គណៈកម្មការ​ព្រំដែន​ថា​នឹង​ដោះស្រាយ​បញ្ហា​វៀតណាម​សង់​ប៉ុស្តិ៍​ថ្មី​នៅ​តំបន់​ស​ដោយ​សន្តិវិធី

0:00 / 0:00

រដ្ឋាភិបាល​វៀតណាម មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​កំណត់​ទូត​របស់​កម្ពុជា នៅ​ឡើយ បើ​ទោះ​បី​ក្រសួង​ការ​បរទេស ផ្ញើ​កំណត់​ទូត​ស្ដីពី​ទាហាន​វៀតណាម រំលោភ​ចូល​សង់​ប៉ុស្តិ៍​ថ្មី​នៅ​តំបន់​ព្រំដែន​ស។ ទន្ទឹម​នេះ​ដែរ អាជ្ញាធរ​ខេត្ត​រតនគិរី បញ្ជាក់​បន្ថែម​ថា វៀតណាម សង់​ប៉ុស្តិ៍​ខុស​ច្បាប់​តែ​មួយ​កន្លែង​ប៉ុណ្ណោះ នៅ​តំបន់​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​វាស់វែង។

ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​ប្រទេស​កម្ពុជា អះអាង​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ថា នឹង​ដោះស្រាយ​បញ្ហា​ទាហាន​វៀតណាម សង់​ប៉ុស្តិ៍​ខុស​ច្បាប់​នៅ​តំបន់​ស​ព្រំដែន​ខេត្ត​រតនគិរី ជាប់​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​ការ​ចរចា​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មិត្តភាព​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ។

ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា ផ្ញើ​កំណត់​ទូត​ជូន​រដ្ឋាភិបាល​វៀតណាម តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី រក​ឃើញ​ថា ទាហាន​វៀតណាម បាន​រៀបចំ​សង់​ប៉ុស្តិ៍​ថ្មី​មួយ​នៅ​ចំណុច​អូរ​កុមារ ជិត​បង្គោល​ព្រំដែន​លេខ​៣០ ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ។

ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ភាគី​វៀតណាម អាច​នឹង​ចំណាយ​ពេលវេលា​សិក្សា​ពី​ករណី​នេះ ទើប​យឺត​យូរ​ឆ្លើយ​តប​កំណត់​ទូត​កម្ពុជា។ លោក​ថា គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា គ្រោង​នឹង​លើក​បញ្ហា​នេះ​ជម្រាប​ជូន​សម​ភាគី​វៀតណាម បន្ថែម​ទៀត​ក្នុង​ជំនួប​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា៖ « យើង​ទុក​ពេលវេលា​ឲ្យ​គេ​ទៅ​ទាក់ទង​អាជ្ញាធរ​ដែនដី​គេ ដើម្បី​គេ​ពិនិត្យ​ដែល​យើង​ចោទ​ប្រកាន់​គេ​ ផង។ ឲ្យ​គេ​មើល​វែង​ឆ្ងាយ របាយការណ៍​មូលដ្ឋាន​គេ​អា​ហ្នឹង​តាម​ខ្ញុំ​ស្មាន វា​ត្រូវ​ការ​ពេលវេលា»

ចំណែក​អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ខេត្ត​បាន​ស៊ើប​អង្កេត​បន្ថែម​រួច​ហើយ​មិន​ឃើញ​មាន​ប៉ុស្តិ៍​ថ្មី​ផ្សេង​ទៀត​ដែល​វៀតណាម សង់​ក្នុង​តំបន់​ស ដូច​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ភូមិ​ឡំ នោះ​ឡើយ។ លោក​ថា អ្នក​ភូមិ​អាច​ភ័ន្ត​ច្រឡំ ពីព្រោះ​តំបន់​នោះ​មាន​ប៉ុស្តិ៍​ចាស់​មួយ​ដែល​វៀតណាម បាន​សង់​ច្រើន​ឆ្នាំ​មក​ហើយ៖ « យក​ផ្លូវ​ការ​តែ​មួយ​ទេ អា​មួយ​ថ្មី​យើង​រាយការណ៍​ទៅ​ថ្នាក់​ជាតិ​អស់​ហើយ។ មួយ​ទៀត​ប្រជាពលរដ្ឋ​គាត់​ច្រឡំ​ប៉ុស្តិ៍​ចាស់​យូរ​ហើយ»

សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។
សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។ (រូបថត​សហគមន៍)

