បក្ស​ប្រឆាំង​ហៅ​ការ​លុប​ចោល​តំណាង​ក្រុម​ភាគតិច​ភាគច្រើន​ជា​ការ​លុប​ចោល​ស្ថាប័ន

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​លុប​ចោល​ក្រុម​សំឡេង​តំណាងរាស្ត្រ​ភាគតិច និង​ភាគច្រើន​នៅ​ក្នុង​សភា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ មករា ថា​ជា​ការ​លុប​បំបាត់​ស្ថាប័ន​នៅ​ក្នុង​នីតិប្បញ្ញត្តិ។ រីឯ​អ្នក​វិភាគ​សង្គម​យល់​ថា ក្រុម​តំណាង​នេះ​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​ជាតិ​ទេ។

អ្នក​វិភាគ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគតិច និង​សំឡេង​ភាគច្រើន​ក្នុង​សភា​សម្រាប់​ពិភាក្សា​នយោបាយ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​លុប​ចោល​លែង​ឲ្យ​មាន​នោះ ជា​ការ​ឥត​ប្រយោជន៍៖ « តាំង​ពី​ការ​បង្កើត​យន្តការ​មួយ​ហ្នឹង​មក វា​ដូច​អត់​មាន​ឃើញ​ប្រយោជន៍​ធំ​ដុំ​សម្រាប់​សង្គម​ជាតិ​ផង ឃើញ​តែ​អ្នក​ដឹកនាំ​នៅ​តែ​បន្ត​ប្រើប្រាស់​ ល្បែង​កខ្វក់ ​ហ្នឹង​ជះ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ អ៊ីចឹង​សម្រាប់​ខ្ញុំ​វិញ ទោះ​បី​ជា​លុប​ចោល ឬ​ក៏​ទុក​ឲ្យ​នៅ​ ដូចជា​មិន ​មាន​ប្រយោជន៍​អី​សម្រាប់​សង្គម​ជាតិ​ផង ដរាប​ណា​អ្នក​នយោបាយ​ទាំង​សងខាង​មិន​បាន​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​ចូលរួម​ធ្វើ​កិច្ចការ​ហ្នឹង ដើម្បី​ប្រយោជន៍​ជាតិ »

ដោយឡែក​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៣១ មករា ថា ការ​ធ្វើ​វិសោធនកម្ម​កែ​ប្រការ​៤៨ (៣) នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ដើម្បី​លុប​ចោល​ក្រុម​សំឡេង​ភាគតិច និង​ភាគច្រើន​នោះ ថា​ជា​ការ​លុប​បំបាត់​ស្ថាប័ន​ក្នុង​នីតិប្បញ្ញត្តិ៖ « ខ្ញុំ​សុំ​ថា រឿង​ហ្នឹង​មិន​មែន​ជា​រឿង​បុគ្គល​ទេ គឺ​ជា​ការ​លុប​បំបាត់​ស្ថាប័ន។ ដូច្នេះ​ថ្ងៃ​នេះ រដ្ឋសភា​ដែល​មាន​តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ ផ្ទៃក្នុង​ប្រការ​ ៤៨ ( ) ឲ្យ​ទៅ​ជា​ដូច​ដើម ប្រការ ( ) វិញ​ហ្នឹង គឺ​មិន​មែន​ជា​ដក​តំណែង​លោក កឹម សុខា ទេ គឺ​ជា​ការ​លុប​បំបាត់​ស្ថាប័ន។ ស្ថាប័ន​នៃ​សំឡេង​ភាគតិច និង​ភាគច្រើន »

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ រំឭក​ថា ការ​កែ​ប្រការ​នេះ គឺ​មាន​គោល​បំណង​ពង្រឹង​ការងារ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សភា​ជា​ស្ថាប័ន​រឹងមាំ មាន​លទ្ធភាព​ក្នុង​ការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ និង​បម្រើ​ប្រទេស​ជាតិ ហើយ​ការ​ចែង​ប្រការ​៤៨ (៣) នោះ គឺ​ដើម្បី​សម្រាប់​អ្នក​បន្ត​វេន​ទៅ​អនាគត។

