​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។