បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ក្រើនរំឭកដល់មន្ត្រីកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងកម្ពុជា-ចិន ខណៈដែលប្រទេសចិន បានប្រកាសផ្ដល់ជំនួយផ្នែកយោធាដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៦ វិច្ឆិកា អំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅកម្ពុជា។
ជំនួយផ្នែកយោធានេះ ត្រូវបានប្រទេសទាំងពីរអះអាងថា នឹងជួយរឹតបន្តឹងចំណងមិត្តភាពផ្នែកយោធានៃប្រទេសទាំងពីរបន្ថែមទៀត។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ សម្ដែងការព្រួយបារម្ភពីការរឹតចំណងមិត្តភាពរវាងរដ្ឋាភិបាលកម្ពុជា និងចិន ពិសេសគឺការផ្ដល់ជំនួយផ្នែកយោធាមកឲ្យកម្ពុជា ជាបន្តបន្ទាប់នោះ។
លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មិនគួរឲ្យជើងចិន ស្អិតជាប់ពេកទេ ដើម្បីបង្ការគ្រោះភ័យដល់ប្រជាជនកម្ពុជា បន្ទាប់ពីប្រទេសចិន និងប្រទេសកម្ពុជា បានប្រកាសជំហររឹតបន្តឹងផ្នែកយោធាបន្ថែមទៀត ក្រោយជំនួបឧភតោភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរកាលពីសប្ដាហ៍មុន៖ «ប្រទេសកម្ពុជា មិនគួរចាប់ប្រទេសណាមួយឲ្យពិតប្រាកដ ពីព្រោះប្រទេសចិន គឺធ្លាប់ធ្វើឲ្យប្រទេសកម្ពុជា រងគ្រោះហែកហួរដោយសារប្រទេសចិន ឬក៏ការបាត់បង់ធម្មជាតិច្រើនដោយសារប្រទេសចិន»។
គេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា ប្រទេសចិន បានយល់ព្រមផ្ដល់ជំនួយយោធា ដូចជា ការផ្ដល់ប្រឹក្សាផ្នែកយោធា ការផ្ទេរសម្ភារៈយោធា និងបច្ចេកវិទ្យាយោធា ជាដើម។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានឲ្យដឹងថា សម្ភារៈនោះមានមីស៊ីលបាញ់យន្តហោះ (MANPADS) នឹងត្រូវផ្ដល់ដោយប្រទេសចិន ដើម្បីបង្កើនសមត្ថភាពយោធានៃកងយោធពលខេមរភូមិន្ទ។ លោកបន្ថែមថា ចិន យល់ព្រមជួយបណ្តុះបណ្តាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ផ្តល់ជំនួយសម្ភារៈបច្ចេកទេស រោងជាងជួសជុលនាវា ប្រព័ន្ធការពារដែនអាកាស និងការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក។ លោកបន្តថា ចិន នឹងផ្ដល់ជំនួយពង្រឹងប្រព័ន្ធទូរគមនាគមន៍ និងផ្ដល់ឧបករណ៍វិទ្យុទាក់ទង ដើម្បីជួយសម្រួល និងបង្កើនសមត្ថភាពទាក់ទងពីបញ្ជាការមួយទៅមួយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ (Xinhua) សមភាគីចិន លោក ចាង វ៉ាន់អាន (Chang Wanquan) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងថា ប្រទេសចិន និងកម្ពុជា ជាមិត្តជិតខាងជិតស្និទ្ធ ដែលមានចំណងមិត្តភាពជាយូរលង់ និងចាក់ឫសគល់មាំមួន។
បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា កម្ពុជា នៅដំណាក់កាលបច្ចុប្បន្ន កំពុងត្រូវការខ្នងបង្អែកដើម្បីការពារខ្លួនពីការគំរាមកំហែងរបស់បរទេស និងពីប្រទេសជិតខាង៖ «ប្រទេសកម្ពុជា ត្រូវការជំនួយរបស់ចិន ដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួន ដើម្បីអភិវឌ្ឍឲ្យទាន់បណ្ដាប្រទេសអាស៊ាន និងចំណុចទីពីរ ប្រទេសកម្ពុជា ត្រូវតែចាប់ចិន ទាំងយោធា ដើម្បីការពារខ្លួនពីការរំលោភបំពានណាមួយពីប្រទេសជិតខាង»។
កម្ពុជា កំពុងមានជម្លោះជាមួយប្រទេសជិតខាងវៀតណាម និងប្រទេសថៃ ជុំវិញបញ្ហាព្រំដែន ហើយកាលពីប៉ុន្មានឆ្នាំកន្លងមក កម្ពុជា មានជម្លោះជាមួយថៃ ដែលបង្កជាជម្លោះប្រដាប់អាវុធផង។ កាលពីដើមខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អះអាងថា តំបន់ព្រំដែនដាក់ដាំ គឺស្ថិតក្នុងបូរណភាពទឹកដីរបស់វៀតណាម តែមន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែនកម្ពុជា ច្រានចោលការអះអាងនេះ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន លោក ចាង វ៉ាន់អាន បានប្រាប់ លោក ទៀ បាញ់ ថា ប្រទេសចិន នឹងនៅតែបន្តការជ្រោមជ្រែងដល់ដល់កម្ពុជា អភិវឌ្ឍកងកម្លាំងប្រដាប់អាវុធ និងផ្ដល់កិច្ចសហប្រតិបត្តិការគ្រប់កម្រិត។
ទាក់ទងនឹងការបង្កើនចំណងមិត្តភាពកម្ពុជា-ចិន នេះ លោក រស់ រ៉ាវុធ កត់សម្គាល់ថា ប្រទេសចិន កំពុងត្រូវការកម្ពុជា ធ្វើជាទីតាំងភូមិសាស្ត្រនយោបាយអន្តរជាតិ ពិសេសនៅក្នុងតំបន់អាស៊ាននៅលើជម្លោះសមុទ្រចិនខាងត្បូង។ ក្រៅពីនេះទៀត ចិន ក៏ត្រូវការកម្ពុជា ជាទីតាំងដើម្បីពង្រឹងអំណាចរបស់ខ្លួនក្នុងការដឹកនាំប្រទេសបែបកុម្មុយនីស្ត នៅគ្រាដែលប្រទេសភូមា បានងាកទៅរកសហរដ្ឋអាមេរិក និងបើកឲ្យមានការបោះឆ្នោតសកលបែបប្រជាធិបតេយ្យ ដែលជាកត្តាមួយធ្វើឲ្យចិន ខកបំណង នៅពេលឃើញប្រទេសជាមិត្តរបស់ខ្លួន ងាកទៅចាប់ដៃជាមួយប្រទេសលោកសេរីនោះ។
លោក ទៀ បាញ់ កាលពីសប្ដាហ៍មុន ក៏បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនោះ មិនបានចេញសេចក្ដីថ្លែងការណ៍រួមណាមួយទេ ដោយសារក្រុមរដ្ឋមន្ត្រីទាំងនោះ បរាជ័យមិនយល់ស្របគ្នាលើការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។
ចិន ក៏បានបង្កើតវិទ្យាស្ថានទ័ពថ្មើរជើងមួយនៅខេត្តកំពង់ស្ពឺ។ វិទ្យាស្ថាននេះ ត្រូវបានគេដឹងថា ជាផែនការយុទ្ធសាស្ត្ររបស់ចិន ដើម្បីសាងសង់បន្ទាយយុទ្ធសាស្ត្រដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ជាមួយបណ្ដាប្រទេសអាស៊ាន។
កាលពីឆ្នាំ២០១៣ ប្រទេសកម្ពុជា ទិញឧទ្ធម្ភាគចក្រចំនួន ១២គ្រឿង ដែលប្រើប្រាស់ប្រាក់កម្ចីរបស់ចិន ប្រមាណ ១៩៥លានដុល្លារ ហើយឆ្នាំ២០១៤ ចិន បានផ្ដល់ជំនួយរថយន្ត ២៦គ្រឿង និងឯកសណ្ឋានយោធា ៣ម៉ឺនកំប្លេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។