បញ្ហាព្រំដែនកម្ពុជា-វៀតណាម បានក្លាយជាចំណុចដ៏តានតឹងជាថ្មីទៀត ក្រោយពីរកឃើញថា វៀតណាម បានព្យាយាមរំលោភលើអធិបតេយ្យភាពកម្ពុជា តាមរយៈរូបភាពផ្សេងៗ។ ស្ថានការណ៍ចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានផ្លាស់ប្ដូរជំហររបស់ខ្លួន ដោយបានចេញកំណត់ទូតដ៏កម្ររឿងព្រំដែននេះ ប្រឆាំងសកម្មភាពរបស់វៀតណាម។
សម្រាប់ក្រុមអ្នកឃ្លាំមើលព្រំដែនកម្ពុជា យល់ឃើញថា ការដោះស្រាយតាមយន្តការកំណត់ទូតនេះ នឹងមិនអាចបញ្ឈប់ភាគីវៀតណាម បំពានមកក្នុងអធិបតេយ្យភាពកម្ពុជា បានទេ ប្រសិនបើមិនអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបញ្ហាកម្ពុជា នោះទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា លោកសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលនៅពេលនេះ ជុំវិញបញ្ហាព្រំដែន ក៏ប៉ុន្តែការចេញកំណត់ទូតនេះ ត្រូវបានមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចាត់ទុកថា មិនទាន់គ្រប់គ្រាន់នៅឡើយទេ សំខាន់រដ្ឋាភិបាលចាំបាច់ត្រូវប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដែលមានតម្លៃជាសាកល ដើម្បីជំរុញឲ្យវៀតណាម គោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។
ការថ្លែងដូចនេះរបស់ លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឡើងក្នុងពេលជួបជាមួយតំណាងយុវជននៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា។ លោក កឹម សុខា យល់ឃើញថា បញ្ហាព្រំដែន គឺជាអាយុជីវិតស្លាប់រស់របស់ជាតិ។ ហេតុនេះ ការដោះស្រាយដោយទ្វេភាគី នឹងពុំសូវមានប្រសិទ្ធភាពប៉ុន្មាននោះទេ ជាពិសេសតាមរយៈកំណត់ទូតនេះ គឺនឹងមិនអាចធ្វើឲ្យវៀតណាម ស្ងប់ចិត្តបានឡើយ។
លោក កឹម សុខា បន្តថា រឿងដែលរដ្ឋាភិបាលត្រូវលើកទៅដោះស្រាយនោះ គឺតាមរយៈយន្តការអន្តរជាតិ ដូចជាត្រូវកោះហៅសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីកម្ពុជា ឡើងវិញ និងជម្រើសចុងក្រោយ គឺតុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ (ICJ)។ លោកបន្តថា «យើងលើកទឹកចិត្តថា រដ្ឋាភិបាលបានធ្វើហើយ ប៉ុន្តែកំណត់ទូតនេះវាមិនបានផ្លែផ្កា ទាល់តែរដ្ឋាភិបាលចាប់ប្រើប្រាស់ផ្សេងទៀត ជាពិសេសយន្តការអន្តរជាតិនៅលើសន្ធិសញ្ញាអន្តរជាតិ»។
ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៥ មិថុនា របស់ខ្លួន ដោយទទូចឲ្យក្រសួងការបរទេស កំណត់កាលបរិច្ឆេទច្បាស់លាស់ឲ្យភាគីវៀតណាម ឆ្លើយតបរឿងកំណត់ទូត ទាមទារឲ្យរដ្ឋាភិបាលផ្ដល់ផែនទីដែលប្រើប្រាស់សម្រាប់ការបោះបង្គោលព្រំដែន និងស្នើឲ្យរដ្ឋសភា កោះប្រជុំអនុម័តលុបសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
ដោយឡែក លោក អៀ ចាន់ណា សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា វិញ ហាក់ពុំមានជំនឿទាល់តែសោះថា ការដោះស្រាយតាមកំណត់ទូតដូចដែលរដ្ឋាភិបាលកំពុងធ្វើជាមួយវៀតណាម នេះ នឹងពុំអាចបញ្ចប់ការរំកិលព្រំដែនដោយរដ្ឋាភិបាលវៀតណាម បានឡើយ។ លើសពីនេះទៀត ការបង្ខំឲ្យរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម អនុវត្តគោលការណ៍ និងកិច្ចព្រមព្រៀងទាំងឡាយណាដែលភាគីទាំងពីរ បានចុះហត្ថលេខារួចហើយកាលពីឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ នោះ មិនត្រឹមតែធ្វើឲ្យវៀតណាម បានចិត្តបានថ្លើមទៀតក្នុងការរំកិលព្រំដែននោះទេ ក៏ប៉ុន្តែថែមទាំងធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ទឹកដីទាំងដែនទឹក និងដែនគោកថែមទៀតផង។ លោកបន្តថា «សន្ធិសញ្ញាឆ្នាំ១៩៨៥ នេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការផ្ទេរ ពីការអនុវត្តនៅផែនទី ១/១០០.០០០ ដែលមានតម្កល់នៅអង្គការសហប្រជាជាតិ មកលើ ១/៥០.០០០។ ដូច្នេះ នេះហើយដែលធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ទឹក ខាតបង់ទាំងដែនទឹក និងកោះ ជាដើម»។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺបានភ្លាមៗទេពីមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា។ ស្របពេលជាមួយគ្នានេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា ក៏ពុំអាចសុំការបញ្ជាក់បន្ថែមបានដែរជុំវិញរឿងព្រំដែននេះ។
បើទោះជាបែបណា នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) របស់ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កាលពីថ្ងៃទី២៤ មិថុនា បានសរសេរថា នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី២៣ ខែមិថុនា ជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកបានស្នើឲ្យវៀតណាម ត្រូវអនុវត្តគោលការណ៍ដូចដែលមានកំណត់នៅក្នុងសេចក្ដីប្រកាសរួម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ រវាងកម្ពុជា និងវៀតណាម។ បន្ថែមពីលើនេះ ស្នើឲ្យភាគីវៀតណាម កុំធ្វើអ្វីនៅក្នុងតំបន់ ដែលពុំទាន់បានបោះបង្គោលព្រំដែននៅឡើយ។
ជុំវិញរឿងនេះដែរ លោក អ៊ីសា អូស្មាន តំណាងខ្មែរឥស្លាម ធ្លាប់បានអះអាងថា ប្រវត្តិនៃការបាត់បង់នគរចម្ប៉ាកាលពីជាង ៤០០ឆ្នាំមុននោះ គឺរូបភាពដូចវៀតណាម ធ្វើមកលើកម្ពុជា សព្វថ្ងៃ។ កាលណោះ វៀតណាម ព្យាយាមរំកិលព្រំដែនតាមលទ្ធភាពរហូតបានសម្រេចជោគជ័យទាំងស្រុងនាសម័យកាលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។