គណបក្សប្រជាជនកម្ពុជា បានធ្វើកំណែទម្រង់ដ៏ធំមួយ ដោយដាក់បញ្ចូលកម្លាំងយុវជនទៅក្នុងគណៈកម្មការកណ្ដាលគណបក្ស ដើម្បីបញ្ជាក់ថា យុវជនមានឱកាសក្នុងការបញ្ចេញសមត្ថភាពដឹកនាំគណបក្សនយោបាយ និងដឹកនាំស្ថាប័នរដ្ឋផ្សេងៗទៀត ត្រៀមជំនួសមន្ត្រីបច្ចុប្បន្នដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ទៅហើយនោះ។
ទាក់ទងបញ្ហានេះ អ្នកវិភាគនយោបាយលើកឡើងថា ការផ្លាស់ប្ដូរដោយដាក់បញ្ចូលយុវជន ភាគច្រើនជាកូនចៅរបស់ខ្លួននេះ គឺមេដឹកនាំគណបក្សប្រជាជនកម្ពុជា ភ័យខ្លាចពេលខ្លួនធ្លាក់ពីអំណាច ត្រូវគេចោទប្រកាន់ និងកាត់ទោស។ ដូច្នេះ ត្រូវរៀបជើងព្រួលឲ្យហើយ ដោយដាក់កូនចៅរបស់ខ្លួន ដើម្បីការពារខ្លួននៅពេលអនាគត។
យុវជននាពេលបច្ចុប្បន្ននេះ បានសស្រាក់សស្រាំចូលរួមក្នុងសកម្មភាពសង្គម ពិសេសចាប់អារម្មណ៍ពីរឿងនយោបាយ ដោយពួកគេចង់ឃើញសង្គមរីកចម្រើនទៅមុខ។
ការផ្លាស់ប្ដូរផ្នត់គំនិតរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺសកម្មភាពដ៏ធំមួយដែលមិនធ្លាប់មានពីមុនមក ដែលមេដឹកនាំគណបក្សកាន់អំណាចបានដាក់បញ្ចូលយុវជន ដើម្បីស្នងការងារពីមនុស្សចាស់នោះ។
យុវជនកម្ពុជា ក៏ទន្ទឹងរង់ចាំការផ្ទេរការងារពីមនុស្សចាស់ឲ្យក្មេងៗធ្វើការបន្តវិញដែរ ដើម្បីឲ្យពួកគេមានឱកាសបញ្ចេញសមត្ថភាពដែលពួកគាត់ខំសន្សំចំណេះដឹង ដែលល្មមដល់ពេលឲ្យពួកគាត់ទទួលយកការងារពីមនុស្សចាស់បាន ក៏ប៉ុន្តែអ្វីៗខុសពីការទន្ទឹងរង់ចាំទៅវិញ។
អ្នកវិភាគនយោបាយលើកឡើងថា គណបក្សប្រជាជនកម្ពុជា កំពុងតែបង្ហាញកាន់តែច្បាស់ពីវប្បធម៌បក្ខពួកនិយម និងគ្រួសារនិយម ក្នុងការដាក់បញ្ចូលកូនចៅរបស់ខ្លួនទៅក្នុងគណៈកម្មការកណ្ដាលគណបក្សនោះ។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា មានប្រសាសន៍ថា ការផ្លាស់ប្ដូរមនុស្ស ឬបញ្ចូលយុវជនទៅក្នុងគណបក្សនេះជាពេលវេលាសមស្របមួយ ព្រោះថា មនុស្សនៅក្នុងគណបក្សប្រជាជនកម្ពុជា មានវ័យកាន់តែជ្រេទៅហើយនោះ។ លោក ជាង សុខា បញ្ជាក់ទៀតថា ការផ្លាស់ប្ដូរ ឬការដាក់បញ្ចូលមានទាំងកូនមន្ត្រីធំៗទៅក្នុងជួរគណបក្សនេះ មិនមែនដើម្បីប្រយោជន៍ជាតិទាំងមូលទេ បញ្ហាសំខាន់ គឺដើម្បីការពារផលប្រយោជន៍បុគ្គល ឬក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំប្រទេសតែប៉ុណ្ណោះ៖ «ការដាក់យុវជននេះ តើយុវជនទាំងនេះធ្វើការដើម្បីផលប្រយោជន៍រួម ឬដើម្បីក្រុមគ្រួសារ? ហើយការជ្រើសរើសយុវជននេះ ឮថាមានការជ្រើសរើសនៅក្នុងបន្ទប់បិទទ្វារជិត ដែលជ្រើសយកកូនក្រុមអ្នកមានអំណាច»។
