គណបក្សសង្គ្រោះជាតិសម្រេចនៅថ្ងៃទី២៧ ឧសភា ថា ខ្លួននឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីមានការចាប់ខ្លួនប្រធានស្ដីទី លោក កឹម សុខា។
ការសម្រេចបែបនេះរបស់បក្សប្រឆាំង ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បក្សបន្ទាន់របស់ខ្លួននៅព្រឹកនេះ ក្រោយតុលាការបង្គាប់ឲ្យចាប់ខ្លួន លោក កឹម សុខា ដោយចោទប្រកាន់ពីបទល្មើសជាក់ស្ដែង នៃការមិនចូលបំភ្លឺតាមដីកាកោះរបស់តុលាការ ក្នុងនាមជា សាក្សី ក្នុងរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
សេចក្ដីសម្រេចរបស់គណបក្សនេះបន្ថែមទៀតគឺ ឲ្យថ្នាក់ដឹកនាំបក្សរបស់ខ្លួននៅមូលដ្ឋានគ្រប់រាជធានី-ខេត្ត ដង្ហែញត្តិមករាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ ឲ្យតំណាងរាស្ត្ររបស់ខ្លួនផ្អាកចូលបំពេញការងារនៅរដ្ឋសភាមួយរយៈ និងបន្តប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីស្ដារស្ថានភាពនយោបាយមកវិញ និងធានាឲ្យការបោះឆ្នោតខាង២០១៧ ២០១៨ ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
កាលយប់ថ្ងៃទី២៦ ឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីថ្លែងការណ៍មួយ និងបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ ស្វែងរកចាប់ខ្លួនលោក កឹម សុខា មកចំពោះមុខអយ្យការសាលាដំបូងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតបទល្មើសជាក់ស្ដែង ស្របតាមខ្លឹមសារមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលចែងអំពីនិយមន័យបទឧក្រិដ្ឋ ឬមជ្ឈិមជាក់ស្ដែង។
កាលពីថ្ងៃទី២៦ ឧសភា សមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃប្រមាណ២០នាក់ បានសម្រុកចូលទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ដោយមិនបញ្ជាក់ពីមូលហេតុអ្វីឡើយ ប៉ុន្តែភ្លាមៗក្រុមសមត្ថកិច្ចប្រដាប់អាវុធនេះ បានត្រឡប់ចេញវិញ ក្រោយមានការសួរនាំរកដីកាចូលផ្ទះរបស់ពលរដ្ឋ។ មុនហេតុការណ៍នោះ រថយន្តរបស់លោក កឹម សុខា ដែលប្រពន្ធរបស់លោកកំពុងធ្វើដំណើរពីគណបក្សត្រឡប់ទៅផ្ទះវិញ ក៏ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធមួយក្រុមស្ទាក់ឃាត់តាមផ្លូវនរោត្តម ក្បែរសាលាពញាហុក តែបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ក្រោយពិនិត្យមើលក្នុងរថយន្តមិនឃើញលោក កឹម សុខា។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមរបស់លោក យាង សុជាមេត្តា ដែលតាមដានព្រឹត្តិការណ៍នេះ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។