ម្ចាស់កាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily ចេញមុខទម្លាយការពិតស្ថិតពីក្រោយការចេញលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងថា អ្នកស្រីរងការបង្ខិតបង្ខំឲ្យសរសេរសុំទោសប្រមុខរដ្ឋាភិបាលកម្ពុជា បើទោះជាក្បត់ឆន្ទៈពិតរបស់អ្នកស្រីយ៉ាងណាក៏ដោយ ព្រោះដើម្បីជាថ្នូរកុំឲ្យគេធ្វើបាបស្វាមីអ្នកស្រីដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា។
អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បកស្រាយប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីត្រូវបង្ខំចិត្តចុះហត្ថលេខាលើលិខិតសុំទោសដែលផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងពន្ធដារ និងការបិទកាសែតអ្នកស្រី។ ថ្លែងនៅក្នុងសន្និសីទកាសែតនៅក្លឹបអ្នកកាសែតបរទេសនាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែកញ្ញា អ្នកស្រី ដេប៉្រា ថា ជំនួយការអ្នកស្រីទូរស័ព្ទយ៉ាងរន្ថាន់ប្រាប់អ្នកស្រីនៅថ្ងៃទី៩ ខែកញ្ញា នោះ ថាមានគេគំរាមឲ្យអ្នកស្រីឲ្យចុះហត្ថលេខាលើលិខិតសុំទោសលោក ហ៊ុន សែន ជាបន្ទាន់ បើមិនដូច្នេះទេ គេនឹងចាត់ការស្វាមីអ្នកស្រី៖ «នៅថ្ងៃដែលរដ្ឋាភិបាលកម្ពុជា បិទគណនីធនាគាររបស់ពួកខ្ញុំ ខ្ញុំទទួលសារបន្ទាន់មួយពីជំនួយការរបស់ខ្ញុំ។ គាត់ប្រាប់ខ្ញុំថា គេនឹងចាប់ខ្លួនប្តីខ្ញុំឈ្មោះ Dough។ គាត់ប្រាប់ថា ខ្ញុំត្រូវតែចុះហត្ថលេខាលើលិខិតសុំទោសនោះភ្លាមៗ គឺក្នុងរយៈពេល ២ម៉ោងទៀត។ បើមិនព្រមទេ គេនឹងចាប់ប្ដីខ្ញុំ»។
អ្នកស្រី ដេប៉្រា បន្តថា អ្នកស្រីគ្មានជម្រើសអ្វីក្រៅពីព្រមចុះហត្ថលេខាលើលិខិតដែលអ្នកស្រីអានមិនដាច់ ព្រោះសរសេរជាភាសាខ្មែរ ហើយអ្នកស្រីក៏មិនចេះភាសាខ្មែរនោះដែរ៖ «ខ្ញុំមិនដឹងលិខិតនោះមានន័យយ៉ាងម៉េចផង។ ខ្ញុំបារម្ភខ្លាំងជាងគេ គឺខ្លាចគេចាប់ខ្លួនប្ដីរបស់ខ្ញុំ។ ចុងក្រោយទើបខ្ញុំដឹងថា ខ្ញុំចុះហត្ថលេខាលើលិខិតដែលឲ្យខ្ញុំនិយាយសុំទោសគ្រប់យ៉ាង ទោះបីមិនមែនជាការពិតក៏ដោយ។ ឥឡូវនេះ ខ្ញុំសូមបដិសេធនូវខ្លឹមសារនៃលិខិតនោះ ព្រោះខ្ញុំមិនចេះខ្មែរទេ។ នៅពេលនោះខ្ញុំចុះហត្ថលេខាមែន ប៉ុន្តែធ្វើដោយរងការបង្ខិតបង្ខំប៉ុណ្ណោះ»។
អ្នកស្រី ដេប៉្រា បញ្ជាក់ថា អ្នកដែលរៀបចំសម្របសម្រួលខ្លឹមសារនៃលិខិតសុំទោសនេះ គឺលោក សយ សុភាព ប្រធានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលអ្នកស្រីហៅថា ជាមនុស្សចូលចិត្តធ្វើដូច្នេះដើម្បីយកមុខយកមាត់ខ្លួនគាត់។
អាស៊ីសេរី ព្យាយាមទាក់ទងសុំបំភ្លឺពីលោក សយ សុភាព ក្នុងរឿងនេះ ដោយទាក់ទងទៅជាច្រើនដង ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។ ទោះជាយ៉ាងនេះក្ដី លោក សយ សុភាព ថ្លែងប្រាប់កាសែត ឌឹ ភ្នំពេញ ប៉ុស្តិ៍ (The Phnom Penh Post) កាលពីថ្ងៃទី១៣ កញ្ញា ថា លោកមិនដឹងរឿងនេះផង។ លោក សយ សុភាព ក៏ធ្លាប់ជាប់ឈ្មោះជាអ្នកជួយសម្របសម្រួលខ្លឹមសារនៃសារលិខិតដែលបង្ខំឲ្យលោក កឹម សុខា សរសេរថ្កោលទោសលោក សម រង្ស៊ី ម្តងដែរ។ រឿងនេះក៏លោកធ្លាប់បានបដិសេធដូចគ្នា។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលឈ្មោះ ហ្វ្រេស