នៅក្នុងមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេសកាលពីថ្ងៃទី៣១ មករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ នោះ គេបានជ្រើសតាំងសមាជិកថ្មីចំនួន ៣០៦រូប ក្នុងនោះមានអ្នកមកជំនួសអ្នកដែលស្លាប់ និងអ្នកដែលលាលែងចេញពីតួនាទីក្នុងបក្ស។ ក្នុងចំណោមសមាជិកគណៈកម្មការកណ្ដាលថ្មីទាំងនោះ មានកូនមន្ត្រីជាន់ខ្ពស់ជិត ២០នាក់ដែលជាយុវជន ដូចជា លោកឧត្តមសេនីយ៍ឯកកងទ័ព ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានិត អ្នកទាំងបីជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ត្រូវជាកូនប្រសា។
លោក យឹម លាង ជាប្រធានអង្គរក្ស លោក ជា ស៊ីម និងជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាដន្លងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ឌិត ទីណា ជាកូនរបស់ លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល។ លោក ឆាយ ឫទ្ធីសែន ជាកូនរដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវជាកូនរបស់ លោក សាយ ឈុំ អគ្គលេខាធិការគណបក្ស។ លោក គីម រិទ្ធី កូនប្រុស លោក គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ លោក ស សុខា កូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ទៀ ទីហា កូនលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក ជាម ច័ន្ទសោភណ្ឌ កូនលោកបណ្ឌិត ជាម យៀប និងលោក សំហេង បុរស កូនលោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេង ជាដើម។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការកណ្ដាល ៣០៦រូប ក្នុងនោះក៏មានយុវជនដែរនេះ ដើម្បីរួមគ្នាធ្វើការ ហើយក៏មិនមែនមានន័យថា ដាក់អ្នកថ្មី ហើយចោលអ្នកចាស់នោះទេ៖ «សមាជិកគណៈកម្មការកណ្ដាលអ្នកមានវ័យក្រោម ៥០ឆ្នាំមាន ៧០រូប ស្ត្រី ៤៥រូប អត្រាសរុបស្ត្រីកើនជាង ១០% ចំនួនសមាជិកលើសពី ៦០ឆ្នាំទៅមានជាង ៣០% យើងបង្កើនឈាមថ្មី ហើយគណបក្សប្រជាជនកម្ពុជា ក៏នៅរក្សាឈាមចាស់ដែរ»។
ទោះជាយ៉ាងនេះក្ដី ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា បានសាទរចំពោះការបញ្ចូលយុវជននេះ យ៉ាងហោចក៏មានការកែទម្រង់នៅក្នុងគណបក្សដែលមានថ្នាក់ដឹកនាំវ័យចំណាស់នេះដែរ ក៏ប៉ុន្តែការផ្លាស់ប្ដូរដោយគ្មានតម្លាភាពនេះ ធ្វើឲ្យយុវជនដែលមិនមែនជាកូនអ្នកធំ និងគ្មានបក្ខពួកនោះ គ្មានឱកាសជ្រៀតចូលនោះទេ៖ «ក្រុមគ្រួសារនិយម និងបក្ខពួកនិយមកំពុងមានស្រាប់ហើយនៅកម្ពុជា ហើយបើក្រុមវ័យក្មេងនេះនៅតែបន្តវប្បធម៌នេះទៀតនៅពេលខ្លួនដឹកនាំ នោះនឹងចូលផ្លូវចាស់របស់កម្ពុជា (អាចវិលដូចក្នុងរបបខ្មែរក្រហម)»។
