ពលរដ្ឋ​ខ្មែរ​នៅ​កាណាដា​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នៃ​ការ​បោះ​ឆ្នោត

សហគមន៍​ខ្មែរ​កាណាដា កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​សីហា ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា នៅ​ទីក្រុង​អូតាវ៉ា ដើម្បី​ដាក់​ញត្តិ​ទៅ​សមាជិក​សភា ស្នើសុំ​រដ្ឋាភិបាល​កាណាដា ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្វែង​រក​ដំណោះស្រាយ​នៃ​ការ​បោះ​ឆ្នោត និង​អនុវត្ត​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

0:00 / 0:00

សំឡេង៖ «... ហ៊ុន សែន ត្រូវ​តែ​ចុះ​ចេញ។ ចាញ់​ឆ្នោត​ត្រូវ​តែ​ចុះ​ចេញ។ ប្ដូរ​មិន​ប្ដូរ?»

មេ​ដឹក​នាំ​បាតុកម្ម លោក ជួប សំណាង មាន​ប្រសាសន៍​ថា ខ្មែរ​កាណាដា ប្រមាណ ៥០០​នាក់ រួម​ទាំង​ព្រះសង្ឃ​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កាណាដា ជួយ​ដោះស្រាយ​វិបត្តិ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ពលរដ្ឋ​ខ្មែរ​កាណាដា ក៏​ចង់​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល នៅ​ឆ្នាំ​២០១៣ នេះ និង​ប្ដេជ្ញា​គាំទ្រ​ពលរដ្ឋ​ដែល​ចូល​រួម​ចលនា​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល។

លោក ជួប សំណាង៖ «ជូន​ទៅ​ដល់​រដ្ឋសភា និង​រដ្ឋាភិបាល​នៃ​ប្រទេស​កាណាដា អំពី​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា កន្លង​ផុត​ទៅ​ថ្មីៗ​នេះ គ្មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ឡើយ...»

អ្នកស្រី ច័ន្ទ រ័ត្ន ដែល​បាន​ចូល​រួម​បាតុកម្ម​នោះ​ដែរ មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​តែ​ទទួល​ស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត និង​ចុះ​ចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០១៣៖ «ពួក​យើង​ទាំងអស់​គ្នា​នៅ​ប្រទេស​កាណាដា សូម​ឲ្យ​បង​ប្អូន​ខ្មែរ​នៅ​ក្នុង​ស្រុក​រួម​ដៃ​គ្នា​ទម្លាក់ លោក ហ៊ុន សែន ចេញ​ពី​តំណែង ពួក​យើង​ត្រូវ​ការ​សេរីភាព និង​យុត្តិធម៌ ដើម្បី​ប្រទេស​កម្ពុជា រស់​នៅ​ដោយ​មាន​សេរីភាព»

ក្នុង​ញត្តិ​ផ្ញើ​ទៅ​កាន់​តំណាង​រាស្ត្រ​កាណាដា សរសេរ​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​កំពុង​បង្កើន​កង​កម្លាំង​យោធា ដើម្បី​គំរាម​កំហែង​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ។ សហគមន៍​ខ្មែរ​កាណាដា ចង់​ឲ្យ​ប្រទេស​កាណាដា ធ្វើ​យ៉ាង​ណា​ជំរុញ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ដាក់​ពង្រាយ​កងទ័ព និង​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។