នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបង្កើតគណៈកម្មការថ្មីមួយ ដើម្បីសម្របសម្រួលដោះស្រាយវិវាទព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។ សមាសភាពនៅក្នុងគណៈកម្មការថ្មីនេះ មានតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងការបរទេស ក្រសួងការពារជាតិ និងស្ថាប័នរដ្ឋមួយចំនួនទៀត។
គណៈកម្មការថ្មីដែលទើបប្រសូតឡើងនេះ មានឈ្មោះថា "គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម"។ គណៈកម្មការនេះស្ថិតនៅក្រោមអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។
តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយលោក ហ៊ុន សែន គណៈកម្មការថ្មីនេះ មានសមាសភាពចំនួន ៣៣រូបចូលរួម រាប់ទាំងលោក វ៉ា គឹមហុង លោក ឡុង វិសាលោ លោក នាង ផាត អ្នកស្រី កុយ ពិសី អភិបាលខេត្តទាំង៩ ដែលនៅជាប់ប្រទេសវៀតណាម មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាដើម។
នៅក្នុងសេចក្ដីសម្រេចដែលមានចំនួន ៧ប្រការ។ ប្រការទី២ បានចែងពីតួនាទីនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម។ ភារកិច្ចទាំងនោះមាន អនុវត្តឲ្យបានសម្រេចនូវសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងអនុស្សរណៈយោគយល់គ្នាស្ដីពីការកែសម្រួលព្រំដែនគោក ឆ្នាំ២០១១។ បន្ថែមពីលើនេះ គណៈកម្មការនេះ ក៏ដើរតួនាទីចរចាជាមួយប្រទេសវៀតណាម រៀបចំបែបបទផ្លូវច្បាប់ដើម្បីដោះស្រាយវិវាទព្រំដែន។ គណៈកម្មការនេះ ក៏នឹងចូលរួមកំណត់ការបើក និងតម្កើងច្រកព្រំដែនកម្ពុជា-វៀតណាម។ ការិយាល័យនៃគណៈកម្មការនេះ ស្ថិតនៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី ហើយមានសិទ្ធិប្រើត្រារបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
ប្រធានគណៈកម្មាធិការព្រំដែន លោក វ៉ា គឹមហុង ពន្យល់ថា មានមូលហេតុមួយចំនួននៅពីក្រោយពីការបង្កើតគណៈកម្មការថ្មីនេះ៖ «វាមិនខុសអីពីមុនទេ គ្រាន់តែផ្លាស់ប្ដូរសមត្ថភាព ព្រោះអ្នកពីដើមចាស់ៗពីដើមទៅណាបាត់អស់ហើយ មិនចេះតែដាក់ដដែលៗហ្នឹង។ ដាក់សមាសភាពថ្មីចូលរួម ព្រោះអ្នកតំណាងស្ថាប័នចាស់ខ្លះស្លាប់ ឲ្យមនុស្សថ្មីចូលរួម»។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង ដែលតែងចេញបកស្រាយរឿងផែនទីកំណត់ព្រំដែនកម្ពុជា-វៀតណាម យល់ថា គណៈកម្មការថ្មីនេះ នឹងអាចធ្វើការមានប្រសិទ្ធភាព ដើម្បីដោះស្រាយជម្លោះព្រំដែនរ៉ាំរ៉ៃ។
ទោះយ៉ាងណា មន្ត្រីបក្សប្រឆាំងនៅកំពុងរស់នៅបរទេសរូបនេះ ស្នើឲ្យលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលលោកយល់ថា វាធ្វើឲ្យប្រទេសកម្ពុជា បាត់ដីទៅប្រទេសវៀតណាម៖ «បើសិនជាមិនលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ ទេ ការធ្វើការហ្នឹងនៅតែអត់មានប្រសិទ្ធភាព អត់អាចដោះស្រាយបញ្ហាព្រំដែនខ្មែរជាមួយវៀតណាម ទេ ព្រោះយើងយកតាមសន្ធិសញ្ញាដែលកាលយួន គេគ្រប់គ្រងយើង។ បើយើងមិនចង់បាត់បង់ដី យើងត្រូវយកតាមអនុសញ្ញាកូសាំងស៊ីនឆ្នាំ១៨៧៣ ហើយបោះបង្គោលបន្ទាប់ពីហ្នឹងមកដែលមាន ១២៤បង្គោលហ្នឹង សម័យបារាំង ហ្នឹង»។
នៅថ្ងៃទី២៦ ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម សម្ពោធបង្គោលព្រំដែនចំនួននៅខេត្តរតនគិរី និងខេត្តតាកែវ។
សម្រាប់តំណាងគណបក្សប្រឆាំង លោក អ៊ុំ សំអាន វិញ លោកអះអាងថា ការបោះបង្គោលព្រំដែននៅច្រកព្រំដែនអូរយ៉ាដាវ នៃខេត្តរតនគិរី ធ្វើឲ្យភាគីកម្ពុជា ខាត៖ «បង្គោលលេខ៣០ នៅច្រកព្រំដែនអូរយ៉ាដាវ ខេត្តរតនគិរី ហ្នឹង បោះចូលមកដីខ្មែរយ៉ាងជ្រៅ។ យើងសួរចាស់ទុំដែលនៅជិតព្រំដែនហ្នឹង យើងឃើញថា ចូលមក (ដីខ្មែរ) ប្រហែល ៤០គីឡូម៉ែត្រ»។
ប្រធានគណៈកម្មាធិការព្រំដែន លោក វ៉ា គឹមហុង ថា ការដែលមន្ត្រីបក្សប្រឆាំងស្នើឲ្យលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ គឺនិយាយគ្មានមូលដ្ឋាន និងហេតុផលគ្រប់គ្រាន់៖ «ឥឡូវសន្ធិសញ្ញា១៩៨៥ លុបចោល សន្ធិសញ្ញា២០០៥ លុបចោល។ អ៊ីចឹងបានអីយកជាមូលដ្ឋានច្បាប់ ហើយកាលបានបានមូលដ្ឋានច្បាប់។ ប្រទេសយើងប៉ុណ្ណឹង យើងណាទៅបង្គាប់គេថាចង់បានអ៊ីចេះចង់បានអ៊ីចុះ។ យើងចរចាទ្វេភាគី ប្រទេសយើងឯករាជ្យ គេក៏ឯករាជ្យដែរ»។
លោក វ៉ា គឹមហុង ដែលបានចូលរួមសម្ពោធបង្គោលព្រំដែននៅថ្ងៃទី២៦ ខែធ្នូ ថ្លែងថា រដ្ឋាភិបាលបានខិតខំបោះបង្គោលព្រំដែន ដើម្បីជៀសវាងវិវាទព្រំដែននៅជំនាន់ក្រោយៗទៀត។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ផែនទីដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ដើម្បីបោះបង្គោលព្រំដែន គឺត្រឹមត្រូវស្របទៅនឹងផែនទីរបស់អង្គការសហប្រជាជាតិ របស់សហរដ្ឋអាមេរិក និងរបស់បារាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។