បក្ស​សង្គ្រោះ​ជាតិ​គ្រោង​រំលឹក​វិញ្ញាណក្ខន្ធ​បាតុករ​នៅ​ថ្ងៃ​ទី​៣០​មីនា

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​រៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​បាតុករ​ដែល​ស្លាប់​ដោយ​ការ​គប់​គ្រាប់​បែក​នៅ​ខាង​មុខ​អតីត​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ខាង​មុខ។

ក្នុង​លិខិត​របស់​គណបក្ស​ផ្ញើ​ជូន​អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា បាន​អោយ​ដឹង​ថា គណបក្ស​នេះ​គ្រោង​នឹង​ជួប​ជុំ​ពលរដ្ឋ​ប្រមាណ ៧០០​នាក់ និង​និមន្ត​ព្រះសង្ឃ​ចំនួន ៥០​អង្គ ធ្វើ​ពិធី​បង្សុកូល​រាប់​បាត្រ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ដោយ​ការ​គប់​គ្រាប់​បែក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

លិខិត​ដដែល​ក៏​បាន​ស្នើ​សុំ​ការ​អនុញ្ញាត និង​វិធាន​ការពារ​សន្តិសុខ សុវត្ថិភាព​ពី​អភិបាល​រាជធានី។

នាយក​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ ថ្លែង​យ៉ាង​ខ្លី​ថា លោក​បាន​ទទួល​លិខិត​នោះ​ហើយ ប៉ុន្តែ​រង់ចាំ​ការ​ប្រជុំ​សម្រេច។

«សំឡេង»

កាល​ពី ១៧​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជន​ដៃ​ដល់​បាន​គប់​គ្រាប់​បែក​ចំនួន ៤​គ្រាប់ ទៅ​ចំ​កណ្ដាល​ហ្វូង​បាតុករ ដែល​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​កាត់​ដេរ ដឹក​នាំ​ដោយ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី។ ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ ដែល​ចូល​រួម​ទាមទារ​យុត្តិធម៌ និង​ឲ្យ​តុលាការ​ស្អាតស្អំ បណ្ដាល​អោយ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១០០​នាក់ បាន​រង​របួស។

អតីត​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​អន្តរជាតិ លោក រ៉ន អាប់នី ក៏​ត្រូវ​របួស​ក្នុង​ហេតុការណ៍​នោះ​ដែរ៕ IN

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។