លោក ហ៊ុន សែន ថ្លែង​ថា ការ​ដែល​លោក​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ (៣) នៃ​វិធាន​ផ្ទៃ​ក្នុង​នេះ មិន​មែន​ធ្វើ​ឡើង​ក្នុង​ពេល​ខ្លី​ទេ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ មក ដែល​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ​មិន​ទទួល​យក​ការ​តែងតាំង​លោក កឹម សុខា ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា។ លោក​បញ្ជាក់​ថា លោក​មាន​មូលហេតុ​ប្រាំ​យ៉ាង ដែល​នាំ​ឲ្យ​លោក​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លុប​ប្រការ​៤៨ (៣) នៃ​វិធាន​ផ្ទៃ​ក្នុង​នោះ មាន​ជាអាទិ៍ គឺ​បណ្ដាល​មក​ពី​ការ​បកស្រាយ​ខ្លឹមសារ​ប្រការ​នេះ​ខុស​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា៖ «ទី​ពីរ ដើម្បី​បញ្ចប់​ការ​ បំពាន​អំណាច ​តាម​រយៈ​ការ​ប្រើ​យន្តការ​នេះ ពិភាក្សា​កិច្ចការ​ដែល​ជា​សមត្ថកិច្ច​តុលាការ ឬ​សមត្ថកិច្ច​រាជ​រដ្ឋាភិបាល ។ ទី​បី គឺ​ដើម្បី​បញ្ចប់​វប្បធម៌​សំឡេង​ភាគតិច​ចាប់​សំឡេង​ភាគច្រើន​ធ្វើ​ចំណាប់​ខ្មាំង​ខាង​នយោបាយ ដែល​ទាមទារ​មិន​ចេះ​ចប់ ឲ្យ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​នូវ​ពួក​ជាប់​ទោស​ព្រហ្មទណ្ឌ ។ ទី​បួន គឺ​បញ្ចប់​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​ចរចា »

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ (៣) នេះ គឺ​មិន​មែន​លុប​ចោល​តែ​តំណែង​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគតិច​ទេ គឺ​លុប​ចោល​តំណែង​ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​គណបក្ស​ទាំង​ពីរ​នៅ​តែ​មាន​វិធី​ពិភាក្សា​គ្នា៖ « ខ្ញុំ​សុំ​បញ្ជាក់​ឲ្យ​ហើយ វប្បធម៌​សន្ទនា​នៅ​តែ​មាន តាម​គណៈ​អចិន្ត្រៃយ៍​សភា​ នោះ​និយាយ ​គ្នា​ទៅ។ គណៈ​អចិន្ត្រៃយ៍ ​សភា​មាន អស់​លោក​ទេ​តើ តែ​អស់​លោក​មិន​ព្រម​មក ថ្ងៃ​ក្រោយ​មិន​បាច់​និយាយ​តែ​ម្ដង​ទៅ ។ តែ​យើង​នៅ​តែ​និយាយ ឲ្យ​តែ​គេ​មក។ តែ​ឥឡូវ​យើង​និយាយ​ជាមួយ​នរណា បើ​គេ​អត់​នៅ​ផង។ យន្តការ​សភា​វា​គ្រប់គ្រាន់​ហើយ មិន​បាច់​និយាយ​អី​ច្រើន​ទេ »

ប្រការ​៤៨ ថ្មី (៣) នៃ​បទបញ្ជា​ផ្ទៃក្នុង​សភា ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមព្រៀង​គ្នា​កែ​ពី​ប្រការ​៤៨ (២) ក្នុង​ពេល​ចរចា​គ្នា​កាល​ពី​ឆ្នាំ​២០១៤ បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត ដើម្បី​ធ្វើ​ជា​យន្តការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នយោបាយ​ជាតិ។ ប៉ុន្តែ​ពេល​នេះ ក្រុម​តំណាងរាស្ត្រ ៦៧​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​លែង​ឲ្យ​មាន​ក្រុម​តំណាង​សំឡេង​ភាគតិច និង​ភាគច្រើន​ទៀត​ហើយ។ ទោះ​ជា​លុប​ចោល​យ៉ាង​នេះ​ក្ដី គណបក្ស​ទាំង​ពីរ​នៅ​តែ​អះអាង​ថា វប្បធម៌​សន្ទនា​នឹង​នៅ​តែ​បន្ត​តាម​រយៈ​សមាជិក​គណៈកម្មការ​រដ្ឋសភា ដែល​មាន​ស្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។