គណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និបាតក្រុមប្រឹក្សាជាតិ នៅថ្ងៃទី២៧ កក្កដា។ មេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា នៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិនេះ គណបក្សសង្គ្រោះជាតិ នឹងដាក់ទិសដៅរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ អំពីទិសដៅគណបក្សសង្គ្រោះជាតិ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
លោកក៏បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នារសៀលថ្ងៃទី២៥ កក្កដា នេះថា ប្រការដែលលោកនៅមិនទាន់បកស្រាយអំពីកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែលោកនៅរង់ចាំឆ្លងយោបល់ពីសមាជិកនៃសន្និបាតជាមុនសិន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្ដេជ្ញាចិត្តថា នៅពេលបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចូលប្រជុំសភា តំណាងរាស្ត្រគណបក្សនេះនឹងធ្វើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យបានមុនគេ ដើម្បីបញ្ចប់បញ្ហាជម្លោះនៅក្រោយពេលបោះឆ្នោត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យដឹងនៅថ្ងៃទី២៥ កក្កដា ថា ទោះបីជាគណបក្សសង្គ្រោះជាតិ យល់ព្រមចូលប្រជុំសភាហើយក្ដី តែគណបក្សសង្គ្រោះជាតិ នៅតែធ្វើប្រជាមតិប្រជាពលរដ្ឋ នៅពេលធ្វើសន្និបាតក្រុមប្រឹក្សាជាតិនៅថ្ងៃទី២៧ កក្កដា។ បើសិនជាប្រជាពលរដ្ឋទាមទារឲ្យគណបក្សសង្គ្រោះជាតិ ទាមទារអ្វីបន្ថែមទៀតទៅលើអ្វីដែលមានស្រាប់ នៅក្នុងលទ្ធផលនៃការចរចាជាមួយគណបក្សប្រជាជនកម្ពុជា នេះ គណបក្សសង្គ្រោះជាតិ នឹងបន្ថែមចំណុចដែលប្រជាពលរដ្ឋចង់បាន ដើម្បីស្នើឡើងទៀតដាក់នៅក្នុងកិច្ចព្រមព្រៀងនោះទៀត៖ «សន្និបាតគណបក្សសង្គ្រោះជាតិ ខាងមុខ ខ្ញុំនឹងដាក់ទិសដៅរបស់ខ្លួន ព្រោះឥឡូវនេះ ប្រជាពលរដ្ឋហាក់ដូចជាស្រពិចស្រពិលលើគណបក្សសង្គ្រោះជាតិ»។
លោក កឹម សុខា បញ្ជាក់ថា ការចូលស្បថកាន់តំណែងសភា ក៏អាស្រ័យទៅលើការសម្រេចរបស់ក្រុមប្រឹក្សាជាតិជាមុនសិនដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកមានប្រសាសន៍ថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមការងារ៣ទៀត ដើម្បីពិភាក្សាទៅលើចំណុចគោលធំៗទាំង៧ ដែលគណបក្សទាំងពីរបានឯកភាពក្នុងការចរចា កាលពីថ្ងៃទី២២ កក្កដា នោះ។
លោក កឹម សុខា បញ្ជាក់ថា គណៈកម្មការ៣នោះរួមមាន ក្រុមការងារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជំពូកទី១៥ ដើម្បីបញ្ចូល គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ ទី២ ក្រុមការងារវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីឲ្យសភាទទួលស្គាល់សិទ្ធិអំណាចគណបក្សប្រឆាំង និងទី៣ ក្រុមការងាររៀបចំវិសោធនកម្មច្បាប់បោះឆ្នោត។ លោកបញ្ជាក់ថា ក្រុមការងារទាំង៣ ចាប់ផ្ដើមធ្វើការងារជាមួយគ្នាចាប់ពីថ្ងៃនេះតទៅ នៅពេលក្រុមការងារទាំងបីនេះធ្វើបញ្ចប់ ទើបបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំសភា។
ការថ្លែងឲ្យដឹងរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បែបនេះ នៅបន្ទាប់ពីលោកបានចេញពីបន្ទប់សាកសួររបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ កក្កដា ទាក់ទងនឹងការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា ក្រោយពីសាកសួរតុលាការមិនបានចោទប្រកាន់លោកទេ ហើយតុលាការក៏បញ្ចប់សំណុំរឿងរបស់លោកនៅថ្ងៃទី២៥ កក្កដា នេះដែរ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សាកសួរ លោក កឹម សុខា នៅព្រឹកថ្ងៃទី២៥ កក្កដា នេះមានរយៈពេលខ្លីបំផុតខុសពីសព្វដង គឺមានរយៈពេលប្រមាណ ១៥នាទីទេ។ បញ្ហានេះ ក្រុមអ្នកច្បាប់លើកឡើងថា តុលាការបានអនុវត្តនីតិវិធីលើសំណុំរឿងរបស់ លោក កឹម សុខា នេះ គ្រាន់តែជារូបភាពបម្រើឲ្យគណបក្សនយោបាយទេ។ អ្នកច្បាប់ពន្យល់ថា បើសិនជាករណីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនត្រូវរ៉ូវគ្នាលើរឿងនយោបាយទេ លោក កឹម សុខា គេចមិនផុតពីការចោទប្រកាន់ ឬអាចឈានទៅដល់ការចាប់ខ្លួនពីតុលាការទៀតនោះឡើយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា គណបក្សជាប់ឆ្នោតទាំងពីរក្រោយពេលឯកភាពគ្នាលើបញ្ហាជម្លោះនយោបាយនេះ គណបក្សទាំងពីរត្រូវកសាងទំនុកចិត្តពីសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីទាក់ទាញអ្នកវិនិយោគ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងក្របខ័ណ្ឌនៃច្បាប់ កុំឲ្យច្បាប់កើតចេញពីឆន្ទៈអ្នកនយោបាយ និងរៀបចំឡើងវិញចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះ៖ «អ៊ីចឹង ខ្ញុំជឿជាក់ថា បើហ្នឹងជាបញ្ហាគោល បើសិនជាអាណត្តិទី៥នេះ ដើរបានជោគជ័យទាំងបីចំណុចនេះ ខ្ញុំជឿជាក់ថា គណបក្សទាំងពីរនឹងមានការគាំទ្របន្តទៀត»។
ចំពោះប្រាក់បៀវត្សបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ វិញ លោក កឹម សុខា បានឆ្លើយតបទៅ លោកបណ្ឌិត ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ថាការប្រកាសមិនផ្ដល់ប្រាក់ខែជូនសមាជិកសភាគណបក្សសង្គ្រោះជាតិ ឬមិនផ្ដល់នោះ មិនមែនគណបក្សជាអ្នកកំណត់នោះទេ គឺច្បាប់ជាអ្នកកំណត់។ តែយ៉ាងនេះក្ដី លោក កឹម សុខា បញ្ជាក់ថា បញ្ហាសំខាន់នោះមិនមែនរឿងប្រាក់ខែនោះទេ គឺថា ធ្វើយ៉ាងណាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានលទ្ធភាពធ្វើការជូនប្រជាពលរដ្ឋ និងបម្រើជាតិ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា តាមច្បាប់សភា ត្រូវបើកប្រាក់ខែឲ្យគណបក្សសង្គ្រោះជាតិ តាំងពីសភាប្រកាសបើកអង្គប្រជុំដំបូងមក ពីព្រោះប្រាក់ខែទាំងនោះ ជាថវិការបស់ជាតិ ឬរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។