ការដាក់បញ្ចូលកូនរបស់ខ្លួនឲ្យមានតួនាទីនៅក្នុងគណបក្សនេះ មិនមែនមានតែគណបក្សប្រជាជនកម្ពុជា ទេ គណបក្សប្រឆាំងក៏ត្រូវគេមើលឃើញថា មានដាក់កូនចៅឲ្យមានតួនាទីនៅក្នុងគណបក្សដែរ ដូចជា លោក គង់ បូរ៉ា ជាតំណាងរាស្ត្រ ត្រូវជាកូនរបស់ លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី។
អ្នកវិភាគលើកឡើងថា អ្នកនយោបាយខ្មែរត្រូវតែបញ្ចប់វប្បធម៌បក្ខពួកនិយម និងលើកតម្កើងកូនរបស់ខ្លួន ដើម្បីបន្តវេនដឹកនាំនេះ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច ពន្យល់ថា ការបញ្ចូលកូនថ្នាក់ដឹកនាំទៅក្នុងគណបក្សនេះ ពួកគាត់បានរៀនបញ្ចប់មកពីបរទេស ដែលនឹងអាចមានគំនិតថ្មីក្នុងការដឹកនាំ ក៏ប៉ុន្តែយ៉ាងនេះក្ដី ថ្នាក់ដឹកនាំក៏ត្រូវជ្រើសយកកូនប្រជារាស្ត្រដែលជាបញ្ញវ័ន្តដែរ៖ «កូនថ្នាក់ដឹកនាំសុទ្ធតែរៀននៅបរទេសមានសមត្ថភាព ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបង្ហាញជ្រើសយកកូនកសិករចេញពីវណ្ណៈកសិករដែរ»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ថា ការដាក់បញ្ចូលយុវជនជាកូនថ្នាក់ដឹកនាំទៅក្នុងគណបក្ស និងបញ្ជ្រាបចូលក្នុងជួររដ្ឋាភិបាលជាបណ្ដើរៗនេះ គឺក្នុងគោលបំណងការពារផលប្រយោជន៍របស់ខ្លួន និងដើម្បីបន្តវេនដឹកនាំបន្តទៀត។ លោកថា ការធ្វើដូច្នេះ អ្នកដែលគ្មានសែស្រឡាយ និងមិនមែនជាកូនអ្នកធំ គ្មានឱកាសប្រលូកចូលក្នុងឆាកនយោបាយនោះឡើយ៖ «នៅកូរ៉េខាងជើងគេផ្ទេរអំណាចជាថ្នាក់ដឹកនាំដូចជាថ្នាក់នាយករដ្ឋមន្ត្រី ប្រធានាធិបតីកូរ៉េខាងជើង នៅស្រុកខ្មែរផ្ទេរអំណាចពីឪពុកទៅកូនជាប្រព័ន្ធ ការធ្វើដូច្នេះគ្រោះថ្នាក់ណាស់នៅកម្ពុជា គ្មានការប្រកួតប្រជែងត្រឹមត្រូវ គ្មានលក្ខខណ្ឌត្រឹមត្រូវ។ មួយទៀត យុវជនខ្មែរយើងមានបទពិសោធន៍មានចំណេះដឹងមានសីលធម៌ល្អច្រើនណាស់ ដូចនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដូចគេយកទៅដើមគ្រញូងទៅដាំ ហើយគេដាក់មិនឲ្យត្រូវថ្ងៃដាក់ក្នុងបន្ទប់មិនឲ្យត្រូវថ្ងៃគេដាក់នៅកៀនជញ្ជាំងជាដើម»។
អ្នកវិភាគលើកឡើងថា បើសិនជាអ្នកនយោបាយនៅតែប្រើវប្បធម៌ការពារផលប្រយោជន៍ខ្លួន ប្រកាន់បក្ខពួក និងផ្ដល់ឱកាសឲ្យអ្នកដទៃចូលក្នុងការងាររបស់បក្ស ឬស្ថាប័នដឹកនាំកំពូលរបស់រដ្ឋ ដែលជាបង្កើនអំណាចប្រមូលផ្ដុំ បង្កើនភាពអយុត្តិធម៌ក្នុងការដឹកនាំរដ្ឋ ការពារអ្នកប្រព្រឹត្តិអំពើពុករលួយ នឹងធ្វើឲ្យមានគម្លាតអ្នកមាន និងអ្នកក្រ ដែលនឹងមានបែងចែកវណ្ណៈនៅក្នុងសង្គមកាន់តែច្រើន។ បញ្ហាទាំងនេះ នឹងធ្វើឲ្យមានបញ្ហាវឹកវរក្នុងសង្គមនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។