ញូវ (Fresh News) បានចុះផ្សាយអត្ថបទទាំងស្រុងជាភាសាខ្មែរនៃសារលិខិតសុំទោសដែលមានចុះហត្ថលេខារបស់អ្នកស្រី ដេប៉្រា ដោយសរសេរថា អ្នកស្រីពិតជាសោកស្ដាយដែលមានអត្ថាធិប្បាយជាច្រើនពីមជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស បានចាត់ទុកការបិទព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី ភ្ជាប់ទៅនឹងរឿងនយោបាយ ហើយចោទរាជរដ្ឋាភិបាលថា ព្យាយាមបំបិទសិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
ខ្លឹមសារនៃសារលិខិតនេះ វាផ្ទុយទៅនឹងជំហររបស់អ្នកស្រីដែលអះអាងប្រាប់អាស៊ីសេរី និងបណ្ដាញផ្សព្វផ្សាយជាបន្តបន្ទាប់ និងស៊ីចង្វាក់គ្នាជារៀងដរាបមកដែលអ្នកស្រីតែងតែចាត់ទុកថា ចំណាត់ការរបស់រដ្ឋាភិបាលមកលើកាសែតអ្នកស្រី គឺជារឿងនយោបាយជាជាងរឿងជំពាក់ពន្ធរដ្ឋ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏មិនសង្ស័យចំពោះការចេញលិខិតដែលលោកយល់ថា មិនឆ្លុះបញ្ចាំងការពិតនៃចរិតរបស់ជនជាតិអាមេរិកនោះទេ ព្រោះជនជាតិអាមេរិកមិនចេះទន់ជ្រាយ។ លោកបញ្ជាក់ថា ឥឡូវសាមីខ្លួនគាត់បានចេញមុខមកលាតត្រដាងការពិតអ៊ីចឹងមែន៖ «ចរិតអាមេរិកជាចរិតរឹងមាំ ហើយគេប្រកាន់គោលការណ៍។ ក្រោយមកយើងបានដឹងហើយ គាត់និយាយខ្លួនគាត់ថា គេដាក់លិខិតជាភាសាខ្មែរឲ្យគាត់ស៊ីញេ គាត់ក៏ស៊ីញេដោយសាររឿងប្តីគាត់»។
ទោះជាពេលនោះអ្នកស្រីគ្មានជម្រើសអ្វីក្រៅពីបង្ខំចិត្តសរសេរលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយសង្គ្រោះស្វាមីអ្នកស្រីក៏ដោយ ក៏ពេលនេះអ្នកស្រី ដេប៉្រា មិនអាចទ្រាំលាក់ការពិតអំពីការប្រព្រឹត្តិបំពានមកលើស្ថាប័នអ្នកស្រីតទៅទៀតបានទេ។ អ្នកស្រីត្រៀមខ្លួនរួចជាស្រេចហើយថា ពេលអ្នកស្រីលាតត្រដាងការពិតក្នុងរឿងនេះ បើសិនជាគេចាប់ប្ដីអ្នកស្រី ក៏អ្នកស្រីសុខចិត្តទៅតាមការអនុវត្តរបស់អាជ្ញាធរកម្ពុជា ទៅចុះ។
ទោះជាមានលិខិតសុំទោសនេះទៅហើយក្តី ក៏អគ្គនាយកពន្ធដារ លោក គង់ វិបុល ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅនោះ ថាអ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល នៅតែត្រូវទូទាត់ថ្លៃពន្ធដែលបានជំពាក់រដ្ឋ ដោយមិនអាចយកលិខិតមួយសន្លឹកនេះជាថ្នូរនឹងការរួចខ្លួននោះទេ។
អាស៊ីសេរី ព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប៉ុន្តែនៅមិនអាចទាក់ទងបាននៅឡើយទេ នៅថ្ងៃទី១៤ ខែកញ្ញា នេះ ដោយទូរស័ព្ទចូលច្រើនលើកតែគ្មានអ្នកទទួល។
កាសែត ឌឹ ខេមបូឌា ដេលី ត្រូវបង្ខំចិត្តបិទទ្វារ នៅថ្ងៃទី៤ ខែកញ្ញា ដែលជាថ្ងៃឱសានវាទនៃការដែលត្រូវបង់ពន្ធចំនួនជាង ៦លានដុល្លារ ដែលក្នុងនោះជិត ៣លានដុល្លារ គឺជាថ្លៃការប្រាក់ដែលអាជ្ញាធរពន្ធកម្ពុជា ថាកាសែតនេះជំពាក់ ១០ឆ្នាំមកហើយ។ លោក ហ៊ុន សែន ហៅស្ថាប័នកាសែតនេះថា ជាមេចោរ។ ប៉ុន្តែអ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល អះអាងថា អ្នកស្រីមិនបានគេចពន្ធដូចការលើកឡើងនោះទេ និងថា ការកំណត់ខ្ពស់កប់ពពកបែបនេះ ជាលេសនយោបាយរបស់រដ្ឋាភិបាលដែលចង់បិទសារព័ត៌មានសេរីដ៏កម្រនៅកម្ពុជា តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។