ប្រជាពលរដ្ឋ​ភូមិ​ឡំ លោក រចំ ខាំ កាល​ពី​ថ្ងៃ​អង្គារ ទី​៩ សីហា កន្លង​ទៅ បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ថា អ្នក​ភូមិ​ដែល​ឆ្លង​ចេញ​ចេញ​ភូមិ​វៀតណាម នៅ​ជាប់​នឹង​ភូមិ​ឡំ ប្រទះ​ឃើញ​ប៉ុស្តិ៍​ថ្មី​មួយ​នោះ​មាន​ទំហំ​ប្រមាណ ១០០​ម៉ែត្រ​ក្រឡា។ បច្ចុប្បន្ន ភាគី​វៀតណាម បាន​ចាក់​គ្រឹះ និង​ចាក់​សសរ​កម្ពស់ ៤​ម៉ែត្រ​កន្លះ​នៅ​ជិត​តំបន់​វៀតណាម រំលោភ​ជីក​ស្រះ​ចំនួន​៨ កាល​ពី​ឆ្នាំ​២០១៥។

ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ងួន គឿង បញ្ជាក់​ថា តម្រួត​ព្រំដែន​បាន​ចុះ​អង្កេត​ទីតាំង​នោះ​ហើយ មិន​ឃើញ​មាន​ប៉ុស្តិ៍​ថ្មី​សាងសង់​ឡើយ។ លោក​ថា តម្រួត​ព្រំដែន​បាន​បន្ត​ឃ្លាំ​មើល​ដើម្បី​ទប់ស្កាត់​ការ​លួច​សង់​ប៉ុស្តិ៍​ណា​មួយ​នៅ​តំបន់​ស​នោះ៖ « រឿង​ហ្នឹង​តាំង​ពី​ពាក់​កណ្ដាល​ខែ​៧ មក ខ្ញុំ​បាន​រាយការណ៍​ទៅ​ក្រសួង ទៅ​លើ​រួច​ហើយ តែ​មួយ​ទេ។ ក្រែង​បង​ប្អូន​ទៅ​មិន​ដល់ ខ្ញុំ​ឲ្យ​ចុះ​ទៅ​មើល​ទៀត​រាយការណ៍​ថា​អត់​មាន​ទេ»

ប៉ុស្តិ៍​ថ្មី​ដែល​ទាហាន​វៀតណាម រំលោភ​សង់​នោះ​មាន​ទំហំ​ជាង ៣០០​ម៉ែត្រ​ក្រឡា បាន​ចាក់​គ្រឹះ និង​ត្រៀម​ចាក់​សសរ​កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ។ តម្រួត​ព្រំដែន​បញ្ជាក់​ថា បច្ចុប្បន្ន ទាហាន​វៀតណាម នៅ​តែ​ឆ្លៀត​ឱកាស​លួច​សង់​ប៉ុស្តិ៍​នោះ​បន្ត​ទៀត។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ដោយសារ​បន្ទាត់​ព្រំដែន​ចាប់​ពី​បង្គោល​លេខ​៣០ រហូត​ទៅ​ដល់​បង្គោល​លេខ​៣៨ មិន​ទាន់​វាស់វែង ទើប​ភាគី​វៀតណាម បំពាន​ចូល​តំបន់​ស​ហាមឃាត់​ជា​ញឹកញាប់។ លោក​ថា តម្រួត​ព្រំដែន និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​តំបន់​ព្រំដែន ត្រូវ​សហការ​ឃ្លាំ​មើល និង​រាយការណ៍​ទាន់​ពេលវេលា​ជូន​អាជ្ញាធរ ក្នុង​ករណី​មាន​ការ​រំលោភ​ថ្មីៗ​ទៀត​ពី​ភាគី​វៀតណាម « មាន​តែ​រួម​គ្នា​សាមគ្គី​គ្នា ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ភាគី​វៀតណាម គោរព​ច្បាប់​ស្ដីពី​បូរណភាព​ដែនដី​ជា​ដាច់ខាត»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ឡំ អះអាង​ថា រហូត​បច្ចុប្បន្ន ភាគី​វៀតណាម នៅ​តែ​បន្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​មក​ដាំ​ដំណាំ ដូចជា​សណ្ដែក ដំឡូង នៅ​តំបន់​ស អតីត​កន្លែង​វៀតណាម ជីក​ស្រះ​ចំនួន​៨ នៅ​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ ជាប់​នឹង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។