ភាព​អសកម្ម​របស់​បក្ស​ប្រជាជន​ក្នុង​ការ​ចូលរួម​វេទិកា​អង្គការ​សង្គម​ស៊ីវិល

អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៦ ធ្វើ​ការ​លើ​វិស័យ​ពង្រឹង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​នៅ​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​ហិរញ្ញវត្ថុ​នយោបាយ ដើម្បី​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​មួយ​ជាមួយ​គណបក្ស​នយោបាយ​ទាំង​៨ ដែល​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ពេល​ខាង​មុខ​នេះ។

0:00 / 0:00

ពិធី​ចុះ​ហត្ថលេខា​នេះ នឹង​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​គោរព​ក្រម​សីលធម៌​ក្នុង​ការ​បោះឆ្នោត និង​បង្ហាញ​ព័ត៌មាន​ដោយ​ស្ម័គ្រចិត្ត​អំពី​ចំណូល និង​ចំណាយ​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​នយោបាយ។ តែ​ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា គណបក្ស​ប្រជាជន​កម្ពុជា កម្រ​ចូលរួម​ក្នុង​កម្មវិធី​របស់​ពួក​គេ​ណាស់។

គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​មិន​ចូលរួម​ចុះ​ហត្ថលេខា​បង្ហាញ​ពី​ការ​គោរព​ក្រម​សីលធម៌ និង​តម្លាភាព​ចំណូល​ចំណាយ​ក្នុង​រដូវ​ឃោសនា ដែល​រៀបចំ​ដោយ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ឃ្លាំ​មើល​ការ​បោះឆ្នោត​នោះ​ទេ។

មន្ត្រី​ច្បាប់​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) លោក សួន យុធ្យា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​នេះ។ លោក​ថា ពិធី​នេះ​នឹង​មាន​ប្រយោជន៍​ទៅ​ដល់​ម្ចាស់​ឆ្នោត​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ជ្រើស​អ្នក​តំណាង​បក្ស ដែល​ខ្លួន​ពេញ​ចិត្ត ដោយសារ​តែ​ហ៊ាន​បើក​ចំហ​ពី​ចំណូល​ចំណាយ​ការ​ឃោសនា ដើម្បី​បញ្ជាក់​ពី​តម្លាភាព​ទៅ​ដល់​ម្ចាស់​ឆ្នោត។

គណៈកម្មាធិការ​ខុមហ្វ្រែល គ្រោង​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​ស្ដីពី​ការ​គោរព​ក្រម​សីលធម៌​ក្នុង​ការ​ឃោសនា​បោះឆ្នោត និង​ការ​បង្ហាញ​ព័ត៌មាន​ដោយ​ស្ម័គ្រចិត្ត​អំពី​ចំណូល និង​ចំណាយ​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ច័ន្ទ ទី២៤ មិថុនា។ ពិធី​នេះ​មាន​គោល​បំណង​លើក​កម្ពស់​តម្លាភាព និង​សុចរិត​ភាព​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត ដើម្បី​ចូលរួម​ចំណែក​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ខែ​កក្កដា ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​មាន​តម្លាភាព។

ឆ្លើយ​តប​បញ្ហា​នេះ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ទើប​អាច​ចូលរួម​បាន។

ផ្ទុយ​ទៅ​វិញ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​គាំទ្រ​ការ​រៀបចំ​ពិធី​នេះ។

យ៉ាង​ណា​ក៏​ដោយ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ហាក់​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​មិន​ប្រាកដ​ប្រជា​ចំពោះ​ការ​ចូលរួម​នេះ​នៅ​ឡើយ។

ពិធី​ចុះ​ហត្ថលេខា​ដូច​គ្នា​នេះ គណៈកម្មាធិការ​ខុមហ្វ្រែល ធ្លាប់​បាន​រៀបចំ​ធ្វើ​ម្ដង​រួច​មក​ហើយ​កាល​ពី​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២។ អង្គការ​នេះ​បាន​អះអាង​ថា មាន​គណបក្ស​នយោបាយ​មួយ​ចំនួន គោរព​ក្រម​សីលធម៌​ក្នុង​ការ​បោះឆ្នោត និង​បាន​ផ្ញើ​របាយការណ៍​ចំណូល​ចំណាយ​សម្រាប់​ការ​ឃោសនា ដើម្បី​បង្ហាញ​ឲ្យ​ខុមហ្វ្រែល ផ្សព្វផ្សាយ​ដល់​ម្ចាស់​ឆ្នោត​ទៀត​ផង។ ប៉ុន្តែ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ ដែល​មិន​ផ្ញើ​របាយការណ៍​ចំណូល​ចំណាយ​សម្រាប់​ការ​ឃោសនា​របស់​ខ្លួន។

សឹង​តែ​រៀង​រាល់​លើក​នៅ​ពេល​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​វេទិកា​សាធារណៈ ធ្វើ​សមាជ​ប្រជាជន កម្មវិធី​ដោះស្រាយ​បញ្ហា​ដីធ្លី បញ្ហា​អំពើ​ពុក​រលួយ និង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជាដើម តំណាង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​សូវ​បាន​ចូលរួម​នោះ​ទេ។ តួ​យ៉ាង​ក្នុង​អំឡុង​ពេល​រដូវ​ឃោសនា​រក​សំឡេង​ឆ្នោត​ជិត​មក​ដល់ អង្គការ​សង្គម​ស៊ីវិល​រៀបចំ​វេទិកា​នយោបាយ​ជា​ច្រើន​លើក ក៏​គេ​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ចូលរួម​ដែរ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​បណ្ដាញ​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត បាន​ត្អូញ​ថា លោក​មាន​ការ​លំបាក​ក្នុង​ការ​អញ្ជើញ​មន្ត្រី​ពី​គណបក្ស​ប្រជាជន​កម្ពុជា មក​ជួប​ជាមួយ​ពលរដ្ឋ​ណាស់។ លោក​ថា អ្វី​ជា​ហេតុ​ផល​សំខាន់ លោក​គិត​ថា ប្រហែល​ជា​គណបក្ស​កាន់​អំណាច​មួយ​នេះ​មិន​ហ៊ាន​ប្រឈម​ជាមួយ​ពលរដ្ឋ​រងគ្រោះ។

អ្នក​សម្រប​សម្រួល​កម្ពុជា បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ ថ្លែង​ថា ការ​សម្រេច​មិន​ចូលរួម​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ការ​បាត់បង់​ប្រជាប្រិយ​ភាព​មួយ។ លោក​ថា ទំនង​ជា​បក្ស​កាន់​អំណាច​មួយ​នេះ ខ្លាច​មិន​ហ៊ាន​ប្រឈម​ជាមួយ​ពលរដ្ឋ និង​សហគមន៍​រងគ្រោះ ដោយសារ​តែ​ការ​ខកខាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ តាម​រយៈ​ការ​សន្យា​ខ្យល់​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​នោះ។

សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា ជា​ដំណោះស្រាយ​គណបក្ស​ប្រជាជន​កម្ពុជា គួរ​តែ​ប្រើ​ឱកាស​នេះ​ផ្លាស់​ប្ដូរ​ឥរិយាបថ ដោយ​ងាក​មក​ចូលរួម​គ្រប់​សកម្មភាព​របស់​សង្គម​ស៊ីវិល ដើម្បី​ទាញ​យក​សំឡេង​គាំទ្រ​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ពី​ម្ចាស់​ឆ្នោត ដែល​ម្ចាស់​ឆ្នោត​ជា​អ្នក​សម្រេច​ជោគ​វាសនា​ប្រទេស​ជាតិ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។