នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ លោក ប្រែត អាដាម (Brads Adam) មានប្រសាសន៍ថា ប្រទេសជប៉ុន ជាប្រទេសម្ចាស់ជំនួយដ៏ធំមួយនៅកម្ពុជា ប៉ុន្តែប្រទេសនេះនៅមិនទាន់បង្ហាញជំហរណាមួយជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងភាពមិនប្រក្រតីនៃការបោះឆ្នោតនៅឡើយ។
លោកបន្តថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ មានឥទ្ធិពលនៅកម្ពុជា ដោយសារតែជំនួយរបស់ជប៉ុន។ ដូច្នោះហើយ ប្រទេសនេះត្រូវតែស្នើឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត នៅពេលលោកជួបជាលក្ខណៈទ្វេភាគីនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ប្រែត អាដាម៖ «រាជរដ្ឋាភិបាលជប៉ុន មិនបានស្នើឲ្យគណបក្សនយោបាយស្វែងរកដំណោះស្រាយនយោបាយ និងការផ្សះផ្សាជាតិ។ ជប៉ុន មិនបានជជែកឲ្យចំប្រធានបទឡើយ ដោយសារតែវិស័យការទូតបរទេសជប៉ុន តែងតែរក្សាភាពស្ងប់ស្ងាត់។ ប៉ុន្តែ ខ្ញុំគិតថា ជប៉ុន បានផ្តល់លុយ និងការគាំទ្រឲ្យកម្ពុជា ច្រើន។ ដូច្នោះហើយ ជប៉ុន មានសិទ្ធិដើម្បីនិយាយ»។
សេចក្តីថ្លែងការណ៍អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បន្តថា ការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ត្រូវបានបំផ្លាញដោយភាពមិនប្រក្រតី បណ្ដាលឲ្យការបោះឆ្នោតនេះមិនមានភាពយុត្តិធម៌ និងសេរី។ អង្គការនេះបន្តថា លោក អាបេ ត្រូវតែគោរពសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃទី២៨ មករា ដែលបានសន្យាថា វិស័យការទូតជប៉ុន អាស្រ័យទៅនឹងមូលដ្ឋាននៃសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមូលដ្ឋាន និងនីតិរដ្ឋ។
សេចក្តីថ្លែងការណ៍បន្តថា រដ្ឋាភិបាលជប៉ុន កន្លងមក តែងទំនាក់ទំនងនឹងរដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្ស ដោយមិនបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សឡើយ។ ដូច្នោះ លោក អាបេ មានឱកាសនៅកម្ពុជា ដើម្បីបង្ហាញថា ជប៉ុន ពិតជាគោរពតាមពាក្យសម្ដីរបស់ខ្លួនទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស។
អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ចង់ឃើញថា លោក អាបេ ជំរុញឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដោយមានកិច្ចសហការជាជំនួយពីសហគមន៍បរទេស ជួបជាមួយមេដឹកនាំនៃគណបក្សសង្គ្រោះជាតិ ទាមទារឲ្យការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកាន់តែប្រសើរ ធានាថា ជំនួយអភិវឌ្ឍន៍នឹងជំរុញឲ្យមានការធានាការពារសិទ្ធិមនុស្ស។
អង្គការនេះបន្តថា ប្រសិនបើជប៉ុន បន្តធ្វើព្រងើយការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ការរំលោភសិទ្ធិមនុស្សនឹងបន្ត ហើយពលរដ្ឋខ្មែររាប់លាននាក់នឹងបាត់បង់សិទ្ធិមនុស្សក្នុងការជ្រើសរើសមេដឹកនាំ តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចស្តាប់សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ដើម្បីស៊ើបអង្កេតលទ្ធផលបោះឆ្នោតឡើយ។ លោកបន្តថា ជប៉ុន នឹងមិនស្តាប់សំណើរបស់អង្គការសិទ្ធិមនុស្សឡើយ៖ «វាចង់និយាយអ្វីនិយាយទៅអា យូមែន រ៉ៃត៍ វច្ឆ៍ ហ្នឹងណ ខ្ញុំមិនឈឺក្បាលអ្វីទេ។ ខ្ញុំយកភាសា យូមែន រ៉ៃត៍ វច្ឆ៍ មកវិនិច្ឆ័យយ៉ាងម្ដេចខ្ញុំមិនយល់ទេ»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅមិនទាន់អាចកំណត់ពេលវេលាបន្តការចរចាគ្នាជាថ្មីម្តងទៀតបានឡើយ ក្រោយពេលបរាជ័យការជួបចរចាក្រុមការងារកាលពីដើមខែវិច្ឆិកា មក។ គណបក្សប្រជាជនកម្ពុជា នៅបន្តបដិសេធស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
